ថ្មីៗនេះ អាមេរិក បានធ្វើការដំឡើងពន្ធនាំចូលផ្ទាំងសូឡាំងពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាសុីអាគ្នេយ៍ ដែលក្នុងនោះ កម្ពុជា ត្រូវបានដំឡើងដល់៣ ៥២១ភាគរយ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងពាណិជ្ជកម្ម បានអះអាងថា៖” ការដំឡើងពន្ធនេះមិនពាក់ព័ន្ធនឹងការអនុវត្តន៍ពន្ធបដិការរបស់រដ្ឋាភិបាលអាមេរិក ដែលបានប្រកាសកាលពីដើមខែមេសានោះទេ”។

ហើយការដំឡើងពន្ធនេះ គឺផ្អែកនៅលើបណ្តឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡា នៅក្នុងស្រុករបស់អាមេរិកដែលបានព្រួយបារម្ភចំពោះការប្រកួតប្រជែងតម្លៃនៃបន្ទះសូឡានាំចូលទៅលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

បញ្ហានេះ កើតឡើងតាំងតែពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ខណៈក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានធ្វើការសម្របសម្រួលជាមួយនឹងវិស័យឯកជនពាក់ព័ន្ធ និងស្ថាប័នរដ្ឋនានាម្តងរួចមកហើយដែរ។

គួរបញ្ជាក់ថា បញ្ហាដំឡើងពន្ធលើផលិតផលបន្ទះសូឡាកម្ពុជា អាចប៉ះពាល់លើក្រុមហ៊ុនមួយចំនួនដែលរួមមានដូចជាក្រុមហ៊ុន Solarspace, Jintek, Hounen Solar, Solar Long PV-Tech និង ISC Cambodia៕