ម៉ាឡេស៊ី ៖ នៅក្នុងកិច្ចប្រជុំអាហារពេលព្រឹកដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ២០២៥ នៅ សណ្ឋាគារ Grand Millennium Kuala Lumpur ប្រទេសម៉ាឡេស៊ី បានប្រមូលផ្ដុំមេដឹកនាំលេចធ្លោមកពីសហគមន៍ធុរកិច្ចនៃម៉ាឡេស៊ី និងកម្ពុជា ។ ព្រឹត្តិការណ៍នេះផ្តោតលើការស្វែងរកឱកាស និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ ។
.jpg)
នាឱកាសដ៏វិសេសវិសាលនេះ មានកិត្តិយសនៃការអញ្ជើញចូលរួមរបស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងគណៈប្រតិភូមកពីសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា សៀ ឫទ្ធី និងជាអ្នកបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ។ គណៈប្រតិភូបានចូលរួមជាមួយអ្នកដឹកនាំធុរកិច្ចម៉ាឡេស៊ី មានតំណាងចូលរួមមកពីក្រុមហ៊ុនជាច្រើនរួមមាន MMAG, Revenue Group, Velocity Capital Partners និងក្រុមហ៊ុនផ្សេងៗទៀត ដោយផ្តោតលើការពិភាក្សាអំពីឱកាសវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា ។.jpg)
ក្នុងជំនួបនោះដែរ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានលើកឡើងពីកំណើនដ៏រឹងមាំ
នៃសេដ្ឋកិច្ចប្រទេសកម្ពុជា និងភាពអំណោយផលសម្រាប់ការវិនិយោគពីបរទេស ។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា “នេះជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគនៅប្រទេសកម្ពុជា ។ ប្រទេសរបស់យើងមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ជាមួយ បរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រ ។
អ្នកឧកញ៉ាបន្តថា បរិយាកាសធុរកិច្ចនៅកម្ពុជា គឺបើកចំហ និងតម្លាភាព ជាមួយនឹងគោលនយោបាយដែលអាចព្យាករណ៍បាន ដែលគាំទ្រអ្នកវិនិយោគបរទេស ។
អ្នកឧកញ៉ា សៀ ឫទ្ធី បានចង្អុលបង្ហាញពីភាពរឹងមាំនៃកម្លាំងពលកម្ម ដោយកត់សម្គាល់ថា កម្លាំងពលកម្ម កាន់តែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចសម្របខ្លួនបាន ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាជម្រើសប្រកួតប្រជែងក្នុងការផលិត និងសេវាកម្ម។ ការបង្កើតក្រុមហ៊ុនថ្មីនៅកម្ពុជា មានភាពរហ័សរហួនជាងប្រទេសជិតខាងជាច្រើន ដោយសារដំណើរការមានភាពរលូន ហើយរដ្ឋាភិបាលប្តេជ្ញាគាំទ្រអាជីវកម្មបរទេសគ្រប់ជំហាន”។
ជាមួយគ្នានេះ ស្ថិរភាពរូបិយបណ្ណ និងមូលដ្ឋានគ្រឹះបទប្បញ្ញត្តិដ៏រឹងមាំត្រូវបានបង្កើតឡើងជាអត្ថប្រយោជន៍ សំខាន់មួយទៀតសម្រាប់អ្នកវិនិយោគថ្មី៖ “ការវិនិយោគមានភាពងាយស្រួលក្នុងប្រទេសកម្ពុជា ហើយស្ថិរភាពនៃរូបិយបណ្ណផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេស។ បន្ថែមពីនេះ ច្បាប់វិនិយោគផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពន្ធជាច្រើន ដែលធានាបាននូវក្របខ័ណ្ឌបទប្បញ្ញត្តិរឹងមាំសម្រាប់ការវិនិយោគគ្រប់ប្រភេទ”។
.jpg)
អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានលើកឡើងអំពី សក្ដានុពលរបស់កម្ពុជាជាមជ្ឈមណ្ឌលភស្តុភារ និងការតភ្ជាប់ជាមួយអ្នកវិនិយោគម៉ាឡេស៊ីយ៉ាងដូច្នេះថា “យើងកំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពង្រីកតំបន់ពាណិជ្ជកម្មសេរីរបស់យើង។ គំនិតផ្តួចផ្តើមទាំងនេះ នឹងពង្រឹងការតភ្ជាប់និងភាពទាក់ទាញរបស់យើងសម្រាប់អាជីវកម្មអន្តរជាតិ” ។.jpg)
ជាសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំនេះ មេដឹកនាំធុរកិច្ចកម្ពុជាបានរំលឹកឡើងវិញចំពោះអ្នកចូលរួមពីប្រទេសម៉ាឡេស៊ីអំពីអត្ថប្រយោជន៍ និងពេលវេលានៃការវិនិយោគក្នុងប្រទេស ដោយកត់សម្គាល់ថា “នេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគម៉ាឡេស៊ី និងផ្តល់ការគាំទ្រចាំបាច់ទាំងអស់ សម្រាប់ភាពជោគជ័យ និងការរីកចម្រើនយូរអង្វែង ៕










