ចាប់ពីចុងខែមេសា រហូតដល់ខែតុលា អាកាសធាតុនៅប្រទេសកម្ពុជាបានឈានចូលដល់វស្សា ឬហៅថា «Low Season» គឺជារដូវកាលដែលមិនសូវសម្បូរភ្ញៀវទេសចរអន្តរជាតិមកលេងច្រើនកុះករឡើយ ព្រោះវាជាពេលវេលាដែលប្រទេសជាច្រើនជាពិសេសប៉ែកអឺរ៉ុបកំពុងមមារញឹកខ្លាំងនឹងការងារ ឬការរៀនសូត្រទើបមិនមានពេលដើរកម្សាន្ត។ ប៉ុន្តែនៅក្នុងចន្លោះពេលនេះ បណ្ដារប្រទេសនៅអាស៊ីអាគ្នេហ៍ជាពិសេសប្រទេសកម្ពុជា ចាប់ផ្ដើមលេចចេញនូវទេសភាពបៃតងខៀវខ្ចីដែលបានមកពីការលាស់ត្រួយ ពន្លក ស្លឹករុក្ខជាតិថ្មីៗ បង្កើតជាទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាតគួរឲ្យទាក់ចិត្ត។ .png)
តំបន់ទេសចរណ៍ធម្មជាតិជាច្រើនកាន់តែមានសម្រស់ត្រកាលនៅក្នុងរដូវនេះ។ ក្នុងនោះរួមមានទាំងភ្នំ ព្រៃឈើ ទឹកធ្លាក់ ឬសូម្បីតែតាមបណ្ដាយផ្លូវជាតិធ្វើដំណើរក៏មានទេសភាពទាក់ទាញមិនធម្មតាផងដែរ។ ពេលនេះ ជាពេលដែលស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តរយៈពេលខ្លីរបស់ភ្ញៀវទេសចរក្នុងស្រុក ក្នុងការដកឃ្លាពីភារកិច្ចដ៏មមារញឹកប្រចាំថ្ងៃដោយងាកទៅលំហែរអារម្មណ៍ជាមួយសម្រស់ធម្មជាតិវិញម្ដង ជាពិសេសគឺអ្នករស់នៅក្នុងទីក្រុងដែលពោរពេញដោយសម្លេងឡានម៉ូតូកកស្ទះឥតលោះថ្ងៃ។
ដូច្នេះតស់! មកដឹងពីទីតាំងចំនួន ៤កន្លែង នៅក្នុងខេត្តកំពតដែលមានទេសភាពស្រស់ស្អាតខ្លាំងនៅរដូវកាលនេះ ដូចខាងក្រោម៖
១. ភ្នំកំពង់ត្រាច ៖ គឺជាភ្នំថ្មដ៏ល្បីល្បាញនៃភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ។ មិនថាបរិវេណជុំវិញភ្នំ ឬនៅលើភ្នំ រុក្ខជាតិតូចធំចាប់ផ្ដើមលាស់យ៉ាងស្រស់បំប្រង។ បើអ្នកបានឡើងទៅទស្សនាទិដ្ឋភាពពីលើភ្នំចុះមកក្រោម ធានាថានឹងជាប់ចិត្តជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ប្រៀបបាននឹងគំនូរ។ ក្រៅពីនេះ នៅខាងក្រោមក៏មានល្អាងដែលមានទឹកថ្លា ត្រជាក់ អាចឲ្យអ្នកទេសចរចុះងូតផងដែរ។ .png)
២. ភ្នំបូកគោ ៖ ស្របពេលដែលមានភ្លៀងធ្លាក់ញឹកញាប់បែបនេះ ទេសភាពនៅលើកំពូលភ្នំបូកពិតជាអស្ចារ្យណាស់ ដោយសារតែភ្នំខ្ពស់ខ្លាំង ហើយរាល់ពេលដែលមេឃចង់ភ្លៀង ឬចាប់ផ្តើមរលឹមម្តងៗ ពពកចុះទាប បីដូចជាឋានសួគ៌លើដី អាចឱ្យយើងប៉ះផ្ទាល់បាន។ ទិដ្ឋភាពបែបនេះ កើតមានតែពេលអាកាសធាតុត្រជាក់ខ្លាំង និងពេលរលឹមប៉ុណ្ណោះ។ គោលដៅថតរូបដែលមានប្លង់ស្អាតៗបំផុតគឺនៅទីតាំងលោកយាយម៉ៅ, ព្រះវិហារកាតូលិក, វត្តសំពៅប្រាំ, កាស៊ីណូចាស់ និងបឹងធម្មជាតិដែលមាននៅលើនោះ។ គួរបញ្ជាក់ថា ប្រសិនបើធ្វើដំណើរឡើងភ្នំនេះដោយជិះម៉ូតូ សូមកុំភ្លេចត្រៀមអាវភ្លៀងដាក់តាមខ្លួនផង។
៣. ទំនប់ប្រទក្សក្រឡា ៖ គឺជារមណីយដ្ឋានមួយដែលមានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញ៉ាំអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ ជិះទូក ជិះទា កម្សាន្តលើផ្ទៃទឹក។ ចំពោះអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ បរិយាកាសបែបនេះពិតជាមានក្ដីសុខណាស់។.png)
៤. ភ្នំទឹកធំ ៖ ដ្បិតថាមានទីតាំងដាច់ឆ្ងាយជាងគេបន្តិចធៀបទៅនឹងទីតាំងដែលបានរៀបរាប់ខាងលើ ប៉ុន្តែពេលបានទៅដល់ភ្នំនោះកាលណា ធានាថាអ្នកនឹងជាប់ចិត្តជាមួយទេសភាពធម្មជាតិដែលគយគន់យ៉ាងណាក៏មិនជិនណាយ។ ខណៈដែលមានទឹកព័ទ្ធជុំវិញភ្នំនារដូវនេះ អ្នកអាចដើរលំហែអារម្មណ៍តាមស្ពានឈើ ទស្សនាសត្វស្លាប និងធម្មជាតិជុំវិញខ្លួន ឬក៏ជិះទូកចូលទស្សនាទិដ្ឋភាពល្អាងក្រោមភ្នំក៏បានផងដែរ។ .png)
ក្រៅពីតំបន់ទាំងនេះក៏មានតំបន់ផ្សេងទៀតជាច្រើនដូចជា សហគមន៍ត្រពាំងសង្កែ, ភូមិក្តាត, ទឹកធ្លាក់អន្លង់ខៀវ ឬទឹកធ្លាក់តាដា ដែលសុទ្ធសឹងតែជាទីតាំងទេសចរធម្មជាតិមានទេសភាពស្រស់ស្អាត និងគួរឲ្យទៅកម្សាន្តផងដែរ៕










