សហរដ្ឋអាមេរិក ៖ លោក Elon Musk មហាសេដ្ឋីពិភពលោក និងជានាយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ថា ប្រទេសចិនរឹតបន្តឹងការនាំចេញរ៉ែកម្រ Rare Earth សម្រាប់ផលិតឧបករណ៍បច្ចេកវិទ្យា ដូចជា ៖ មនុស្សយន្ត និងទូរស័ព្ទ iPhone គឺធ្វើឱ្យប៉ះពាល់ដល់ការផលិតមនុស្សយន្ត Optimus របស់ក្រុមហ៊ុនលោក ខណៈកន្លងមក លោកធ្លាប់កំណត់គោលដៅផលិតមនុស្សយន្ត Optimus ឱ្យបានរាប់ពាន់គ្រឿងក្នុងឆ្នាំ២០២៥ ។.jpg)
លោកបន្តថា រដ្ឋាភិបាលចិនត្រូវការភាពប្រាកដចិត្តថា រ៉ែកម្រ Rare Earth ដែលចិននាំចេញទៅក្រៅប្រទេស នឹងពុំយកទៅប្រើប្រាស់ធ្វើជាប្រយោជន៍ផ្នែកកងទ័ពទេ ។ ក្រុមហ៊ុន Tesla នៅតែសហការជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីសុំលិខិតអនុញ្ញាតនាំចេញរ៉ែកម្រនេះមកអាមេរិក ។ លោកថា ៖ «ចិនសុំការធានាថា យើងនឹងពុំប្រើប្រាស់វាក្នុងផ្នែកកងទ័ព ។ យើងគ្រាន់តែប្រើប្រាស់វាសម្រាប់ផលិតមនុស្សយន្ត Humanoid ប៉ុណ្ណោះ មនុស្សយន្ត Optimus របស់យើងមិនមែនជាអាវុធទេ» ។.jpg)
ប្រទេសចិនបានចាប់ផ្តើមរឹតបន្តឹងការនាំចេញរ៉ែកម្រ Rare Earth នៅខែមេសា ឆ្នាំ២០២៥ ដែលការរឹតបន្តឹងនេះជាផ្នែកមួយនៃវិធានការឆ្លើយតបទៅអាមេរិកវិញ ក្រោយពីលោកប្រធានាធិបតី Donald Trump បង្កើតសង្គ្រាមពាណិជ្ជកម្មដំឡើងពន្ធខ្ពស់លើទំនិញចិន ។ រ៉ែ Rare Earth គឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតអាវុធ និងឧបករណ៍បច្ចេកវិទ្យាជាច្រើន ដូចជា ៖ មនុស្សយន្ត, ទូរស័ព្ទ iPhone និងឧបករណ៍ប្រើប្រាស់ ។
.jpg)
ការរឹតបន្តឹងការនាំចេញរបស់ចិន មិនមែនមានតែរ៉ែកម្រប៉ុណ្ណោះទេ ប៉ុន្តែចិនបានរឹតបន្តឹងការនាំចេញមេដែក និងទំនិញជាច្រើនទៀត ដែលប្រទេសនានាពិបាករកទិញនៅប្រទេសផ្សេង ក្រៅពីចិន ។ ក្រុមហ៊ុនបរទេសដែលនាំចេញរ៉ែកម្ររបស់ចិន ត្រូវតែសុំលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្មចិន ហើយត្រូវចំណាយពេល ចាប់ពី៦សប្តាហ៍ ទៅ៧សប្តាហ៍ ឬរង់ចាំជាច្រើនខែ ទើបទទួលបានលិខិតអនុញ្ញាត ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ ។
កន្លងមក លោក Elon Musk ធ្លាប់ប្រកាសថា ក្រុមហ៊ុន Tesla បានកំណត់គោលដៅផលិតមនុស្សយន្ត Optimus ឱ្យបានរាប់ពាន់គ្រឿងក្នុងឆ្នាំ២០២៥នេះ ប៉ុន្តែពេលលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ ចិនក៏រឹតបន្តឹងការនាំចេញរ៉ែកម្រ Rare Earth ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតមនុស្សយន្ត ។ ដូច្នេះ វាអាចធ្វើឱ្យក្រុមហ៊ុន Tesla ពុំសម្រេចគោលដៅផលិតមនុស្សយន្តជាច្រើនគ្រឿង ៕










