ប្រទេសហ្វីលីពីន ៖ ភ្នំភ្លើង Kanlaon ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មចំនួន២៤ នៅប្រជុំកោះ Negros ភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះម្តងទៀតកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដែលបញ្ចេញផ្សែងផេះឡើងលើកម្ពស់៤,០០០ម៉ែត្រ ។ គ្មានសេចក្តីរាយការណ៍ពីមនុស្សរងរបួស និងស្លា.ប់ ដោយសារការផ្ទុះភ្នំភ្លើងទេ ប៉ុន្តែវាធ្វើឱ្យពលរដ្ឋហ្វីលីពីនរស់នៅក្បែរភ្នំភ្លើងបារម្ភពីផលប៉ះពាល់សុខភាព ដោយសារផ្សែងផេះចេញពីភ្នំភ្លើងបានធ្លាក់មកលើភូមិក្បែរៗ ខណៈសាលារៀនជាច្រើនបានបិទទ្វារដើម្បីសុវត្ថិភាព ។
រដ្ឋាភិបាលហ្វីលីពីនបានប្រកាសអាសន្នឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់កើតឡើងដោយសារការផ្ទុះភ្នំភ្លើង Kanlaon ស្មើកម្រិត៣ ខណៈគ្រោះថ្នាក់ខ្លាំងបំផុតដែលកើតឡើងដោយសារការផ្ទុះភ្នំភ្លើង ស្មើកម្រិត៥ គឺការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាកើតឡើងជាបន្តបន្ទាប់ ។ ក្នុងរយៈពេល១៥៩ឆ្នាំកន្លងមកនេះ (គិតចាប់ពីឆ្នាំ១៨៦៦) គឺភ្នំភ្លើង Kanlaon បានផ្ទុះរហូតដល់ជាង៤០លើក ដែលធ្វើឱ្យអាជ្ញាធរ និងភ្នាក់ងារសង្គ្រោះជម្លៀសពលរដ្ឋទៅរកកន្លែងសុវត្ថិភាពពេលវាផ្ទុះម្តងៗ ។.jpg)
ភ្នាក់ងារសង្គ្រោះនៅតំបន់កាសតេយ៉ាណា ខេត្តណេក្រូស អេស៊ីឌិនតាន់ និយាយថា ៖ «ពួកយើងបានត្រៀមទប់ទល់នឹងហេតុការណ៍ជាមុន ដោយជម្លៀសពលរដ្ឋរស់នៅក្បែរភ្នំភ្លើង ចាប់ពី៤គីឡូម៉ែត្រ ទៅ៦គីឡូម៉ែត្រ ។ ភ្នំភ្លើងនេះបានផ្ទុះលើកចុងក្រោយកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់នៅជុំវិញភ្នំភ្លើង» ។
.jpg)
កាលពីផ្ទុះភ្នំភ្លើង Kanlaon លើកចុងក្រោយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ គឺវាបានបញ្ចេញផ្សែងផេះឡើងលើស្មើកម្ពស់៣,០០០ម៉ែត្រ ។ មុននេះ គឺនៅខែកញ្ញា ឆ្នាំ២០២៤ ពលរដ្ឋហ្វីលីពីនរាប់រយនាក់បានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ក្រោយពីភ្នំភ្លើងនេះបានបញ្ចេញឧស្ម័នគ្រោះថ្នាក់យ៉ាងច្រើនត្រឹមតែ១ថ្ងៃ ។
គួរបញ្ជាក់ថា ភ្នំភ្លើង Kanlaon ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្ម ចំនួន២៤ ដែលនៅតែផ្ទុះជាបន្តបន្ទាប់ក្នុងប្រទេសហ្វីលីពីន ។ ភ្នំភ្លើងនេះមានកម្ពស់២,៤០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយវាបានផ្ទុះជាញឹកញាប់រហូតដល់ជាង៤០លើក បើគិតចាប់ពីឆ្នាំ១៨៦៦ មកដល់ឆ្នាំ២០២៥ ។ រីឯការផ្ទុះភ្នំភ្លើងកាលពីឆ្នាំ១៩៩៦ បានធ្វើឱ្យអ្នកឡើងភ្នំស្លាប់អស់៣នាក់ ៕










