ជិះកង់ដើម្បីកម្ពុជា ឬ Cycling for Cambodia (CFC) គឺជាគណៈកម្មការដែលបានផ្តួចផ្តើមបង្កើតឡើងដោយម្ចាស់ក្រុមហ៊ុនអាជីវកម្មធំៗ នៅក្នុងខេត្តសៀមរាបរួមមាន៖ ក្រុមហ៊ុនខេមបូឌាសាយក្លីង
ខូអិលធីឌី (Cambodia Cycling Co., Ltd) ក្រុមហ៊ុន ចាយ៉ាខាតធឺរីង & អ៊ីវែន សឺវីស (Jaya Catering & Event Service) ហាងលក់ និងជួលកង់ អាំង គឹមសាន (Aing Kimsan Bicycle Shop and Rental) និងក្រុមហ៊ុន ចាន់រ៉អ៊ែតវិនឈ័រ (Chanra Adventure) ក្នុងគោលបំណង រៀបចំព្រឹត្តិការណ៍ដែលមានឈ្មោះថា ជិះកង់ដើម្បីបរិស្ថាន និង សុខភាពកុមារ ដើម្បីផ្សព្វផ្សាយកេរ្ត៍ឈ្មោះមន្ទីរពេទ្យកុមារអង្គរអោយសាធារណៈជនបានស្គាល់ និង ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យ ផងដែរ ។ ចាប់តាំងពីឆ្នាំ២០១៤មក CFC បានរៀបចំព្រឹត្តិការណ៍ជិះកង់ចំនួន ១០ដងរួចមកហើយ ក្នុងខេត្តសៀមរាប។
ដោយឡែក នៅក្នុងឆ្នាំ២០២៥នេះ CFC បានពង្រីកព្រឹត្តិការណ៍ជិះកង់នេះជាលើកដំបូង ទៅកាន់ទីក្រុងភ្នំពេញ ដោយមានការជួយជ្រោមជ្រែងសហការណ៍រៀបចំដោយដៃគូរសប្បុរសធម៌ពីក្រុមហ៊ុន KHMER ADSZONE EVENT MANAGEMENT ដែលនឹងប្រព្រឹត្តិឡើងនូវថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥ ដោយរំពឹងអ្នកចូលរួមចន្លោះពី ២០០ ទៅ ៤០០នាក់ ។ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមប្រារព្ធនៅក្នុងទីធ្លា វត្តមង្គលសេរីគៀន ឃ្លាំង វេលាម៉ោង ៥ កន្លះព្រឹក ជិះស្របតាមមាត់ទន្លេ ទៅ សួនសត្វ ភ្នំពេញសាហ្វារី សរុបចំងាយផ្លូវជិះគឺប្រមាណជា ១៦ គីឡូម៉ែត្រដែលជាទីតាំងបញ្ចប់។
ព្រឹត្តិការណ៍នេះមានការជួបជុំលេងល្បែង កំសាន្តជាក្រុមដើម្បីបង្កើនមិត្តភាព និងបញ្ចប់កម្មវិធីទាំងមូលនៅវេលាម៉ោង១០ព្រឹក ព្រមទាំងផ្តល់ជូន ទឹកញ៉ាំ អាហារសម្រន់ រថយន្ដក្រុមពេទ្យសង្គ្រោះបឋមផងដែរ។ លើសពីនេះទៀត យើងមានការថតរូប និង ថតវីឌីអូផងដែរ ដើម្បីរក្សាទុកជាអនុស្សាវរីយ៍ ក៏ដូចជាចងក្រងជាឯកសារសម្រាប់ការរៀបចំព្រឹត្តការណ៍នៅឆ្នាំបន្តបន្ទាប់។ យើងខ្ញុំនឹងចូលរួមសហការណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធ គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូប្រពៃណីវប្បធម៌ខ្មែរ ឱ្យបានខ្ជាប់ខ្ជួនដោយតាំងពីចាប់ផ្តើមរហូតដល់ចប់កម្មវិធី។

ព្រឹត្តិការណ៍នេះទទួលចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ តម្លៃចុះឈ្មោះចូលរួម គឺ២០ដុល្លារ (ត្រូវមានកង់ខ្លួនឯង) និងតម្លៃ ៣០ដុល្លារ កម្មវិធីនឹងផ្តល់កង់សម្រាប់ជិះ។ អ្នកចូលរួមនឹងទទួលបានដូចជា អាវយឺតព្រឹត្តិការណ៍១ អាហារសម្រន់ ភេសជ្ជៈ ទឹកពិសារ ការចូលរួមកម្មវិធីកសាងសមត្ថភាពក្រុម (Team Building Game) និងឱកាសទំនាក់ទំនងថ្មីៗផងដែរ ។
យើងខ្ញុំជាអ្នករៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ សូមអំពាវនាវដល់បណ្តាក្រុមហ៊ុនអាជីវកម្ម បងប្អូនសប្បុរសជននានា ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ និងចូលរួមជិះកង់អោយបានច្រើនកុះករ។
** អំពីមន្ទីរពេទ្យកុមារអង្គរ **
មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំនេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប អស់រយៈពេលជាង២០ឆ្នាំ។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា ចាប់តាំងពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរមិនត្រឹមតែផ្តល់នូវសេវាសុខភាពប្រកបដោយគុណភាព និងជំនាញឯកទេសវិជ្ជាជីវៈខ្ពស់ដល់កុមារកម្ពុជា មន្ទីរពេទ្យក៏មានការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្តពង្រីកការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងទាំងក្នុង និងនៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។
ជាមន្ទីរពេទ្យអង្គការត្រូវការថវិកាចំនួន៦លានដុល្លារអាមេរិក ក្នុងមួយឆ្នាំដើម្បីដំណើរការ មន្ទីរពេទ្យទាំងមូល។ បច្ចុប្បន្ននេះមូលនិធិរបស់មន្ទីរពេទ្យពឹងផ្អែក ៧០% មកពីជំនួយក្រៅប្រទេស និង៣០%មកពីសប្បុរសជនក្នុងស្រុក ដែលទទួលបានពីការធ្វើកម្មវិធីរៃអង្គាសនានា ទទួលបានពីក្រុមហ៊ុនសាជីវកម្មក្នុងប្រទេស និងពីបុគ្គលឯកជនដែលចូលរួមបរិច្ចាគ ទោះថវិកាតិចក្តីច្រើនក្តី។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ ការឧបត្ថម្ភ និង ការចុះឈ្មោះ ចូលរួម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 098 725 745 / 017 725 745 (Telegram)