នៅឆ្នាំនេះ ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤ៈ៤៨ នាទីព្រឹក។

តាមទំនៀមទម្លាន់ ការផ្លាស់វេនទេវតាចាស់ ចូលឆ្នាំថ្មី នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺតម្រូវឱ្យបុត្រីទាំង ៧អង្គ ផ្លាស់វេនគ្នាដង្ហែព្រះសិរសាកបិលមហាព្រហ្ម ដែលជាបិតា ចុះទៅបំពេញភារកិច្ចរក្សាមនុស្សលោក។

ចំពោះឆ្នាំនេះ ទេវតាឆ្នាំថ្មី ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។

ជាទូទៅ រាល់ពេលដែលទេវធីតាផ្លាស់វេនគ្នា គឺត្រូវកាន់គុហាកែវធម្មមាលី ភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ជាមួយនឹងភាលៀងមួយសែនកោដិ ដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី មុននឹងចុះមកជម្ពូទ្វីប៕