ក្នុងកម្មវិធីជប់លៀងថ្ងៃខួបកំណើតប្អូនស្រីជាទីស្រលាញ់តារាចម្រៀង ពេជ្រ សូលីកា បានយកឱកាសនេះផ្តល់ជាពាក្យពេចន៍ណែនាំទូន្មានប្រៀនប្រដៅទៅកាន់ ម៉ីជីង ជាប្អូនស្រីថាជីវិតមនុស្សម្នាក់ៗមិនមែនចេះតែមានមានឱកាសរហូតនោះទេមានឱកាសត្រូវចេះក្តោបឱកាសដែលទទួលបានហើយធ្វើវាឱ្យអស់ពីសមត្ថភាព។
តាមរយៈវីដេអូខ្លីមួយដែលចែករំលែកនៅលើបណ្តាញសង្គមទិកតុកកាលពីយប់ថ្ងៃទី២២ ខែមេសា ពេជ្រ សូលីកា បាននិយាយដាក់ ម៉ីជីង ជាប្អូនស្រីថា «ពេលខ្លះនៅពេល គាត់(ម៉ីជីង) ធ្វើអ្វីឱ្យនាងមិនសប្បាយចិត្តរឹងទទឹងជាមួយនាង និយាយទៅមិនស្តាប់ ប៉ុន្តែនោះជាអ្វីដែលគាត់នៅក្មេង ប៉ុន្តែនាងចង់យកថ្ងៃនេះពន្យល់ប្រាប់ថា ជីវិតមនុស្សម្នាក់ៗវាចេះតែងតែមានឱកាសនោះទេ ចឹងប្រសិនជាមានឱកាសធ្វើអ្វីមួយយើងត្រូវក្តោបវា ថែរក្សាវាហើយធ្វើវាបំពេញឱ្យអស់ពីសមត្ថភាពព្រោះមើលមិនឃើញថ្ងៃស្អែកទៅជាយ៉ាងណានោះទេ។
ម្ចាស់បទ «បើអូនជួបគេ» បានបន្តទៀតថា ពេលខ្លះនាងខឹងប្អូនស្រីនាងមែនទែនហើយអ្វីដែលនាងខំប្រឹងនិយាយ ខំប្រឹងពន្យល់អត់ដែលចង់ឱ្យប្អូនអាក្រក់នោះទេ ចង់ឱ្យប្អូនមានអនាគតល្អ ចង់ឱ្យប្អូនជួបមនុស្សល្អៗ រឿងដែលល្អៗ មិនចង់ឱ្យប្អូនឆ្លងកាត់អ្វីដែលនាងធ្លាប់ឆ្លងកាត់នោះទេ។ ក្នុងនោះដែរ ពេជ្រ សូលីកា ថាក្នុងថ្ងៃកំណើតរបស់ ម៉ីជីង ក្នុងឆ្នាំនេះឡើងមួយឆ្នាំទៀតនឹងសង្ឃឹមថាយល់ពីទឹកចិត្តបងស្រី។
គួរឱ្យដឹងថា ម៉ីជីង គឺមានសម្រស់ស្រស់ស្អាតដូចជា ពេជ្រ សូលីកា ថែមទាំងមានដុងសិល្បៈគួរឱ្យកត់សម្គាល់ដោយចេះរាំចង្វាក់ K-Pop និងបានចេញបទចម្រៀងជាមួយបងស្រីមានចំណងជើងថា ផ្កាឈូកកំសត់ ព្រមទាំងទទួលបានការគាំទ្រពីទស្សនិកជន។ ជាមួយនឹងឱកាសនេះគេសង្កេតឃើញថា ម៉ីជីង គឺមានឱកាសឡើងឆាកប្រគំតន្រ្តីមួយចំនួនជាមួយ ពេជ្រ សូលីកា ជាបងស្រីផងដែរ៕
