បារាំង និង វៀតណាម កាលពីថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Airbus និងកិច្ចសហការការពារជាតិ រួមជាមួយកិច្ចព្រមព្រៀងផ្សេងៗទៀតដែលមានតម្លៃសរុបជាង 10 ពាន់លានដុល្លារ។ ការចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីថ្ងៃទី26 ឧសភា ឆ្នាំ 2025។

យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសវៀតណាមដែលពឹងផ្អែកលើការនាំចេញ កំពុងមានការព្រួយបារម្ភអំពីពន្ធបដិការដែលកំណត់ដោយសហរដ្ឋអាមេរិកចំនួន 46% ។ ដូចនេះវៀតណាមកំពុងស្វែងរកប្រទេសជាដៃគូផ្សេងទៀត ដើម្បីបញ្ចៀសការនាំចេញពីអត្រាពន្ធដ៏ខ្ពស់មួយនេះ។ ជាមួយគ្នានេះដែរ ការគំរា.មដាក់ពន្ធ 50% ពីលោក Donald Trump មកលើទំនិញអឺរ៉ុប ក៏នាំឲ្យបារាំងកំពុងជំរុញឥទ្ធិពលរបស់ខ្លួនចំពេលមានហានិភ័យនៃពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិកផងដែរ។ ដូចនេះ ការធ្វើទស្សនៈកិច្ចមកកាន់វៀតណាម និងប្រទេសមួយចំនួនទៀតនៅទ្វីអាស៊ី និងអឺរ៉ុប គឺយុទ្ធសាស្ត្ររយៈពេលវែង និងសំរាប់ការរីកចម្រើនទ្វេភាគី។

នៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងបារាំង និង វៀតណាម គឺមានដូចជា៖ បញ្ជាទិញយន្តហោះ Airbus A330neo ចំនួន 20 គ្រឿង ពីក្រុមហ៊ុន Airbus, កិច្ចព្រមព្រៀងសហការរវាងក្រសួងការពារជាតិទាំងពីរ ដើម្បីពង្រឹងការសហការលើ សន្តិសុខឌីជីថល (cybersecurity), ការអភិវឌ្ឍ បច្ចេកវិទ្យានុយក្លេអ៊ែសម្រាប់គោលបំណងសន្តិភាព, កិច្ចសហការលើផ្នែកសុខាភិបាល និងឧស្សាហកម្មឱសថ, កិច្ចព្រមព្រៀងសហការក្នុងការអភិវឌ្ឍវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាអវកាស, ការពិចារណាលើផ្គត់ផ្គង់បច្ចេកវិទ្យាថ្មីសម្រាប់បណ្តាញរថភ្លើងល្បឿនលឿនដើម្បីបម្រើឲ្យឧស្សាហកម្មដឹកជញ្ជូនរវាងបារាំង និងវៀតណាម និងកិច្ចព្រមព្រៀងផ្សេងទៀតសរុបចំនួន 14 ច្បាប់ មាតម្លៃស្មើនឹង 10 ពាន់លានដុល្លាអាមេរិក។.jpg)
លោក Macron បានធ្វើសេចក្ដីថ្លែងការណ៍ទៅកាន់អនកសរព័ត៌មាន ដោយបញ្ជាក់ថាបារាំងនឹងបន្តគាំទ្រសេរីភាពខាងការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។ លោកបន្ថែមទៀតថាការចាប់ដៃគូបារាំង-វៀតណាមលើកនេះ គឺដើម្បីពង្រឹងកិច្ចសហការខាងការពារជាតិដូចដែលយើងឃើញស្រាប់ហើយថាប្រទេសទាំង២បានចុះហត្ថលេខាលើគម្រោងជាច្រើនក្នុងផ្នែកយោធា និងវិស័យអវកាសផងដែរ។
ចំណែកខាងលោកនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានលើកឡើងថា ការចាប់ដៃគូសហការជាមួយបារាំងនឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបារាំង ជាពិសេសក្នុងវិស័យ៖ បច្ចេកវិទ្យា, ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម, ការការពារជាតិ និងកិច្ចសហការលើវិស័យឧស្សហកម្មយោធា។ ប៉ុន្តែក្រៅពីនេះ បើតាមការបង្ហើបដោយរដ្ឋាភិបាលវៀតណាម គឺវៀតណាមក៏នឹងត្រូវយន្តហោះ Boeing ពីក្រុមហ៊ុនអាមេរិកឲ្យបានកាន់តែច្រើនជាងមុនផងដែរ ដើម្បីជាការសម្របសម្រួលកុំឲ្យអាមេរិកបន្តតម្លើងអត្រាពន្ធគយមកកាន់វៀតណាមខ្ពស់ពេក៕










