បរទេស ៖ មនុស្សជាច្រើនបាននាំគ្នាងាកមកចាប់អារម្មណ៍នឹងអាជីពមួយដែលទទួលបានប្រាក់ចំណូលខ្ពស់ ថែមទាំងទទួលបានអាហារ និងទីកន្លែងស្នាក់នៅឥតគិតថ្លៃផងដែរ ការងារនោះគឺធ្វើជាម៉ែដោះរបស់សត្វខ្លាឃ្មុំនៅក្នុងសួនសត្វ។
ការងារជាម៉ែដោះរបស់ផេនដា កំពុងទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សមនុស្សទូទៅជាខ្លាំង ព្រោះពួកគេនឹងអាចទទួលបានប្រាក់ចំណូលចាប់ពី 20,000 ដុល្លារ ទៅ70,000ដុល្លារឯណោះក្នុងមួយឆ្នាំ អាស្រ័យតាមបទពិសោធ និងជំនាញក្នុងការបំពេញតួនាទីរបស់បុគ្គលិកម្នាក់ៗ។ លើសពីនេះ វាមានការគួរឲ្យចាប់ខ្លាំងដោយសារ គេអាចស្និតស្នាលជាមួយសត្វខ្លាឃ្មុំផេនដាដ៏គួរឲ្យស្រលាញ់ផងដែរ។

ការងារនេះមានតែនៅតាមប្រទេសមួយចំនួនដែលមានសត្វខ្លាឃ្មុំផេនដាប៉ុណ្ណោះ។ ជាក់ស្ដែងវាមានច្រើននៅក្នុងប្រទេសចិន, សហរដ្ឋអាមេរិក, ជប៉ុន, អូស្រ្តាលី, និងអាល្លឺម៉ង់ជាដើម។ សម្រាប់ប្រទេសចិន មជ្ឈមណ្ឌលការពារ និងស្រាវជ្រាវសត្វខ្លាឃ្មុំផេនដា នឹងផ្ដល់ប្រាក់ថ្លៃកម្លាំងពលកម្មដល់បុគ្គលិកដែលមើលថែសត្វនេះប្រហែល 32,000ដុល្លារក្នុងមួយឆ្នាំ ឬស្មើ 2,600ដុល្លារជាងក្នុងមួយខែ។ ក្រៅពីនេះ ពួកគេក៏នឹងទទួលបានអាហារ ព្រមទាំងកន្លែងស្នាក់នៅដោយឥតគិតថ្លៃទៀតផង។
ដោយឡែកនៅក្នុងសហរដ្ឋអាមេរិកក៏មានសួនសត្វដែលមានខ្លាឃ្មុំផេនដានេះដែរ ហើយពួកគេផ្ដល់ប្រាក់បៀវត្សន៍ដល់អ្នកមើលថែផេនដាក្នុងម្នាក់ចាប់ពី 35,000ដុល្លារ ទៅ60,000ដុល្លារក្នុងមួយឆ្នាំ ឬស្មើជិត 3,000ដុល្លារក្នុងមួយខែ។ រីឯនៅសួនសត្វ San Francisco គេប្រទះឃើញមានស្លាកជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងជាជំនួយការអភិរក្សខ្លាឃ្មុំផេនដា ក្នុងអត្រាប្រាក់ខែចាប់ពី 67,000ដុល្លារ ទៅ 72,000ដុល្លារក្នុងមួយឆ្នាំ។

ក្រៅពីប្រទេសទាំង២ខាងលើ ប្រទេសផ្សេងៗទៀតក៏ផ្ដល់ប្រាក់ចំណូលខ្ពស់ដល់អ្នកថែផេនដាផងដែរ ដូចជាប្រទេសអូស្រ្តាលី ទទួលបាន 35,000ដុល្លារក្នុងមួយឆ្នាំ, ជប៉ុន ទទួលបាន38,000ដុល្លារក្នុងមួយឆ្នាំ, អាឡឺម៉ង់ ទទួលបាន33,000ដុល្លារក្នុងមួយឆ្នាំ និងប្រទេសឥណ្ឌា ទទួលបាន20,000ដុល្លារក្នុងមួយឆ្នាំ។
គួរជម្រាបថា បុគ្គលដែលអាចចូលធ្វើការងារផ្នែកនេះបានត្រូវទាមទារឲ្យមានការសិក្សាផ្នែកវិទ្យាសាស្រ្តសត្វ, ជីវវិទ្យា និងបរិស្ថាន មានបទពិសោធ៍មើលថៃសត្វកន្លងមក, មានសុខភាពមាំមួន, មានភាពបត់បែន និងជាពិសេសត្រូវមានក្ដីស្រលាញ់ចំពោះសត្វ។ ហើយការងារប្រចាំថ្ងៃនោះគឺ ការផ្ដល់ចំណីអោយពួកវា, ពិនិត្យសុខភាព និងសុវត្ថិភាព, ផ្ដល់អនាម័យ និងកំដរពួកវាលេងកម្សាន្តចៀសវាងភាពស្រ្តេស។
ក្រៅពីម៉ែដោះរបស់ខ្លាឃ្មុំផេនដា ក៏មានការងារមើលថែទាំសត្វប្រភេទដទៃផ្សេងទៀតដែលទទួលបានប្រាក់ចំណូលខ្ពស់ដូចគ្នា ដូចជាការមើលថែសត្វដែលជិតផុតពូជ, អ្នកបង្វឹកសត្វ, អ្នកជួយសង្រ្គោះសត្វព្រៃ និងអ្នកគ្រប់គ្រងសួនសត្វជាដើម។ ដោយឡែក បើទោះជាទទួលបានប្រាក់ខែខ្ពស់ពិតមែន ប៉ុន្តែភាគច្រើនបុគ្គលទាំងនោះគឺពេញចិត្តក្នុងបំពេញការងារនោះដោយស្ម័គ្រចិត្ត និងក្ដីស្រលាញ់ច្រើនជាង៕










