ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា សមត្ថកិច្ចវៀតណាមសហការជាមួយក្រុមមន្ត្រីពាក់ព័ន្ធនៅខេត្តប៊ិញហ្វឿក ចុះពិនិត្យរោងចក្រផលិតទឹកអប់ក្លែងក្លាយដ៏ធំបំផុត ដែលផលិតទឹកអប់ដោយប្រើប្រាស់ម៉ាស៊ីនវាយស៊ុតមាន់ក្នុងឆ្នាំងធំៗ ប៉ុន្តែដាក់ស្លាកសញ្ញាផលិតនៅក្រៅប្រទេស ហើយរោងចក្រនេះបានលក់ទឹកអប់ក្លែងក្លាយលើទីផ្សារ ស្មើទឹកប្រាក់រហូតដល់៥ម៉ឺនលានដុង (ឬស្មើជិត២លានដុល្លារ) ។ បន្ទាប់មក ក្រុមមន្ត្រីក៏បានរឹបអូសទឹកអប់ក្លែងក្លាយប្រមាណ២ម៉ឺនដប និងដកហូតឧបករណ៍ផលិតទឹកអប់ជាច្រើនទៀត ។
.jpg)
កាលពីថ្ងៃទី៩ ខែឧសភា កន្លងមក ស្នងការដ្ឋាននគរបាលខេត្តប៊ិញហ្វឿក បានរៀបចំពិធីប្រគល់រង្វាន់ពិសេសដល់មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធដែលបានបំពេញការងារល្អ គឺសហការជាមួយសមត្ថកិច្ចចុះឆែកឆេររោងចក្រផលិតទឹកអប់ក្លែងក្លាយ ប៉ុន្តែដាក់ស្លាកទឹកអប់ម៉ាកល្បីៗផលិតនៅក្រៅប្រទេស ។ រោងចក្រនេះបានផលិតទឹកអប់ក្លែងក្លាយជាទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនខែ និងមានបណ្តាញលក់ចែកចាយ ។
តាមទិន្នន័យរបស់សមត្ថកិច្ចវៀតណាមកាលពីដើមឆ្នាំ២០២៤ គឺសមត្ថកិច្ចបានពិនិត្យឃើញគណនី TikTok ជាច្រើនបង្ហោះលក់ទឹកអប់ក្លែងក្លាយជាច្រើន ដែលបន្លំដាក់ស្លាកសញ្ញាជាទឹកអប់ម៉ាកល្បីៗផលិតនៅក្រៅប្រទេស ។ សមត្ថកិច្ចក៏បានបញ្ជាក់អត្តសញ្ញាណម្ចាស់គណនីទាំងនេះថា អ្នកលក់ជាបងប្អូននឹងគ្នា គឺអ្នកស្រី ឡៃធិ ទូយិត អាយុ៣៥ឆ្នាំ និងលោក ឡៃធិ ទិញ អាយុ២៤ឆ្នាំ ហើយអ្នកទាំង២ រស់នៅទីក្រុងដងសាយ ខេត្តប៊ិញហ្វឿក ។ ពួកគេមិនត្រឹមតែលក់ទឹកអប់តាមអនឡាញប៉ុណ្ណោះទេ ប៉ុន្តែ ក៏បាន Live លក់ទឹកអប់ផងដែរ ទើបធ្វើឱ្យមានអតិថិជនច្រើន ។
.jpg)
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តប៊ិញហ្វឿក សហការជាមួយមន្ត្រីពាក់ព័ន្ធបានចុះត្រួតពិនិត្យរោងចក្រ២កន្លែង ព្រមទាំងទីតាំងផលិតទំនិញរបស់អ្នកស្រី ឡៃធិ ទូយិត និងស្វាមី ព្រមទាំងលោក ឡៃធិ ទិញ ត្រូវជាប្អូនប្រុស ។ សមត្ថកិច្ចបានពិនិត្យឃើញទឹកអប់ប្រមាណ២ម៉ឺនដប បិទស្លាក «Ivy Dubai» និង «Ivy Parfum» ព្រមទាំងបិទស្លាកទឹកអប់ល្បីៗជាច្រើនទៀត ។ ក្រៅពីនេះ ក៏មានដបទឹកអប់ទទេ ស្លាកសញ្ញាទឹកអប់ និងសារធាតុគីមីសម្រាប់ផ្សំជាមួយទឹកអប់ ។
ជនជាប់ចោទសារភាពថា ពួកគេបានទិញដបទឹកអប់ទទេ និងស្លាកសញ្ញាទឹកអប់ល្បីៗតាមអនឡាញ ហើយពួកគេក៏ផលិតទឹកអប់ផ្សំជាមួយសារធាតុគីមីក្នុងឆ្នាំងលោហៈធំៗ ដោយប្រើប្រាស់ម៉ាស៊ីនវាយស៊ុតមាន់ដើម្បីកូរគ្រឿងផ្សំក្នុងចូលគ្នា ។ បន្ទាប់មក ពួកគេយកគ្រឿងផ្សំចេញពីឆ្នាំងមកច្រកក្នុងកាន ឬដបធំៗ ទើបច្រកក្នុងដបទឹកអប់ ហើយបិទស្លាកផលិតនៅក្រៅប្រទេស ដូចជា ៖ «Made in U.A.E» ដើម្បីកុហកអតិថិជន ។ ទឹកអប់ភាគច្រើនបានដាក់លក់តាមកម្មវិធីផ្សេងៗក្នុងអនឡាញ និង Live លក់ផ្ទាល់ ។
ចាប់ពីខែមករា ឆ្នាំ២០២៣ រហូតដល់ពេលសមត្ថកិច្ចចាប់ខ្លួន ជនជាប់ចោទបានលក់ទឹកអប់ក្លែងក្លាយអស់ជាច្រើនដប ស្មើទឹកប្រាក់៥ម៉ឺនលានដុង (ឬស្មើជិត២លានដុល្លារ) ។ សមត្ថកិច្ចខេត្តប៊ិញហ្វឿក ឱ្យដឹងថា វាជាការផលិតទឹកអប់ក្លែងក្លាយមានទ្រង់ទ្រាយធំបំផុតក្នុងតំបន់ ហើយការចាប់ខ្លួនជនល្មើស គឺដើម្បីដាស់តឿនអ្នកចូលចិត្តប្រើប្រាស់ទឹកអប់ ឱ្យប្រុងប្រយ័ត្នទំនិញក្លែងក្លាយលើទីផ្សារ ។
អ្នកលក់ទំនិញក្លែងក្លាយតែងតែ Live លក់ដោយផ្ទាល់ដើម្បីឱ្យអតិថិជនមានទំនុកចិត្ត ហើយពួកគេអះអាងថា វាជាទំនិញម៉ាកល្បីៗផលិតនៅក្រៅប្រទេស ប៉ុន្តែលក់ក្នុងតម្លៃពិសេស ។ អតិថិជនគួរប្រយ័ត្ន និងទិញទំនិញពីបណ្តាញចែកចាយផ្លូវការ ឬពិនិត្យប្រភព និងម៉ាកឱ្យបានល្អិតល្អន់មុនពេលប្រើប្រាស់ ជាពិសេស គ្រឿងសម្អាង ចំណីអាហារ និងថ្នាំពេទ្យ ដែលប៉ះពាល់សុខភាពដោយផ្ទាល់ ៕










