ប្រទេសថៃ ៖ សារព័ត៌មានថៃ Daily News រាយការណ៍ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលចេញដំណើរពីអាកាសយានដ្ឋានខេត្តភូកេត ទៅកាន់អាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក កើតចលាចលធ្វើឱ្យយន្តហោះចុះចតជាបន្ទាន់ ក្រោយពីអ្នកដំណើរម្នាក់ និយាយថា «ប្រយ័ត្នគ្រាប់បែ.កផ្ទុះ» ។ ការនិយាយពាក្យហាមឃាត់នេះធ្វើឱ្យអ្នកដំណើរផ្សេងទៀតភ័យរត់ប្រសាច ក្រោយមក សមត្ថកិច្ចក៏ចាប់ខ្លួនអ្នកដំណើររូបនេះដើម្បីចាត់ការតាមច្បាប់ ។
ហេតុការណ៍ចលាចលបានកើតឡើងនៅអាកាសយានដ្ឋានភូកេត (Phuket International Airport) ដោយសមត្ថកិច្ចទទួលបានការជូនដំណឹងពីភ្នាក់ងារអាកាសយានដ្ឋានភូកេត ថា មានអ្នកដំណើរម្នាក់និយាយពាក្យ «គ្រាប់បែកផ្ទុះ» ពេលកំពុងជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ជើងហោះហើរ FD3092 ដែលចេញដំណើរពីអាកាសយានដ្ឋានភូកេត ទៅកាន់អាកាសយានដ្ឋានដនមឿង ។
ពេលទទួលបានដំណឹងភ្លាម សមត្ថកិច្ចក៏បានមកត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយក្រោយការត្រួតពិនិត្យឃើញថា អ្នកដំណើរនិយាយពាក្យហាមឃាត់លើយន្តហោះ គឺលោក ថាណាវុត អាយុ៦៣ឆ្នាំ ជនជាតិថៃ ដែលកំពុងជិះយន្តហោះត្រឡប់ទៅទីក្រុងបាងកក វិញ ។ ពេលយន្តហោះវឹលកង់បានបន្តិច លោក ថាណាវុត ក៏បានយកកាបូបស្ពាយពណ៌ខ្មៅរបស់ខ្លួនដាក់នៅផ្នែកខាងលើកៅអីអង្គុយ ហើយលោកនិយាយទៅកាន់នារីអាកាសចរ (អូតេស) ថា ៖ «ប្រយ័ត្នគ្រាប់បែកផ្ទុះក្នុងកាបូប» ។.jpg)
ពាក្យនេះធ្វើឱ្យនារីអាកាសចរ និងអ្នកដំណើរផ្សេងទៀតភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយនារីអាកាសចរបានប្រាប់ទៅអាកាសយានិក ។ អាកាសយានិកក៏រាយការណ៍ទៅភ្នាក់ងារអាកាសយានដ្ឋានភូកេត និងចុះចតយន្តហោះជាបន្ទាន់ ដើម្បីឱ្យអ្នកដំណើរចំនួន២០០នាក់ ចុះពីលើយន្តហោះ និងពិនិត្យសម្ភារៈរកគ្រាប់បែក ។ បន្ទាប់មក ក្រុមដោះគ្រាប់បែក (EOD) របស់អាកាសយានដ្ឋានភូកេត ក៏ឆែកឆេរខ្លួនអ្នកដំណើរទាំងអស់ និងសម្ភារៈយ៉ាងលម្អិត ប៉ុន្តែរកពុំឃើញគ្រាប់បែកទេ ។
បន្ទាប់ពីស្ថានការណ៍ល្អប្រសើរឡើងវិញ អាកាសយានដ្ឋានភូកេត និងក្រុមហ៊ុនអាកាសចរណ៍ Air Asia ក៏អនុញ្ញាតឱ្យអ្នកដំណើរទាំងអស់ឡើងយន្តហោះចាកចេញពីអាកាសយានដ្ឋានភូកេត ។ រីឯលោក ថាណាវុត ដែលធ្វើឱ្យយន្តហោះជ្រួលច្របល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត ។
គួរបញ្ជាក់ថា បើស្ថិតនៅអាកាសយានដ្ឋាន ឬលើយន្តហោះ សូមកុំនិយាយពាក្យទាំងនេះឱ្យសោះ ទោះនិយាយលេងសើចក៏ដោយ រួមមាន ៖ គ្រាប់បែកផ្ទុះ, ប្រយ័ត្នគ្រាប់បែកផ្ទុះ, ភេរវកម្ម, ប្លន់យន្តហោះ និងយន្តហោះធ្លាក់ ។ ក្រៅពីនេះ ការសរសេរសារ ឬទង្វើផ្សេងៗ ដែលអាកាសយានដ្ឋានមើលឃើញថា គឺជាការគំរាមកំហែង ក៏ត្រូវហាមឃាត់ដែរ ហើយការនិយាយ និងផ្ញើសារពាក្យហាមឃាត់ គឺប្រឈមនឹងជាប់ពន្ធនាគារ ៕










