Walk Street ដែលជាផ្លូវថ្មើជើងថ្មី និងទើបបើកដំណើរការនោះ បាននាំឲ្យទីក្រុងភ្នំពេញជាប់ឈ្មោះជាក្រុងមួយដែលមានបរិយាកាសសប្បាយរីករាយខ្លាំងនៅពេលរាត្រី ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្ដារប្រទេសផ្សេងទៀតនៅលើពិភពលោក។.jpg)
យោងតាមគេហទំព័រកម្សាន្តល្បីមួយឈ្មោះថា VISA2FLY បានចុះផ្សាយអំពីតារាចំណាត់ថ្នាក់នៃទីក្រុងធំៗដែលមានទិដ្ឋភាពកម្សាន្ត និង ភាពសប្បាយរីករាយក្នុងពេលរាត្រីនៅក្នុងប្រទេសចំនួន ១៤នៅជុំវិញពិភពលោក ហើយក្នុងនោះផងដែរ ទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ចំណែកលេខ១គឺបានទៅលើទីក្រុងបាងកក ប្រទេសថៃ។

ការចាត់ថ្នាក់នៃទីក្រុងដែលមានសប្បាយរីករាយនេះ គឺស្របតាមភាពសម្បូរបែបនៃសកម្មភាពកម្សាន្ត មានមនុស្សដើរលេងអ៊ូអរ បូករួមជាមួយសេវាកម្ម ម្ហូបអាហារ រឺផលិតផលផ្សេងៗមានតម្លៃសមរម្យ ទើបផ្ដល់នូវលក្ខខណ្ឌដែលល្អក្នុងការទៅលេង។

ជាក់ស្ដែង ការជាប់ចំណាត់ថ្នាក់លេខ២របស់ក្រុងភ្នំពេញនេះ គឺបានវ៉ាដាច់ទីក្រុងជាច្រើនផ្សេងទៀតដែលរួមមាន ទីក្រុងរបស់ប្រទេសឥណ្ឌូណេស៊ី, ទីក្រុងឌូបៃ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត, ទីក្រុងហូជីមិញ ប្រទេសវៀតណាម, ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី, ទីក្រុងឡាសវីហ្គាស សហរដ្ឋអាមេរិក, ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់, កោះប៊ីសា ប្រទេសអេស្ប៉ាញ, ទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក, ទីក្រុងតូក្យូ ប្រទេសជប៉ុន, ទីក្រុងរីអូ ប្រទេសប្រេហ្ស៊ីល, ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា Walk Street នៅទីក្រុងភ្នំពេញនេះ ថ្វីត្បិតថាទើបដាក់ដំណើរការសាកល្បងឲ្យចូលលេងកម្សាន្តនាពេលថ្មីៗកន្លងទៅក៏ពិតមែន ប៉ុន្តែទទួលបានការគាំទ្រខ្លាំង។ វាបានក្លាយជាទីតាំងដ៏ពេញនិយមបំផុតសម្រាប់រាជធានីភ្នំពេញ ដោយមានការរៀបចំជាដាក់លក់ម្ហូបអាហារ ភេសជ្ជៈ និងទំនិញផ្សេងៗ។ 
លើសពីនេះ ជារៀងរាល់សប្ដាហ៍តែងតែមានការសម្ដែងសិល្បៈគ្រប់ទម្រង់ទាំងបុរាណ និងសម័យ ព្រមជាមួយការលេងល្បែងកម្សាន្តជាច្រើន ដែលអាចឲ្យសាធារណៈជន និងភ្ញៀវទេសចរបរទេសអាចចូលរួមលេងសប្បាយបានដោយសេរី៕










