នៅពេលនិយាយដល់ការរៀបចំបន្លែ ការចិត ឬបកសំបកគឺជាជំហានដំបូងរបស់មនុស្សជាច្រើន។ មនុស្សមួយចំនួនគិតថាការចិតសំបកគឺដូចជាការសម្អាតអញ្ចឹងដែរ ប៉ុន្តែមិនមែនសុទ្ធតែទាំងអស់នោះទេ បន្លែមួយចំនួនរក្សាសារធាតុចិញ្ចឹមនៅក្នុងសំបកពួគរបស់វា។ តាមរយៈការទុកសំបកទាំងនេះ អ្នកមិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនតម្លៃអាហារូបត្ថម្ភរសម្រាប់សុខភាពរបស់អ្នកផងដែរ។
បើយោងតាម Healthshots ខាងក្រោមនេះគឺជាបន្លែចំនួន ៥ ប្រភេទ ដែលអ្នកមិនគួរចិតសំបកឡើយ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនមហាសាលពីអាហារូបត្ថម្ភរបស់វា
១ ដំឡូងបារាំង សំបកដំឡូងសម្បូរទៅដោយជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ។ តាមពិតទៅ បន្ដុំនៃជាតិសរសៃរបស់ដំឡូងបារាំងត្រូវបានរកឃើញនៅក្នុងសំបករបស់វា នេះបើយោងតាម Healthline ។ លើសពីនេះទៀត សំបកដំឡូងមានផ្ទុកប៉ូតាស្យូមច្រើនជាងសាច់ ដែលមានសារៈសំខាន់សម្រាប់សុខភាពបេះដូង និងមុខងារសាច់ដុំ។ វាក៏សម្បូរទៅដោយជាតិដែក ដែលជួយដល់មុខងារកោសិកាឈាមក្រហម។ ដូច្នេះ អ្នកមិនគួរចិតសំបកវាចោលឡើង ដោយគ្រាន់តែប្រាកដចិត្តថាអ្នកលាងជម្រះពួកវាឱ្យបានហ្មត់ចត់មុនពេលយកទៅចម្អិន។
២ ការ៉ុត សំបកការ៉ុតមិនត្រឹមតែមានសុវត្ថិភាពក្នុងការទទួលទានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនផងដែរ។ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C វីតាមីន B3 ជាតិសរសៃ និងសារធាតុ Phytonutrients ដែលទាំងអស់នេះមានសារៈសំខាន់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ ជំនួយសល់ស្បែក និងភ្នែកឱ្យមានសុខភាពល្អ។
៣ ត្រសក់ មនុស្សជាច្រើនចិតសំបកត្រសក់ចេញមុនពេលបរិភោគ ប៉ុន្តែអ្នកមិនដឹងទេថាសំបករបស់វាមានសារធាតុចិញ្ចឹមដ៏សម្បូរបែប រួមមានជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ។ សំបកត្រសក់សម្បូរវីតាមីន K ជាពិសេសដែលចាំបាច់សម្រាប់ការកកឈាម និងសុខភាពឆ្អឹង។ វាក៏មានផ្ទុកសារធាតុស៊ីលីកា ដែលជួយដល់សុខភាពស្បែក សក់ និងក្រចករបស់អ្នក។
៤ ត្រប់វែង គឺជាបន្លែដែលមានរសជាតិឆ្ងាញ់មួយប្រភេទ ហើយសំបករបស់វាក៏ផ្តល់អត្ថប្រយោជន៍សំខាន់ចំពោះសុខភាពផងដែរ ដោយសំបូរទៅដោយសារធាតុ nasunin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយការពារកោសិកាខួរក្បាលពីភាពតានតឹងអុកស៊ីតកម្ម។ វាក៏មានផ្ទុកនូវជាតិសរសៃ ដែលជួយដល់ការរំលាយអាហារ និងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត ដែលជួយគ្រប់គ្រងអ្នកពីការទទួលទានអាហារច្រើន។
៥ ល្ពៅ Zucchini ជាបន្លែមួយប្រភេទទៀតដែលគួរញ៉ាំវាទាំងសំបក។ សាច់ និងសំបករបស់វាគឺផ្ទុកទៅដោយអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន រួមទាំងការរំលាយអាហារកាន់តែប្រសើរឡើង អារម្មណ៍ល្អ និងឆ្អឹងរឹងមាំ។ មិនតែប៉ុណ្ណោះវាថែមទាំងមានជាតិសរសៃខ្ពស់ វីតាមីន C និងប៉ូតាស្យូមផងដែរ៕
