លោកទ្រី សក្កដា ហៅ អាដា សក្កដា បានចេញវីដេអូយ៉ាងក្តៅគគុកទៅលើការរៀបចំកម្មវិធី ប្រកួត Miss Queen Cambodia ជាពិសេសអ្នកគ្រប់គ្រងកម្មវិធីនេះដែលមិនផ្តល់ តម្លៃភាពយុត្តិធម៌ទៅកាន់ Miss Queen Cambodia 2024។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចោទសួរអ្នករៀបចំកម្មវិធី យកលុយម្ចាស់ឧបត្ថម្ភទៅណាបានជា មានអ្នកឧបត្ថម្ភច្រើនប៉ុន្តែការរៀបចំមិនសូវល្អគ្មានការអាប់ដេតឱ្យល្អប្រសើរឡើយ។

កាលពីយប់ថ្ងៃទី២៥ អាដា សក្កដា បានចេញវីដេអូជាង៥នាទីដោយបានដាក់ចំណងជើង ថា ផ្ញើជូនយាយប៉ិ ND កំពូលស្ងាត់ ធ្វើអត់ដឹងខ្យល់អី ! ស៊ូៗណាអូន ហានី»។ នៅក្នុងវីដេអូលោកបាននិយាយថាកម្មវិធី Miss Queen Cambodia ឃើញមានភាព រយ៉េរយ៉ៃតាំងពីឆ្នាំមុនមានម្ចាស់ជ័យលាភីពីររូបមិនដឹងថាអ្នកណាអ្នកឈ្នះពិតប្រាកដ ហើយអ្នកទាំងពីរលោកសុទ្ធតែស្គាល់គឺនៀន នៀន និង ហានី។ លោក បានបន្តទៀតថា នៅឆ្នាំនេះដឹងថាខែនេះខែភ្លៀងហើយបែររៀបចំកម្មវិធី Out Door ដោយមិនដឹងថាការធ្វើនៅទីនោះអត់អស់លុយឬយ៉ាងមិច។
សក្កដា បាននិយាយថាកាលពីឆ្នាំមុនៗធ្វើកម្មវិធី Miss Queen Cambodia គ្មានអ្នកឧបត្ថម្ភ ប៉ុន្តែឆ្នាំនេះ sponsor ច្រើនយកលុយទៅណាម្តេចមិនធ្វើឱ្យសមរម្យបន្តិច ធ្វើឱ្យកម្មវិធីរអាក់រអួល។ លោកថាឆាកកម្មវិធីនេះអន់ជាងឆាកធ្វើកម្មវិធីសង្ក្រាន្តតាម សាលាមួយចំនួនទៀតយកលុយទៅណាម្តេចមិនរៀបឆាកឱ្យស្អាត បើមេក្រូបាសដូចជាដាក់នៅតាមភូមិពីរោះជាងនេះ។
អ្នកនិពន្ធបទចម្រៀងរូបនេះបានបន្ថែមទៀតថា អ្នករៀបចំកម្មវិធី Miss Queen Cambodia គួរតែយកមតិរបស់គេយកទៅកែលម្អ។ ក្នុងនោះ សក្កដា ក៏បាននិយាយអំពីភាពមិនយុត្តិធម៌ទៅកាន់ ហានី ដែលជា Miss Queen Cambodia 2024 ប៉ុន្តែមិនទទួលបានការឱ្យតម្លៃនៅក្នុងកម្មវិធីមិនបាននិយាយពាក្យពេចន៍ការលាតំណែងរបស់ខ្លួន មិនបានជាអ្នកបំពាក់មកុដថ្មីទៅកាន់ ផេនខេក ដែលជា Miss Queen Cambodia 2025 បែរឱ្យអ្នកផ្សេងបំពាក់មកុដឱ្យ ផេន ខេក ទៅវិញ។
គួរបញ្ជាក់ផងដែរថា Miss Queen Cambodia 2025 គឺស្ថិតក្រោមការរៀបចំរបស់ក្រុមហ៊ុន Cambodia International Models ហៅកាត់ថា CIM ដែលមានលោក ម៉ែន និមលរ័ត្ន គឺជានាយក៕
		
	









