ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា មន្ត្រីគយកូរ៉េខាងត្បូងបានរកឃើញទំនិញផលិតនៅប្រទេសនានាបិទស្លាកសញ្ញាក្លែងបន្លំថា គឺជាទំនិញផលិតនៅកូរ៉េខាងត្បូង «Made in Korea» ក្នុងនោះភាគច្រើនជាទំនិញចិន ។ ការបិទស្លាកសញ្ញាក្លែងបន្លំលើទំនិញនេះ គឺដើម្បីគេចពីការដំឡើងពន្ធទំនិញខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយក្រុមហ៊ុនបរទេសមើលឃើញថា អាមេរិកដាក់ពន្ធទំនិញកូរ៉េខាងត្បូងទាប ព្រោះកូរ៉េខាងត្បូងជិតស្និទ្ធជាមួយអាមេរិក ។
កាលពីថ្ងៃទី២១ ខែមេសា កន្លងមក ការិយាល័យគយជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ក្រោយការត្រួតពិនិត្យទំនិញពិសេសនៅខែមីនា មន្ត្រីគយបានរកឃើញទំនិញផលិតនៅប្រទេសជាច្រើន ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ស្មើទឹកប្រាក់ជាង២៩,៥០០លានវ៉ុន (ឬជាង២០លានដុល្លារអាមេរិក) បិទស្លាកសញ្ញា «Made in Korea» ក្នុងនោះទំនិញ៩៧% សម្រាប់នាំចេញពីអាមេរិក ។ ចំនួនទំនិញបិទស្លាកសញ្ញាក្លែងបន្លំបានកើនឡើងយ៉ាងខ្លាំងត្រឹមរយៈពេល៣ខែ ឆ្នាំ២០២៥ ខណៈឆ្នាំ២០២៤ទាំងមូល ការបិទស្លាកក្លែងបន្លំលើទំនិញ ស្មើទឹកប្រាក់ជាង៣៤,៨០០លានវ៉ុន ក្នុងនោះទំនិញ៦២% សម្រាប់នាំចេញទៅអាមេរិក ។

តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅខែមករា ឆ្នាំ២០២៥ លោក Trump បានដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសផ្សេងៗ ដោយអាមេរិកបានអនុវត្តវិធានការដំឡើងពន្ធទំនិញចាប់ពីខែមីនា ។ បើតាមមន្ត្រីគយកូរ៉េខាងត្បូង គឺក្រុមហ៊ុនបរទេស ជាពិសេស ក្រុមហ៊ុនចិនព្យាយាមគេចពីការដំឡើងពន្ធទំនិញរបស់អាមេរិក ទើបពួកគេបិទស្លាកទំនិញផលិតនៅកូរ៉េខាងត្បូង ពីព្រោះក្រុមហ៊ុនចិនមើលឃើញថា កូរ៉េខាងត្បូងជិតស្និទ្ធ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិក ។
លោក Trump បានដាក់ពន្ធទំនិញកូរ៉េខាងត្បូង ស្មើ២៥% និងផ្អាកអនុវត្តវិធានការពន្ធរយៈពេល៣ខែ ប៉ុន្តែអាមេរិកបានដំឡើងពន្ធទំនិញចិនខ្ពស់រហូតដល់១៤៥% ក្រោយពីអាមេរិក និងចិនដំឡើងពន្ធទំនិញគ្នាទៅវិញទៅមក ។ សេដ្ឋវិទូនិយាយថា ការដំឡើងពន្ធទៅវិញទៅមក គឺជាការកាត់ផ្តាច់ពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតលើពិភពលោក ។
.png)
ក្នុងចំណោមទំនិញបិទស្លាកសញ្ញាក្លែងបន្លំនេះ មន្ត្រីគយកូរ៉េខាងត្បូងបានរកឃើញវត្ថុធាតុដើមសម្រាប់ផលិតថ្ម ដែលផលិតនៅចិនសម្រាប់នាំចេញទៅអាមេរិក ប៉ុន្តែដាក់ស្លាក «Made in Korea» ដើម្បីគេចពីការដំឡើងពន្ធទំនិញខ្ពស់របស់អាមេរិក ។ កាលពីខែមីនា កូរ៉េខាងត្បូងបានរកឃើញឧបករណ៍កាមេរ៉ាសុវត្ថិភាព និងយកមកដំឡើងនៅកូរ៉េខាងត្បូងសម្រាប់នាំចេញទៅអាមេរិក ដើម្បីគេចពីការបង់ពន្ធខ្ពស់ ។
.png)
គួរបញ្ជាក់ថា ការរកឃើញទំនិញបិទស្លាកក្លែងបន្លំនេះ កើតឡើងក្រោយពីការិយាល័យគយកូរ៉េខាងត្បូងបង្កើតក្រុមការងារពិសេសមួយដើម្បីទប់ស្កាត់ការនាំចេញទំនិញខុសច្បាប់ ព្រមទាំងបង្កើតវិធានការការពារក្រុមហ៊ុនរបស់កូរ៉េខាងត្បូង ៕










