កាលពីថ្ងៃទី ៧ ខែមេសាឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ជាលើកទី១ ជាមួយក្រសួង និងស្ថាប័នដែលពាក់ព័ន្ធចំនួន១១ ស្តីពីការរៀបចំ ឯកសារដាក់បញ្ចូល “ភ្នំដា និងអង្គរបុរី” ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។

អង្គរបុរី ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថា ជាអតីតរាជធានីដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ គេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាលអាណាចក្រហ៊ូណន ដែលមានអារ្យធម៌ដ៏ចំណាស់លាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃ។

ដោយឡែកភ្នំដា មានទីតាំងស្ថិតនៅក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខាងកើតទីរួមខេត្តតាកែវ មានចម្ងាយប្រមាណ ១០២គីឡូម៉ែត្រពីក្រុងភ្នំពេញ ។

នៅលើភ្នំដា មានប្រាសាទមួយដែលត្រូវបានកសាងនៅសវត្សទី៦ ដោយព្រះមហាក្សត្ររុទ្រវរ្ម័ន។ អ្នកប្រវត្តសាស្រ្តបារាំង បាននិយាយថាប្រាសាទនេះបានកសាងឡើងពីថ្មបាយក្រៀម។

ប្រាសាទភ្នំដា ជាប្រាសាទដែលបានស្ថាបនាឡើងជាលើកទី២ ទៅលើប្រាង្គប្រាសាទចាស់ ដែលប្រាសាទចាស់ពីមុនសង់អំពីឥដ្ឋ ប្រាសាទនៅពេលបច្ចុប្បន្នជាប្រាសាទក សាងនៅសម័យអង្គរដែលកសាងក្នុងរាជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ ដោយផ្នែកខាងក្រោមនៃប្រាសាទជាថ្មបាយក្រៀមត្រូវបានកសាងនៅសម័យអង្គរ នៅសតវត្សទី១១៕