ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា ការនាំចេញទុរេនម៉ាឡេស៊ីទៅចិនបានកើនឡើងខ្លាំងនៅឆ្នាំ២០២៥ ជាពិសេស វាកាន់តែកើនឡើងខ្លាំងថែមទៀតក្រោយពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍ទី៣ ខែមេសា ។ ពលរដ្ឋចិនចូលចិត្តបរិភោគទុរេនម៉ាឡេស៊ី ជាងទុរេនថៃ និងវៀតណាម ដោយសារម៉ាឡេស៊ីទុកឱ្យទុរេនទុំនៅលើដើមរបស់វាតាមធម្មជាតិ ។
លោក Guo Min នាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Joy Wing Mau ដែលជាក្រុមហ៊ុនលក់ផ្លែឈើស្រស់នៅចិន និយាយថា ៖ «អតិថិជនចិនដែលមានជីវភាពធូរធាបានគាំទ្រទុរេនស្រស់យ៉ាងខ្លាំង ហើយម៉ាឡេស៊ីអាចនាំចេញទុរេនស្រស់មកចិន រហូតដល់៣០% នៅឆ្នាំ២០២៥» ។.png)
ស្របពេលប្រទេសថៃបាននាំចេញទុរេនច្រើនជាងគេមកចិន ប៉ុន្តែបច្ចុប្បន្ន ការនាំចេញទុរេនពីម៉ាឡេស៊ីបានកើនឡើងរហូតដល់១០ដង បើធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២៤ ។ ម៉ាឡេស៊ីបានលក់ទុរេនឱ្យចិនជាបន្តបន្ទាប់ ព្រមទាំងកែលម្អផ្លូវដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរជាងមុនផងដែរ ។ ជាទូទៅ ទុរេនម៉ាឡេស៊ីត្រូវបានទុកឱ្យទុំលើដើមរបស់វាតាមធម្មជាតិ ដែលខុសគ្នាពីទុរេនថៃ និងវៀតណាម ទើបធ្វើឱ្យពលរដ្ឋចិនចូលចិត្តបរិភោគទុរេនម៉ាឡេស៊ីជាង ។

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី គឺការនាំចេញទុរេនស្រស់ពីម៉ាឡេស៊ីទៅចិន ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៤ ស្មើទឹកប្រាក់ប្រមាណជាង៥លាន៦សែនដុល្លារអាមេរិក ។ រីឯទុរេនថៃទទួលបានចំណែកទីផ្សារទុរេននៅប្រទេសចិន ស្មើទឹកប្រាក់៦,៩៩០លានដុល្លារអាមេរិក ឬស្មើ៥៧% បន្ទាប់មក គឺទុរេនវៀតណាម ទទួលបានចំណែកទីផ្សារ ស្មើ៣៨% ។.png)
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចមកប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍ទី៣ ខែមេសា ស្របពេលចិនមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយអាមេរិកកាន់តែខ្លាំង ។ ហេតុនេះ ចិនបានបង្កើនការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្លាំងជាងមុន និងអំពាវនាវឱ្យរួមគ្នាប្រឆាំងនឹងការដាក់ពន្ធទំនិញរបស់អាមេរិក ៕










