ប្រទេសថៃ ៖ អាជ្ញាធរស្រុកវៀងគែន ខេត្តឈៀងរ៉ៃ និងទាហានឈុតខ្មៅថៃ បានសហការគ្នាយាមល្បាតយ៉ាងតឹងរ៉ឹងនៅតំបន់ដនផាតាំង ព្រមទាំងបិទឧទ្យានជាតិភូឈីហ្វា ដែលជាតំបន់ទេសចរណ៍លើកំពូលភ្នំ ក្រោយពីមានការប៉ះទង្គិចគ្នារវាងទាហានឡាវជាមួយកងកម្លាំងពុំស្គាល់អត្តសញ្ញាណ កាលពីថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៥ ។ ការប៉ះទង្គិចគ្នានេះ ធ្វើឱ្យគ្រាប់កាំភ្លើ.ងមួយចំនួនធ្លាក់មកលើដំបូលលំនៅឋានពលរដ្ឋថៃ ចំនួន២ខ្នង នៅភូមិបានរ៉ៃផាមុន ។
ផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅប្រទេសឡាវ បានធ្វើឱ្យលោក ថានីតផុង រតនៈផុន នាយកឧទ្យានជាតិភូឈីហ្វា ប្រកាសបិទតំបន់ទេសចរណ៍ឧទ្យានជាតិភូឈីហ្វា មួយរយៈ ចាប់ពីថ្ងៃទី៥ ខែឧសភា តទៅ រហូតដល់ស្ថានការណ៍នៅព្រំដែនជាប់ឡាវធូរស្រាល ទើបឧទ្យានជាតិទទួលភ្ញៀវទេសចរឡើងវិញ ។
កន្លងមក លោក ឡាំងកា វីរៈណាន់ ចៅហ្វាយស្រុកវៀងគែន ខេត្តឈៀងរ៉ៃ បានចេញសេចក្តីប្រកាន់បន្ទាន់មួយទៅកាន់អាជ្ញាធរគ្រប់ឃុំ និងមេភូមិនៅព្រំដែនថៃ-ឡាវ ថា ក្រោយកើតហេតុការណ៍ប៉ះទង្គិចនៅឡាវ ធ្វើឱ្យឮសំឡេងកាំភ្លើងខ្លាំងៗ និងគ្រាប់កាំភ្លើងធ្លាក់លើដំបូលលំនៅឋានពលរដ្ឋថៃ គឺខាងស្រុកសូមឱ្យមានការជូនដំណឹង និងដាស់តឿនពលរដ្ឋតាមដានព័ត៌មានពីអាជ្ញាធរ ។ បើពុំចាំបាច់ សូមពលរដ្ឋផ្អាកធ្វើការងារនៅបរិវេណព្រំដែនដើម្បីសុវត្ថិភាព ។
ក្រៅពីនេះ ចៅហ្វាយស្រុកវៀងគែន ក៏បានសុំការសហការពីពលរដ្ឋផងដែរ បើប្រទះឃើញបុគ្គលណាម្នាក់គួរឱ្យសង្ស័យចូលមកក្នុងតំបន់ សូមប្រញាប់រាយការណ៍មកអាជ្ញាធរភ្លាម ឬទូរស័ព្ទមកកាន់ភ្នាក់ងារសន្តិសុខប្រចាំស្រុកវៀងគែន ឬទូរស័ព្ទមកកទាហានយាមល្បាតព្រំដែន ២៤ម៉ោង ។

តំបន់ប៉ះទង្គិចគ្នារវាងទាហានឡាវ និងកងកម្លាំងពុំស្គាល់អត្តសញ្ញាណ គឺនៅឆ្ងាយពីព្រំដែនថៃ ប្រមាណ២គីឡូម៉ែត្រ ។ តាមសេចក្តីរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី៥ ខែឧសភា នៅបរិវេណព្រំដែនគ្មានសំឡេងកាំភ្លើងដោយសារការប៉ះទង្គិចគ្នាទេ ប៉ុន្តែទាហានឡាវពុំអាចគ្រប់គ្រងតំបន់បានទាំងអស់ ។ រីឯមនុស្ស៣នាក់ ដែលត្រូវទាហានឡាវចាប់ខ្លួនបាន និយាយថា ពួកគេធ្លាប់តស៊ូនៅឡាវយូរឆ្នាំហើយ ប៉ុន្តែពួកគេពុំបានប្រាប់ពីមូលហេតុការវាយប្រហារទៅលើទាហានឡាវទេ ។
តាមការសន្និដ្ឋាន ការប៉ះទង្គិចគ្នានេះកើតឡើងដោយសារក្រុមលក់ថ្នាំញៀនដែលតែងតែធ្វើសកម្មភាពនៅតំបន់នេះបានតដៃជាមួយទាហានឡាវ ក្រោយពីរដ្ឋាភិបាលឡាវបង្ក្រាបការជួញដូរថ្នាំញៀន ។ ក្រុមលក់ថ្នាំញៀនបានប្រមូលផ្តុំគ្នានៅព្រំដែនថៃ-ឡាវ ដើម្បីប្រឆាំងទាហានឡាវ រហូតឈានដល់ការបាញ់គ្នាទៅវិញទៅមក ៕