ប្រទេសថៃ ៖ អ្នកស្រី ប្រាយ ក្រាស៊ិប ជាគ្រូទាយដ៏ល្បីល្បាញរបស់ថៃ ហើយពលរដ្ឋថៃជាច្រើនជឿជាក់លើការទស្សន៍ទាយរបស់អ្នកស្រី ក្រោយពីអ្នកស្រីបានទាយពីហេតុការណ៍រញ្ជួយដីកើតឡើងនៅទីក្រុងបាងកក ត្រឹមត្រូវស្ទើរទាំងអស់ ។ អ្នកស្រីតែងតែទាយពីហេតុការណ៍ផ្សេងៗបម្រុងនឹងកើតឡើង និងប្រាប់ឱ្យពលរដ្ឋថៃប្រយ័ត្នខ្លួន ហើយនាពេលថ្មីៗនេះ អ្នកស្រីទាយថា ថៃពុំទាន់ផុតគ្រោះទេ គឺនឹងមានភ្នំភ្លើងផ្ទុះនៅខេត្តភាគឦសានក្រោយចូលឆ្នាំ ។
.jpg)
អ្នកស្រីទស្សន៍ទាយថា ប្រទេសថៃនឹងកើតគ្រោះធម្មជាតិធ្ងន់ធ្ងរក្រោយចូលឆ្នាំ ជាពិសេស ពលរដ្ឋរស់នៅខេត្តភាគឦសានគួរតែប្រយ័ត្នខ្លួន ដោយសារនឹងមានភ្នំភ្លើងផ្ទុះយ៉ាងខ្លាំង ក្រោយពីវាបានស្ងប់ស្ងាត់យូរមកហើយ ។ ក្រៅពីនេះ អ្នកស្រីបានប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នការធ្វើដំណើរតាមផ្លូវអាកាស ចាប់ពីខែឧសភា ដល់ខែមិថុនា ពីព្រោះយន្តហោះនឹងមានបញ្ហាម៉ាស៊ីនពុំអាចហោះហើរបាន និងចុះចតជាបន្ទាន់ ។

អ្នកស្រីក៏បានទស្សន៍ទាយពីគ្រោះថ្នាក់កើតឡើងនៅថៃ ដែលបណ្តាលមកពីបញ្ហាបច្ចេកទេស និងការធ្វេសប្រហែសដោយសារការកាត់បន្ថយថ្លៃដើម ឬប្រើប្រាស់បុគ្គលិកគ្មានជំនាញ ដែលគ្រោះថ្នាក់នេះពាក់ព័ន្ធនឹងការជីកដី ឬចោះបំពង់ផ្សេងៗអាចធ្វើឱ្យយានជំនិះ ឬមនុស្សធ្លាក់ចូលក្នុងរណ្តៅ ។ ថៃនឹងមានខ្យល់ព្យុះនៅខែឧសភា ឆ្នាំ២០២៥ វានឹងមានកម្លាំងខ្លាំងបំផុតនៅខែកក្កដា ។ ចូរពលរដ្ឋទុកដាក់ទ្រព្យសម្បត្តិនៅកន្លែងមានសុវត្ថិភាព និងចៀសវាងការធ្វើដំណើរតាមទូកនេសាទ និងទូកទេសចរណ៍តាមសមុទ្រក្នុងរដូវវស្សា ។
អ្នកស្រីទាយថា ភ្នំភ្លើងដែលស្ងប់ស្ងាត់យូរមកហើយនៅខេត្តភាគឦសានប្រទេសថៃ នឹងដល់ពេលវេលាផ្ទុះឡើងបណ្តាលឱ្យកើតគ្រោះមហន្តរាយធ្ងន់ធ្ងរ ឬមានហេតុការណ៍អាក្រក់កើតឡើង ។ កាលពី៤ឆ្នាំ ទៅ៥ឆ្នាំមុន អ្នកគ្រប់គ្រងឋានក្រោមបានប្រាប់អ្នកស្រីថា នៅខេត្តភាគឦសានមានភ្នំភ្លើងរលត់ច្រើនឆ្នាំហើយ វានឹងដល់ពេលផ្ទុះឡើងវិញបង្កការខូចខាតខ្លាំង ។

ចំណែកបញ្ហាសេដ្ឋកិច្ចថៃពុំអាក្រក់ប៉ុន្មានទេ ប៉ុន្តែអ្នកស្រីបានដាស់តឿនសតិពលរដ្ឋថៃដែលភ័យខ្លាចខ្លាំងពេក ជាពិសេស មនុស្សមួយចំនួនចង់ផ្លាស់ប្តូរទីលំនៅចេញពីទីក្រុងបាងកក ដោយសារបារម្ភពីគ្រោះរញ្ជួយដី ។ ពួកគេទៅរស់នៅកន្លែងដែលពិបាកប្រកបមុខរបររកស៊ី ខុសគ្នាពីទីក្រុងបាងកក ដែលអាចរកស៊ីចិញ្ចឹមជីវិតបាន ។

នេះគ្រាន់តែជាការទស្សន៍ទាយរបស់គ្រូទាយថៃម្នាក់ប៉ុណ្ណោះ រីឯការផ្ទុះភ្នំភ្លើងនៅខេត្តភាគឦសានថៃនឹងកើតឡើងក្រោយចូលឆ្នាំ ឬយ៉ាងណានោះ យើងនឹងរង់ចាំតាមដានព័ត៌មានបន្តទៀត ។ ប៉ុន្តែសម្រាប់ពលរដ្ឋថៃភាគច្រើនមានជំនឿខ្លាំងលើការទាយរបស់អ្នកស្រី ប្រាយ ជាពិសេស ពួកគេជឿកាន់តែខ្លាំងក្រោយអ្នកស្រីបានទាយពីហេតុការណ៍រញ្ជួយដីនៅទីក្រុងបាងកក មិនយូរប៉ុន្មានក៏មានរញ្ជួយដីកើតឡើងមែន ៕









