ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រាប់ពលរដ្ឋប្រយ័ត្នគ្រោះថ្នា.ក់ ដោយសារអាកាសធាតុមិនល្អបណ្តាលឱ្យមានរលកយក្សនៅតាមឆ្នេរសមុទ្រ ក្រោយរលកយក្សបានបោកបក់ខ្លាំងមកលើឆ្នេរសម្លា.ប់ ពលរដ្ឋអូស្ត្រាលី រហូតដល់៧នាក់ ។ ក្រៅពីនេះ មានពលរដ្ឋខ្លះទៀតបាត់ខ្លួនក្នុងសមុទ្រ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះប្រើប្រាស់ឧទ្ធម្ភាគចក្រតាមស្វែងរក ។

ទឹករលកយក្សបានបោកកុមារអាយុ៩ឆ្នាំ មកជាប់នៅចន្លោះថ្មលើឆ្នេរសមុទ្ររដ្ឋ New South Wales ហើយកុមាររូបនេះក្លាយជាមនុស្សស្លា.ប់ ទី៧ ដោយសាររលកសមុទ្រធំៗ ។ នៅសប្តាហ៍ទី៣ ខែមេសា ទឹករលកខ្ពស់ៗបានបោកបក់មកលើឆ្នេរសមុទ្រនៅរដ្ឋ New South Wales បណ្តាលឱ្យពលរដ្ឋអូស្ត្រាលីដែលមកកម្សាន្តនៅឆ្នេរធ្លាក់ចូលសមុទ្រជាបន្តបន្ទាប់ ។ អាជ្ញាធរបានព្យាយាមស្វែងរកសាកសពពលរដ្ឋក្នុងសមុទ្រ ខណៈពលរដ្ឋ២នាក់ទៀតបាត់ខ្លួនរកពុំឃើញ ។
.png)
នាយកអង្គការ Surf Live Saving នៅរដ្ឋ New South Wales ដែលមានពលរដ្ឋស្លាប់ច្រើនដោយសាររលកសមុទ្រ បាននិយាយមកកាន់ស្ថានីយទូរទស្សន៍ ABC ថា វាជាហេតុការណ៍លង់ទឹកដ៏អាក្រក់បំផុត ដែលអូស្ត្រាលីធ្លាប់បានកត់ត្រាកាលពីចុងសប្តាហ៍ថ្ងៃបុណ្យ Easter ។ កាលពីចុងសប្តាហ៍កន្លងមក គួរតែជាសប្តាហ៍ពោរពេញទៅដោយភាពសប្បាយរីករាយ និងមានកម្មវិធីសាសនាផ្សេងៗ ប៉ុន្តែបែរជាកើតហេតុការណ៍ដ៏សោកសៅបំផុត ។.png)
ភ្នាក់ងារសង្គ្រោះបន្ទាន់បានយកសាកសពក្មេងប្រុសម្នាក់ពីឆ្នេរសមុទ្រទីក្រុង New South Wales ដែលឆ្ងាយពីទីក្រុង Sydney ប្រមាណ៤០០គីឡូម៉ែត្រ ។ កាលពីថ្ងៃទី២០ ខែមេសា ឧទ្ធម្ភាគចក្រភ្នាក់ងារសង្គ្រោះបានប្រទះឃើញឪពុក និងកូនប្រុស អណ្តែតទឹកសមុទ្រក្បែរឆ្នេរវ៉ាត់តាម៉ូឡា ភាគខាងត្បូងទីក្រុង Sydney ដោយកូនប្រុស អាយុ១៤ឆ្នាំ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែឪពុកក្មេងប្រុស បានស្លាប់ ។ ក្រៅពីនេះ សមត្ថកិច្ចនៅរដ្ឋ Victoria បានស្វែងរកបុរសម្នាក់ អាយុ៤១ឆ្នាំ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមេសា ។.png)
ចាប់ពីថ្ងៃទី១៨ ខែមេសា អង្គការ Surf Live Saving បានជួយសង្គ្រោះជនរងគ្រោះសរុបជាង១៥០នាក់ នៅតាមឆ្នេរសមុទ្រ ហើយអង្គការនេះបញ្ជាក់ថា កត្តាផ្សេងៗ ដូចជា ៖ សីតុណ្ហភាពខ្ពស់នាថ្ងៃសម្រាកចុងសប្តាហ៍ និងរលកធំៗនៅឆ្នេរសមុទ្ររដ្ឋ New South Wales និងរដ្ឋ Victoria ធ្វើឱ្យពលរដ្ឋអូស្ត្រាលីស្លាប់កាន់តែច្រើន ។ បើទោះជាអាកាសធាតុល្អប្រសើរឡើងនៅថ្ងៃទី២១ ខែមេសា ក្តី ប៉ុន្តែអាជ្ញាធរសំណូមពរឱ្យពលរដ្ឋធ្វើដំណើរមកឆ្នេរសមុទ្របង្កើនការប្រុងប្រយ័ត្ន ។
.png)
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានបង្ហាញការសោកស្តាយទៅកាន់ក្រុមគ្រួសារសាកសព និងថ្លែងថា ៖ «សូមពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នគ្រោះថ្នាក់ ជាពិសេស ឪពុក-ម្តាយត្រូវថែទាំកូនៗរបស់ខ្លួន» ។
យោងតាមរបាយការណ៍របស់អង្គការ Royal Life Saving Australia គឺពលរដ្ឋអូស្ត្រាលីបានស្លាប់ដោយសារលង់ទឹកនៅទូទាំងប្រទេស ស្មើនឹង៣២៣នាក់ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ។ ចំនួននេះរួមបញ្ចូលទាំងពលរដ្ឋស្លាប់នៅតាមដងទន្លេ អូរ និងឆ្នេរសមុទ្រ ស្មើជិត៤០% នៃការស្លាប់ក្នុងរដ្ឋ New South Wales ៕










