ប្រទេសម៉ិកស៊ិក ៖ បច្ចុប្បន្ន ប្រទេសនានាប្រឈមនឹងបញ្ហាកុមារជាច្រើនកើតជំងឺធាត់ ដោយសារការបរិភោគអាហារប៉ះពាល់សុខភាព និងភេសជ្ជៈមានជាតិស្ករខ្ពស់ ហើយវាជាដើមហេតុធ្វើឱ្យកុមារកើតជំងឺជាច្រើនទៀត ។ ក្រោយមើលឃើញថា ចំនួនកុមារកើតជំងឺធាត់នៅទូទាំងពិភពលោកកើនឡើងជារៀងរាល់ឆ្នាំ និងគួរឱ្យបារម្ភ រដ្ឋាភិបាលម៉ិកស៊ិកបានប្រកាសអនុវត្តច្បាប់ថ្មី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយចំនួនកុមារកើតជំងឺធាត់ និងទឹកនោមផ្អែម គឺហាមលក់ចំណីអាហារប៉ះពាល់សុខភាពក្នុងសាលារៀនទូទាំងប្រទេស ។
ច្បាប់ថ្មីនេះមានគោលដៅកាត់បន្ថយរសជាតិប្រៃខ្លាំង និងផ្អែមខ្លាំងក្នុងចំណីអាហារសម្រាប់លក់ឱ្យកូនសិស្សបរិភោគ ដូចជា ៖ ពុំអនុញ្ញាតឱ្យលក់ទឹកផ្លែឈើមានជាតិស្ករខ្ពស់, ដំឡូងបារាំងបំពង, ស្បែកជ្រូកបំពង និងសណ្តែកដីផ្សំគ្រឿងពីម្ទេស ។ ក្រសួងអប់រំម៉ិកស៊ិកប្រកាសថា ការហាមឃាត់ការលក់ចំណីអាហារប៉ះពាល់សុខភាពក្នុងសាលារៀនបានចេញជាច្បាប់ហើយ នៅតាមសាលាទូទាំងប្រទេសនឹងគ្មានចំណីអាហារបែបនេះទៀតទេ ។ ក្រៅពីនេះ រដ្ឋាភិបាលម៉ិកស៊ិកបានអំពាវនាវឱ្យអាណាព្យាបាលចម្អិនអាហារល្អៗសម្រាប់សុខភាពឱ្យកូនបរិភោគ ។
.png)
នៅក្រោមច្បាប់ថ្មីរបស់ម៉ិកស៊ិក គឺសាលារៀននីមួយៗត្រូវតែឈប់លក់ចំណីអាហារ និងភេសជ្ជៈ ដែលមានបិទស្លាកសញ្ញាដាស់តឿនពណ៌ខ្មៅ បញ្ជាក់ថា ក្នុងអាហារមានបរិមាណអំបិល ស្ករ កាឡូរី និងខ្លាញ់ខ្ពស់ ។ ច្បាប់ថ្មីនេះបានអនុវត្តតាំងពីថ្ងៃទី៣១ ខែមីនា មកម៉្លេះ ហើយតម្រូវឱ្យសាលារៀនផ្តល់អាហារជួយសុខភាពដល់សិស្ស និងឱ្យសិស្សផឹកទឹកធម្មតា ជំនួសភេសជ្ជៈផ្អែម ។

កុមារនៅម៉ិកស៊ិក បានបរិភោគចំណីអាហារប៉ះពាល់សុខភាពច្រើនជាងកុមារនៅអាមេរិកឡាទីន ហើយធ្វើឱ្យពួកគេកើតជំងឺធាត់ និងទឹកនោមផ្អែម ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាល គឺមានកុមារម្នាក់ ក្នុងចំណោម៣នាក់ បានឡើងទម្ងន់ ឬកើតជំងឺធាត់ ។ ច្បាប់ថ្មីនេះចែងថា បើសាលារៀនណាមួយល្មើសនឹងបម្រាម នឹងត្រូវបង់ប្រាក់ពិន័យ ចាប់ពី៥៤៥ដុល្លារ រហូតដល់៥,៤៥០ដុល្លារអាមេរិក ។
ទោះយ៉ាងណា មានហាងលក់អាហារប៉ះពាល់សុខភាពកុមារជាច្រើនកន្លែងនៅបរិវេណខាងមុខសាលារៀននៅប្រទេសម៉ិកស៊ិក ហើយច្បាប់ថ្មីនេះពុំបានគ្របដណ្តប់លើហាងនៅមុខសាលារៀនទេ ។ នៅក្នុងច្បាប់ពុំបានបញ្ជាក់ច្បាស់លាស់ថា តើរដ្ឋាភិបាលនឹងហាមឃាត់ហាងទាំងនេះដែរឬទេ?










