ភ្ញៀវទេសចរទូទៅដែលបានមកក្សាន្តក្នុងខេត្តព្រះសីហនុ ភាគច្រើនតែងរំលងកន្លែងមួយនេះ ព្រោះមិនសូវមានអ្នកស្គាល់ច្រើនឡើយ។ ប៉ុន្តែតាមពិតទៅ នៅទីនេះមានសម្រស់ទេសភាពស្រស់ស្អាតប្លែកភ្នែកដោយមានទាំងទឹកធ្លាក់ពីលើថ្ម ធម្មជាតិ និងថែមទាំងមានចម្លាក់ដែលយកលំនាំតាមចម្លាក់នៅលិង្គ១ពាន់ និងប្រាសាទនានាផ្សេងទៀតជាច្រើន បង្កើតជាទិដ្ឋភាពមួយដ៏គួរឲ្យទាក់ទាញ។
រមណីដ្ឋាននេះមានឈ្មោះថា «ប្រាសាទបន្ទាយទ័ព» មានទីតាំងស្ថិតក្នុងភូមិ អូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺតំបន់កម្សាន្តទើបបង្កើតថ្មីដោយក្រុមហ៊ុនឯកជនមួយ ប៉ុន្តែអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ អាចចូលទៅលេងកម្សាន្តនៅទីនេះបាន។

បើតាមប្រសាសន៍របស់លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ កន្លងមកបានអោយដឹងថា ៖ រមណីយដ្ឋាននេះ គឺបង្កើតឡើងដោយក្រុមហ៊ុនឯកជនមួយ ដែលមានរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់។ ដ្បិតជាចម្លាក់សម័យទំនើប ប៉ុន្តែរូបទាំងអស់នេះមានលំនាំស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណរបស់ខ្មែរ ដែលជាងចម្លាក់សុទ្ធតែជាអ្នកធ្លាប់សិក្សាពីក្បាច់ចម្លាក់ និងមានការយកចិត្តទុកដាក់ឆ្លាក់រូបទាំងនេះយ៉ាងសម្អិតសម្អាង។
បើយោងតាមការចុះពិនិត្យផ្ទាល់ដោយពីលោកប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្ត និងមានការសហការពីអាជ្ញាធរស្រុកព្រៃនប់ បានអោយដឹងថា ភាគច្រើននៃចម្លាក់នៅក្នុងរមណីយដ្ឋានកែច្នៃ «ប្រាសាទបន្ទាយទ័ព » នេះ គឺសាងសង់តាមបែបបទនៃព្រហ្មញ្ញសាសនា។
គួរជម្រាបថា បើទោះបីជារមណីយដ្ឋាន«ប្រាសាទបន្ទាយទ័ព» នេះជារមណីយដ្ឋានកែច្នៃក៏ពិតមែន ប៉ុន្តែទឹកធ្លាក់ ព្រៃឈើ និងខ្យល់អាកាសបរិសុទ្ធដែលមាននៅទីនេះ គឺបានមកពីធម្មជាតិពិតៗ។ រីឯរូបចម្លាក់ដែលដាប់នៅលើថ្មទាំងនោះ បានធ្វើឲ្យសម្រស់វាកាន់តែគួរឲ្យទាក់ទាញថែមមួយកម្រិត។
ភ្ញៀវទេសចរភាគច្រើនដែលបានមកដល់ទីនេះ តែងនិយមងូតទឹកធ្លាក់ដ៏ត្រជាក់ រៀបចំកន្លែងអាំងសាច់ និងញាំអាហារជុំគ្នាធ្វើឲ្យការមកកម្សាន្តនៅទីនេះពោរពេញដោយបរិយាកាសដ៏រីករាយ។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចថតរូបលេងជាមួយទេសភាពស្អាតៗ ដែលមានប្លង់ល្អៗសម្រាប់ថតជាច្រើនផងដែរ៕