ថ្មីៗនេះ ដំណាំផ្លែល្ពៅ ហាក់ដាំក្បាលចុះ ខណៈការប្រមូលផលបានច្រើន តែបែរជាគ្មានទីផ្សារលក់ចេញ ដែលធ្វើឱ្យកសិកររអ៊ូរទាំ និងស្នើឱ្យក្រសួងពាក់ព័ន្ធជួយដោះស្រាយ។
ជុំវិញបញ្ហានេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា៖” ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹង “ការនាំចេញផ្លែល្ពៅក្រៅផ្លូវការ”ទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

អ្នកនាំពាក្យរូបនេះបានលើកឡើងបន្ថែមថា៖”បញ្ហានេះបានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅដែលនាំចេញមិនបាននេះនៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញទាំងនោះយកទៅចែកចាយដោយឥតគិតថ្លៃ ដែលកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម”។
គិតមកដល់ពេលនេះ ភាគីខាងកម្ពុជា នៅមិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីភាគីថៃនៅឡើយទេ។
តែយ៉ាងណាមិញ ក្រសួង នឹងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ និងផ្តល់បច្ចុប្បន្នភាពពីវឌ្ឍនភាពជាបន្តបន្ទាប់៕