កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ប្រទេសម៉ិកស៊ិកមានអាកាសធាតុក្តៅស្ងួត និងខ្យល់បក់ខ្លាំងស្មើល្បឿន៨២គីឡូម៉ែត្រក្នុង១ម៉ោង ដែលធ្វើឱ្យមានព្យុះខ្សាច់យក្សវាយប្រ.ហារមកលើតំបន់ភាគខាងជើងម៉ិកស៊ិក នាំមកទាំងធូលីខ្សាច់គ្របដណ្តប់អគារនានា ដូចជា ៖ អាកាសយានដ្ឋានឈីវ៉ាវ៉ា (Chihuahua Airport) ពោរពេញដោយធូលីខ្សាច់យ៉ាងក្រាស់ ។ មន្ត្រីឧតុនិយមបានសំណូមពរទៅកាន់ពលរដ្ឋផ្អាកចេញក្រៅអគារ ដោយសារអាចកើតគ្រោះថ្នា.ក់ ដោយសារព្យុះខ្សាច់ ។
ព្យុះខ្សាច់យក្សបានកើតឡើងដោយសារប្រទេសម៉ិកស៊ិកមានអាកាសធាតុក្តៅស្ងួតជាច្រើនថ្ងៃ និងខ្យល់បក់ខ្លាំង ទើបធ្វើឱ្យធូលីដី និងខ្សាច់ត្រូវបានខ្យល់បក់ឡើងលើមេឃយ៉ាងខ្លាំង ។ ព្យុះខ្សាច់បានគ្របដណ្តប់លើតំបន់ជាច្រើនធ្វើឱ្យពលរដ្ឋពុំអាចធ្វើដំណើរតាមផ្លូវ រីឯយន្តហោះមួយចំនួនក្នុងអាកាសយានដ្ឋានឈីវ៉ាវ៉ា បានពន្យារពេលហោះហើរ និងផ្លាស់ប្តូរគោលដៅដើម្បីសុវត្ថិភាព ។
អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧតុនិយមបានសំណូមពរឱ្យពលរដ្ឋផ្អាកចេញក្រៅអគារ ព្រមទាំងត្រៀមខ្លួនទប់ទល់អាកាសធាតុកាន់តែអាក្រក់នាថ្ងៃបន្ទាប់ ។ តំបន់ជាច្រើនរបស់ម៉ិកស៊ិក ជាពិសេសតំបន់ភាគខាងជើង តែងតែមានព្យុះខ្សាច់កើតឡើងក្នុងរដូវក្តៅ ប៉ុន្តែព្យុះខ្សាច់លើកចុងក្រោយនេះ គឺជាព្យុះមានកម្លាំងខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យមហាជន និងអ្នកជំនាញបរិស្ថានលើពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ។
.png)
ដោយឡែក នៅប្រទេសចិនវិញក៏មានខ្យល់កន្ត្រាក់ខ្លាំងដែរ កាលពីថ្ងៃទី១២ ខែមេសា កន្លងមក សារព័ត៌មាន BBC រាយការណ៍ថា អាជ្ញាធរចិនបានដាស់តឿនពីខ្យល់បក់ខ្លាំងកម្រិតពណ៌ទឹកក្រូច ដែលជាកម្រិតគ្រោះថ្នាក់ទី២ ។ អាជ្ញាធរសន្និដ្ឋានថា កម្លាំងខ្យល់នឹងមានល្បឿន១៥០គីឡូម៉ែត្រក្នុង១ម៉ោង នៅទីក្រុងប៉េកាំង, ធានជីង និងទីក្រុងជាច្រើនក្នុងខេត្តហឺប៉ី ។.png)
ក្រៅពីនេះ អាជ្ញាធរចិនបានស្នើឱ្យសាលារៀននានាផ្អាកការបង្រៀនសិស្ស និងហាមពលរដ្ឋចេញពីលំនៅឋាន ឬកុំធ្វើការក្រោមកំដៅថ្ងៃ ។ សារព័ត៌មានរដ្ឋាភិបាលដាស់តឿនថា អ្នកមានទម្ងន់ក្រោម៥០គីឡូក្រាម អាចប្រឈមនឹងខ្យល់បក់ប៉ើងឡើងលើ ហើយសីតុណ្ហភាពនៅទីក្រុងប៉េកាំង នឹងធ្លាក់ចុះមកត្រឹម១៣អង្សាសេ និងមានខ្យល់កន្ត្រាក់ខ្លាំងជាច្រើនថ្ងៃបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ។
បើតាមមន្ត្រីឧតុនិយមទីក្រុងប៉េកាំង គឺខ្យល់បក់ខ្លាំងនៅចុងសប្តាហ៍ទី៣ ខែមេសា អាចបង្កមហន្តរាយធ្ងន់ធ្ងរ ហើយចិនបានផ្អាកការប្រកួតកីឡាជាច្រើន ខណៈសួនច្បារសាធារណៈ និងកន្លែងនានាបិទទ្វារ ។ រីឯការងារក្នុងការដ្ឋានសំណង់ និងរថភ្លើងដឹកអ្នកដំណើរ ក៏ផ្អាកដំណើរការដែរ ៕










