សារព័ត៌មានថៃរាយការណ៍ថា ក្រោយកើតរញ្ជួយដីយ៉ាងខ្លាំងក្លានៅមីយ៉ាន់ម៉ា ធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងពេលទទួលបានព័ត៌មានរញ្ជួយដីកើតឡើងនៅប្រទេសជិតខាងថៃ ដោយសារមាន Aftershock កើតឡើងនៅថៃជាបន្តបន្ទាប់ ។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ភ្នាក់ងារតាមដានគ្រោះរញ្ជួយដីប្រទេសថៃរាយការណ៍ថា មានរញ្ជួយដីកើតឡើងនៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ស្មើកម្រិត៦.៣រិចទ័រ ជម្រៅ៤៧គីឡូម៉ែត្រ ដែលមានចំណុចកណ្តាលស្ថិតនៅភាគនិរតីស្រុកមឿង ខេត្តសាទូន របស់ថៃ ប្រមាណ៤៩២គីឡូម៉ែត្រ ធ្វើឱ្យពលរដ្ឋថៃបារម្ភពីស៊ូណាមិ ។
តាមការវាយតម្លៃបឋម រញ្ជួយដីនេះពុំបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសថៃទេ ប៉ុន្តែពលរដ្ឋរស់នៅខេត្តភាគខាងត្បូងជាច្រើនរបស់ថៃ ដូចជា ៖ ខេត្តសុងក្លា សាទូន ភូកេត និងត្រាំង បានទទួលកម្លាំងរំញ័រដូចៗគ្នា ។ ទោះយ៉ាងណា នៅពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិ និងមនុស្សស្លាប់ទេ ហើយភ្នាក់ងារតាមដានគ្រោះរញ្ជួយដីថៃ នឹងតាមដានស្ថានការណ៍ រួមទាំងពិនិត្យទិន្នន័យបន្ថែមទៀត ហើយបើទទួលបានព័ត៌មានបន្ថែម ភ្នាក់ងារនឹងជូនដំណឹងភ្លាមៗឱ្យពលរដ្ឋថៃបានជ្រាប ។
ពលរដ្ឋរស់នៅខេត្តភាគខាងត្បូងថៃ ដូចជា ៖ ភូកេត សុងក្លា និងត្រាំង រាយការណ៍ថា ពួកគេទទួលបានកម្លាំងរំញ័រដូចៗគ្នា ដោយសាររញ្ជួយដីកើតឡើងនៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ៖
-នៅឃុំផៈវង់ ស្រុកមឿងសុងក្លា ខេត្តសុងក្លា ៖ ពលរដ្ឋរស់នៅអគារទី៤ មានអារម្មណ៍ថា ញ័រខ្លួន រីឯទឹកក្នុងធុងផ្អៀងទៅមក
-នៅឃុំហាតយ៉ៃ ស្រុកហាតយៃ ខេត្តសុងក្លា ៖ ពលរដ្ឋសម្រាកនៅមន្ទីរពេទ្យជាន់ទី៥ មានអារម្មណ៍ថា គ្រែរង្គើតិចៗ ។ រីឯពលរដ្ឋរស់នៅអគារជាន់ទី៦ មានអារម្មណ៍ស្រាលខ្លួន ហើយទឹកក្នុងធុងផ្អៀងទៅមក
-នៅឃុំកៈធូ ស្រុកកៈធូ ខេត្តភូកេត ៖ ពលរដ្ឋរស់នៅខុនដូជាន់ទី៤ រង្គើបន្ទប់ ចាប់ពី៣វិនាទី ទៅ៤វិនាទី និងរង្គើទូរសម្លៀកបំពាក់
-នៅឃុំតាឡាតយ៉ៃ ស្រុកមឿងភូកេត ខេត្តភូកេត ៖ ពលរដ្ឋរស់អគារជាន់ទី៣ ម្តុំស្ពានថ្ម ដែលសម្រាកលើសាឡុងមានអារម្មណ៍សាឡុងរង្គើ ខណៈភ្លើងនៅលើពិដានរំកិលតិចៗ
-នៅឃុំរ៉ាជឆាដា ស្រុកមឿងភូកេត ខេត្តភូកេត ៖ ពលរដ្ឋនៅអគារមន្ទីរពេទ្យខេត្តភូកេត មានអារម្មណ៍វិលមុខ ចង់សន្លប់
-នៅឃុំថាប់ថៀង ស្រុកមឿងត្រាំង ខេត្តត្រាំង ៖ ពលរដ្ឋនៅខុនដូជាន់ទី៩ រាយការណ៍ថា អំពូលភ្លើង វាំងនន និងសាឡុង រង្គើទាំងអស់ ។
ភ្នាក់ងារតាមដានគ្រោះរញ្ជួយដីប្រទេសថៃរាយការណ៍ថា ក្រៅពីប្រទេសឥណ្ឌូណេស៊ី រញ្ជួយដីបានកើតឡើងនៅថៃ និងប្រទេសជិតខាងជាញឹកញាប់ ។ ជាក់ស្តែង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មានរញ្ជួយដីកើតឡើងមានចំណុចកណ្តាលនៅប្រទេសមីយ៉ាន់ម៉ា ចំនួន១៦លើក និងចំណុចកណ្តាលនៅប្រទេសថៃ ចំនួន១លើក ដែលមានកម្រិតស្រាល និងគ្មានផលប៉ះពាល់ប្រទេសថៃទេ ៕.png)










