ទីក្រុងប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិនបានចេញមកបដិសេដថា ស្ថានភាពសង្រ្គាមពាណិជ្ជកម្មនៅមិនទាន់មានភាពល្អប្រសើទេ ព្រោះនៅមិនទាន់មានការចរចាលើកិច្ចព្រមព្រៀងណាមួយឡើយ ហើយអ្វីដែលោក Trump បាននិយាយកាលពីដើមសប្ដាហ៍មុនថា “អ្វីគ្រប់យ៉ាងគឺសកម្ម” ដែលសំដៅលើការចរចារវាងចិន និងអាមេរិកនោះ គឺមិនមានមូលដ្ឋានច្បាស់លាស់នោះទេ។
កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៤ ប្រទេសចិនបានធ្វើការច្រានចោលចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលថាភាគីទាំង២ បានចូលរួមក្នុងកិច្ចចរចាយ៉ាងសកម្មជុំវិញបញ្ហាពន្ធគយជាមួយគ្នា។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយក្នុងសន្និសីទសារព័ត៌មានថា “តើមានការបញ្ជាក់ណាមួយដែរឬទេ អំពីវឌ្ឍនភាពនៃការចរចាពណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក? ចម្លើយនោះគឺគ្មានមូលដ្ឋានច្បាស់លាស់ទេ”។ ប្រទេសចិនក៏បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចពិភាក្សាគួរតែពាក់ព័ន្ធនឹងការលុបចោលពន្ធគយទាំងអស់ដែលខ្លួនកំពុងប្រឈមមុខដាក់គ្នានាពេលនេះ។

ដោយឡែក រដ្ឋបាល Trump នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញសញ្ញាចម្រុះ ដែលហាក់កំពុងព្រួយបារម្ភបន្ទាប់ពីអាជីវកម្ម និងចំនួននៃអ្នកប្រើប្រាស់ទំនិញចិននៅក្នុងប្រទេសអាមេរិកកើនឡើងខ្ពស់ ខណៈអាមេរិកបានតម្លើងពន្ធលើទំនិញចិនធ្វើឲ្យទំនិញទាំងនោះឡើងថ្លៃ ដែលអាចនាំឲ្យមានលំឳនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក។
ជាក់ស្ដែងសម្រាប់ប្រទេសចិន បានចាត់វិធានការសងសឹកទៅកាន់សហរដ្ឋអាមេរិកវិញដោយការតម្លើងពន្ធនាំចូលពីអាមេរិកដូចគ្នា និងធ្វើការរឹតបន្តឹងការនាំចេញរ៉ែកម្រពីប្រទេសចិនដែលអាមេរិកត្រូវការចាំបាច់ ដែលកត្តានេះបានរាំងស្ទះដល់ខ្សែចង្វាក់ផលិតកម្មនៃបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិចសំខាន់ៗរបស់អាមេរិក។
ចិនបាននៅតែប្រកាន់ជំហររឹងមាំដោយបញ្ជាក់ថា ៖ វិធានការតម្លើងពន្ធនេះ គឺសហរដ្ឋអាមេរិកជាអ្នកចាប់ផ្ដើមឡើង។ ដូច្នេះប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ដោះស្រាយបញ្ហាមែន វាគួរតែប្រឈមមុខនឹងសហគមន៍អន្តរជាតិ និងគ្រប់ភាគីទាំងអស់ ដើម្បីលុបចោលទាំងស្រុងនូវវិធានការពន្ធឯកតោភាគីប្រឆាំងនឹងប្រទេសជាច្រើន ជាពិសេសគឺចិន និងស្វែងរកវិធីដោះស្រាយតាមរយៈការសន្ទនាដោយស្មើភាព៕