បន្ទាប់ពីក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងរ៉េបរយៈពេលជាង២ខែមកនេះ អូជី ហ្គូលឌិន ត្រូវជួបនូវរឿងអាស្រូវគួរឱ្យកត់សម្គាល់ក្នុងរយៈពេលដ៏ខ្លីនេះ។ ជាក់ស្តែងថ្មីៗនេះក៏ផ្ទុះនូវរឿងចម្រូងចម្រាសបញ្ហានៅថ្ងៃសមឆាកពិនិត្យសំឡេងមុនការសម្តែងមកដល់រហូតតារារ៉េបវ័យក្មេងរូបនេះចេញមកបញ្ជាក់និងកុំឱ្យជេរតែស្ករតាមគ្នាទាំងមិនដឹងរឿង។

នៅយប់ថ្ងៃទី២០ មេសា អូជី បានបង្ហោះនៅលើបណ្តាញសង្គមថា «ទ្រាំថាទប់មិនចង់មាត់ជាមួយ Video ថ្មីៗគេជេរខ្ញុំម្នាក់នេះពេញទឹកពេញដី.!! រឿង Sound Check ថ្ងៃបាត់ដំបង ថ្ងៃនឹងជាថ្ងៃខ្ញុំត្រូវ Sound Check បន្ទាប់មក Producer បានឱ្យខ្ញុំចុះទៅខាងក្រោមដើម្បីពិនិត្យសម្លេងបាស់នឹង Microphone ថាតើវាមានបញ្ហាកុងគ្នាទេ ព្រោះខ្លាចពេលដែលខ្ញុំចុះទៅលេងជាមួយ Fan វាមានបញ្ហា»។

ម្ចាស់ពាន RAPPER FIGHTER បានបន្ថែមទៀតថា «បងៗខ្លះចេះដឹងច្រើនពេក គាត់ទៅបង្ហោះ Video ខ្ញុំរួចមានបងៗអ្នកចេះៗជាច្រើនទៀតចូលមកដៀលក្បាលខ្ញុំ ខ្លះទៀតលេងជេរដល់ម៉ែ ហេតុអ្វីបានជាមនុស្សយើងរាល់ថ្ងៃចូលចិត្តម៉្លេសខាង តែស្ករហ្នឹង???? គេខ្មៅ ខ្មៅដែរ.!! គេស សដែរ Tf……ចុកហា Ex»។ 
ការចេញមកបង្ហោះសំណេរបែបនេះបន្ទាប់ពីមានមតិរិះគន់ អ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្រ អូជី បានចូលទៅបញ្ចេញមតិយោបល់កុំឱ្យ អូជី ខ្វល់ខ្វាយពីពាក្យសម្តីទាំងនោះ។ យ៉ាងណាជាមួយនឹងការលើកឡើងរបស់ អូជី ក៏មានគណនីមួយបានណែនាំ អូជី កុំបង្ហាញសកម្មភាពតបតនៅលើបណ្តាញសង្គមធ្វើខ្លួនជាអ្នកអាជីព ដោយប្តូរសកម្មភាពចេញបទចម្រៀងផ្ទុះៗវិញ។ គណនីមួយបានសរសេរថា «ធ្វើខ្លួនជាអាជីពអូនកុំលេងច្រើននៅក្នុងសង្គម ស្ងៀមស្ងាត់ល្អជាង មិនបាច់តបតទេ ចេញមួយបទមួយបទឱ្យផ្ទុះល្អ ជឿបង» ខណៈ អូជី បានបង្ហាញការយល់ព្រមនឹងការលើកឡើងនេះ។
គួរឱ្យដឹងថា អូជី បានផ្ទុះរឿងអាស្រូវដូចជាការនិយាយអំពីតម្លៃជួលផ្ទះ១៨០ដុល្លារកាលនៅធ្វើជាអ្នកដឹកជញ្ជូន មានរឿងរសើបជាមួយ ម៉ៃ សុគន្ធ និងការច្រៀងរបស់លោកអំពីព្រះពុទ្ធសាសនា រួមទាំងរឿងចុងក្រោយនេះនៃសកម្មភាពសមឆាក៕










