ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា នៅតំបន់ទល់មុខខេត្តតាក ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា មានការប៉ះទង្គិចគ្នាខ្លាំងម្តងទៀតរវាងកងកម្លាំងការៀង KNLA សហការជាមួយកងកម្លាំង KNDO វាយប្រ.ហារមកលើកងទ័ពមីយ៉ាន់ម៉ា ដែលធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាជាង១០០នាក់ ឆ្លងដែនចូលមកស្រុកថាសងយ៉ាង ខេត្តតាក ប្រទេសថៃ ដើម្បីគេចពីការស្លា.ប់ ។ ការប៉ះទង្គិចគ្នានេះធ្វើឱ្យកងទ័ពឈុតខ្មៅថៃពង្រឹងកម្លាំងល្បាតនៅតាមព្រំដែនជាប់មីយ៉ាន់ម៉ា ២៤ម៉ោង និងបញ្ជូនអាវុ.ធ ទៅកាន់ទីតាំងនីមួយៗដើម្បីការពារការរំលោ.ភ អធិបតេយ្យភាពពីកងកម្លាំងប្រដាប់អាវុធ.អន្តរជាតិ ។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ កងកម្លាំងការៀង KNLA សហការជាមួយកងកម្លាំង KNDO បានហ៊ុមព័ទ្ធ និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ទម្លាក់គ្រាប់បែកវាយប្រហារមកលើទីតាំងកងទ័ពមីយ៉ាន់ម៉ា នៅស្រុកលែងប៉យ ខេត្តផាអាន់ ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅឆ្ងាយពីព្រំដែនថៃប្រមាណជាង២គីឡូម៉ែត្រ និងនៅទល់មុខស្រុកថាសងយ៉ាង ខេត្តតាក ។ ការប៉ះទង្គិចគ្នារវាងកងកម្លាំងការៀង និងកងទ័ពមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅពេញមួយថ្ងៃ (ថ្ងៃទី៧ ឧសភា) ដែលធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាចំនួន១៨០នាក់ ឆ្លងដែនចូលថៃដើម្បីគេចពីអសន្តិសុខ ។
អាជ្ញាធរថៃ សមត្ថកិច្ច និងកងទ័ពឈុតខ្មៅថៃ បាននាំពលរដ្ឋមីយ៉ាន់ម៉ា ចំនួន១៦១នាក់ ទៅស្នាក់នៅក្នុងវត្តមេឡាក់ ស្ថិតនៅភូមិ១ ឃុំមេឡាក់ ស្រុកថាសងយ៉ាង ខេត្តតាក និងនាំពលរដ្ឋមីយ៉ាន់ម៉ា ១៩នាក់ទៀត ទៅស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ស្ថិតនៅភូមិ១ ឃុំមេឡាក់ ដូចគ្នា ។ ក្រោយពីជួយសង្គ្រោះពលរដ្ឋមីយ៉ាន់ម៉ារួចហើយ កងទ័ពឈុតខ្មៅថៃក៏បានពង្រឹងកម្លាំងល្បាតតាមព្រំដែនជាប់មីយ៉ាន់ម៉ា ២៤ម៉ោង និងបញ្ជូនអាវុធដាក់តាមទីតាំងនីមួយៗដើម្បីការពារការរំលោភអធិបតេយ្យភាពពីកងកម្លាំងប្រដាប់អាវុធអន្តរជាតិ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋ ។

ដោយឡែក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយករណីកងទ័ពអាកាសថៃបញ្ជូនយន្តហោះចម្បាំង F-16 ទៅស្ទាក់យន្តហោះរបស់កងទ័ពមីយ៉ាន់ម៉ា ដែលហោះក្បែរព្រំដែនថៃ នៅខេត្តកានចាណៈបុរី និងធ្វើឱ្យពលរដ្ឋថៃរិះគន់ពីការល្មើសដែនអាកាស ដោយលោកថា វាគ្មានបញ្ហាអ្វីទេ ក្រោយពីថៃជូនដំណឹងទៅមីយ៉ាន់ម៉ារួចមក យន្តហោះពួកគេក៏យល់ព្រមហោះចេញពីព្រំដែនថៃ ។ ក្រៅពីនេះ លោកបានសរសើរកងទ័ពអាកាសថៃ ដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អ ។
លោក Phumtham និយាយថា ៖ «នៅខេត្តកានចាណៈបុរី ការពិត គ្មានបញ្ហាអ្វីច្រើនទេ ក្រៅពីយន្តហោះប្រទេសជិតខាងហោះនៅក្បែរព្រំដែនថៃ ។ កងទ័ពអាកាសថៃក៏បានបញ្ជូនយន្តហោះចម្បាំង១គូ ទៅដាស់តឿនពួកគេថា កំពុងហោះចូលក្បែរដែនអាកាសថៃ បន្ទាប់មក យន្តហោះមីយ៉ាន់ម៉ាបានហោះចេញពីដែនអាកាសថៃវិញ» ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែឧសភា កងទ័ពអាកាសថៃបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ស្ទាក់យន្តហោះ១គ្រឿងប្រភេទ K-8 របស់កងទ័ពមីយ៉ាន់ម៉ា ក្រោយពីពលរដ្ឋនៅខេត្តកានចាណៈបុរី ជាប់ព្រំដែនមីយ៉ាន់ម៉ា រាយការណ៍ថា យន្តហោះនេះហោះរំលោ.ភដែនអាកាសថៃ និងបានថតវីដេអូបង្ហោះពេញបណ្តាញសង្គមធ្វើឱ្យភ្ញាក់ផ្អើលទូទាំងប្រទេស ៕