ការសហការគ្នាជាលើកទី២រវាងតារារ៉េប យូហៃ និង GMENGz តាមរយៈបទ «ស្ទាវជ័រ» ផ្ទុះការគាំទ្រមិនធម្មតារហូតវាយលុកយកចំណាត់ថ្នាក់កំពូលតារាងនៅលើយូធូបដែលមកទល់ពេលនេះមានការទស្សនាជាង៤លានដងឯណោះ។

 មុននឹងចេញផ្សាយជាផ្លូវការបទ «ស្ទាវជ័រ» ពីសំណាកតារារ៉េប GMENGz គឺបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទិកតុកលេងបទនេះជាច្រើនម៉ឺននាក់សូម្បីតែម្តាយរបស់តារាចម្រៀងរូបនេះក៏បានលេងនិងបង្ហាញការគាំទ្រកូនប្រុសមិនធម្មតា។ អ្វីដែលកាន់តែពិសេសបទចម្រៀងនេះមិនត្រឹមតែមាន GMENGz ប៉ុណ្ណោះទេប៉ុន្តែគឺមានការសហការជាមួយនឹង យូហៃ ផងដែរ។
.png)
បទ «ស្ទាវជ័រ» បានទម្លាក់ជាផ្លូវការជាមួយនឹង MV កាលពីថ្ងៃទី៥ មេសា ឆ្នាំ២០២៥ ដោយចំណាយពេល៥ថ្ងៃទទួលបានការទស្សនា១លានដង។ មិនត្រឹមតែប៉ុណ្ណោះបទនេះក៏បានវាយលុកយកចំណាត់ថ្នាក់កំពូលតារាងមានការស្តាប់ច្រើននៅលើបណ្តាញសង្គមយូធូប។ មកទល់នឹងថ្ងៃទី២១ មេសា មួយនេះនៅតែជាទីពេញនិយមជាប់លេខ១ Trending Music ដដែលខណៈបទរបស់ វណ្ណដា នរិទ្ធ និង វណ្ណថាន មានចំណងជើងថា ចែចង់ ធ្លាក់មកនៅចំណាត់ថ្នាក់លេខ២។ 
នេះជាលើកទី២ហើយសម្រាប់ យូហៃ ម្ចាស់ពាន The Rapper Cambodia និង GMENGz អតីតបេក្ខជនដែលមិនជោគជ័យការប្រកួតតែកំពុងរីកចម្រើនលើអាជីពនេះ បន្ទាប់ពីបទ «ម្ដងហើយម្ដងទៀត» ដែលបានទម្លាក់កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយមកទល់នឹងពេលនេះមានការទស្សនាជាង១០លានដងនៅលើឆាណែលយូធូបរបស់ យូហៃ បើទោះបីជាចេញផ្សាយដំបូងមានភាបចម្រូងចម្រាសបន្តិចក្តីប៉ុន្តែបានកែប្រែសម្រួលឡើងវិញ។

គួរកត់សម្គាល់ថា GMENGz ជាអតីតកូនក្រុមរបស់ នរិទ្ធ ដែលបានសាងប្រជាប្រិយគួរឱ្យកត់សម្គាល់តាមរយៈបទចម្រៀងល្បីៗជាច្រើនដូចជាបទ «កុំច្រឡំ»  «អាតួ » «ATTENTION»  «អាចទេ» «Old money »។ លើសពីនេះ GMENGz ក៏បានសម្តែងនៅក្នុង MV របស់ វណ្ណដា ព្រមទាំងមានការលើកឡើងថាអ្នកទាំងពីរមានការសហការគ្នាផងដែរ៕
 
		 
	









