សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដែលធ្វើដំណើរចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ទៅកាន់ទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក ត្រូវផ្លាស់ប្តូរគោលដៅភ្លាមៗក្រោយពីអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ២កន្លែង ពេលយន្តហោះកំពុងហោះហើរលើអាកាស ។ ក្រោយយន្តហោះចុះចតដោយសុវត្ថិភាព បុគ្គលិកអាកាសចរណ៍ និងអ្នកដំណើរផ្សេងគ្នាជួយគ្នាចាប់អ្នកដំណើររូបនេះបញ្ជូនទៅពិនិត្យផ្លូវចិត្តនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJBmbAomIpc_OdSeC13Y3TPBSdCpemmdvbOTC0HAEsut2Y2bxmCEL1tWq4l8ZmAy68JHMbrnx4vk7bjgrSXqDOOj6nOzIrfKeW2uTA5-Bcd5xzFUE8U7GAsEx0LS8NMdK1KmXd1br2AAWl_ipL6IsMi_V4px7s5DcBjKjCwdXOyv-wqEq8QqIIW0oZZrFg/s660/image_2025-05-27_14-09-46.png

តាមសេចក្តីរាយការណ៍របស់ FBI និងអ្នកនាំពាក្យអាកាសយានដ្ឋាននៅទីក្រុងស៊ីតថល សហរដ្ឋអាមេរិក គឺយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋាន Haneda ប្រទេសជប៉ុន ទៅកាន់អាកាសយានដ្ឋាន George Bush Intercontinental Airport ទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក ប៉ុន្តែអ្នកដំណើរម្នាក់ពុំគោរពច្បាប់ ទើបធ្វើឱ្យយន្តហោះផ្លាស់ប្តូរគោលដៅ ។

យន្តហោះដឹកអ្នកដំណើរនេះជាប្រភេទ Boeing 787-9 Dreamliner បានហោះលើអាកាសប្រមាណ១០ម៉ោង និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma International Airport សហរដ្ឋអាមេរិក ដោយសារអ្នកដំណើរព្យាយាមបើកទ្វារយន្តហោះ ។ ប៉ុន្តែហេតុការណ៍នេះពុំបណ្តាលឱ្យអ្នកដំណើរណាម្នាក់ និងបុគ្គលិកអាកាសចរណ៍រងរបួសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAKx5DiCXmU39_WY7FHUleKPMeQISfYZ85r16-3Yj_H6hwfCzgMNxvJHmEXdU8U4CO79tzjoSFXlLy_OdxWLre9okq_QwRqTZdnPwiexAVxDNWaa2HXn0A37o4EkpTyFHAY2KUxwltPl50HVQDsOPmNoCmUYlQ-3_SzjOOn5rgmnivPyDeSEF_S5MGKx-z/s1200/image_2025-05-27_14-09-45%20(2).png

ចំណែកក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បញ្ជាក់ថា ក្រោយពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma រួចហើយ ស្រាប់តែអ្នកដំណើរម្នាក់ទៀតមានអាកប្បកិរិយាពុំសមរម្យដើរទៅធាក់ទ្វារបន្ទប់ទឹក ដោយសារពុំពេញចិត្តនឹងយន្តហោះផ្លាស់ប្តូរគោលដៅ ។ ក្រោយមក សមត្ថកិច្ចក៏នាំខ្លួនអ្នកដំណើរធាក់ទ្វារបន្ទប់ទឹកចុះពីយន្តហោះ ខណៈអ្នកដំណើរផ្សេងទៀតបានជិះយន្តហោះចាកចេញពីអាកាសយានដ្ឋាន Seattle-Tacoma ទៅទីក្រុងហ៊ូស្តុន ។ ប៉ុន្តែគ្មានការចោទប្រកាន់អ្នកដំណើរទាំង២រូប ដែលធ្វើឱ្យចលាចលលើយន្តហោះទេ ។

រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) បានកំណត់គោលការណ៍ពិន័យប្រាក់អ្នកដំណើរទាំងឡាយណាដែលមានអាកប្បកិរិយាពុំសមរម្យលើយន្តហោះ ក្រោយពីករណីដូចគ្នានេះកើតឡើងជាច្រើនកាលពីឆ្នាំ២០២១ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg09Bb-yXlFwJwBMKVZa12VfIGGwzg7cJ08L2W7qOBUMiejT7PTm_87KxNbyjGAwVK9658IPsFEbitEuY9XHU0j7DTntoGkFpBwRwXvxaKD_05osDaHI4VZsw414f_Ici35TXR4kN22Ci6roIGpD2SE6L85EXPTIhdrqP-qyG8Y4WpeTdaR19rq7S73wN8E/s960/image_2025-05-27_14-09-45.png
គួរបញ្ជាក់ថា ហេតុការណ៍ដូចគ្នានេះបានកើតឡើងកាលពីខែមេសា ឆ្នាំ២០២៥ នៅលើយន្តហោះដឹកអ្នកដំណើរជាង២០០នាក់ ដែលហោះហើរចេញពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី ទៅកាន់ទីក្រុងមែនប៊ន ប្រទេសអូស្ត្រាលី ។ យន្តហោះនេះបានផ្លាស់ប្តូរគោលដៅជាបន្ទាន់ ដោយសារអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ ពេលយន្តហោះកំពុងហោះលើមហាសមុទ្រឥណ្ឌា ៕