បុរីវ៉ាទីកង់ ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ការបោះឆ្នោតជ្រើសរើសសម្ដេចប៉ាបថ្មីត្រូវបានបញ្ចប់ ដោយ Robert Presvost ត្រូវបានតែងតាំងជាសម្ដេចប៉ាបបន្ទាប់ជំនាន់ទី ២៦៧ នៃសាសនាកាតូលិករ៉ូម៉ាំង ហើយត្រូវបានប្រសិទ្ធនាមជា Leo ទី១៤ ផងដែរ។ គួរបញ្ជាក់ថា ទ្រង់ជាកាឌីណាល់ជនជាតិអាមេរិកដំបូងគេបង្អស់ហើយ ដែលត្រូវជ្រើសរើសជាសម្ដេចប៉ាបដូចនេះ ។
បន្ទាប់ពីដំណើរការបោះឆ្នោតអស់រយៈពេល២ថ្ងៃ Robert Prevost ដែលបានជាប់ជាសម្តេចប៉ាបទី២៦៧ បានបង្ហាញខ្លួនជាលើកដំបូងពីលើយ៉នៃវិមានBasilica ហើយប្រជាជនជាច្រើន ដែលមានវត្តមាននៅទីលាន St. Peter ក្នុងទីក្រុងវ៉ាទីកង់ បានបង្ហាញការស្វាគមន៍យ៉ាងរីករាយចំពោះវត្តមានសម្តេចប៉ាបថ្មី។
នៅក្នុងការថ្លែងសន្ទរកថាលើកដំបូងក្នុងនាមជាសម្ដេចប៉ាប ព្រះសង្ឃកំពូល Leo ទី១៤អង្គនេះ បានមានសង្ឃដីការថា ៖ «សូមសន្តិភាពនៅជាមួយអ្នកទាំងអស់គ្នា!» «ព្រះជាម្ចាស់ស្រលាញ់យើងទាំងអស់គ្នា ហើយសភាវៈអាក្រ..ក់មិនអាចឈ្នះបាននោះទេ»។

គួររំលឹកថា Leo ទី១៤ មានព្រះនាមពេញថា Robert Francis Prevost មានជន្មាយុ ៦៩ព្រះវស្សា និងចាប់បដិសន្ឋិនៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។ ទ្រង់មានបទពិសោធក្នុងការបម្រើជាសាសនាចារ្យ និងជាសម្ដេចភិបាលនៅប្រទេស Peru ហើយបន្ទាប់មកបានដឹកនាំការិយាល័យក្រសួងសាសនាចក្រនៅវ៉ាទីកង់នេះផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសម្ដេចប៉ាបថ្មីនេះ គឺបានប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីការសោយទិវង្គត់របស់ស្ដេចប៉ាបហ្វ្រង់ស៊ីស។ ហើយសម្ដេច Prevost ត្រូវបានជ្រើសរើសដោយកាឌីណាល់កាតូលិកចំនួន ១៣៣ អង្គ នៅក្នុង Sistine Chapel នៃបុរីវ៉ាទីកង់ ដែលជាដួងវិញ្ញាណនៃសាសនារ៉ូម៉ាំងកាតូលិក៕