ឆាប់ៗនេះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងឈានចូលមកដល់ ដែលជាឪកាសដ៏ឱឡារិកសម្រាប់ប្រជាជនខ្មែរដែលនៅគ្រប់ទិសទី វិលត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសាររៀងៗខ្លួន។
.jpg)
ក្រៅពីការរៀបចំគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មីដើម្បីបានលាភសំណាង មានការប្រារព្ធ រឺរៀបចំផ្សេងៗ ដែលខ្មែរយើងយល់ឃើញ និងមានជំនឿដូចៗគ្នា ថាក៏ជារឿងដែលចាំបាច់ធ្វើផងដែរ។ គេយល់ថា ការធ្វើបែបនេះក្នុងអំឡុងពេលរដូវកាលនៃពិធីបុណ្យចូលឆ្នាំខ្មែរ នឹងជួយអោយមានសំណាងល្អ និងសិរីសួរស្ដីចូលក្នុងក្រុមគ្រួសារ ហើយចំណុចទាំងនោះមានដូចជា៖
1 ការរៀបចំផ្ទះសម្បែង ៖ ចាស់ៗពីដើមតែងប្រើកូនចៅ អោយរៀបចំ និងបោសជូតសម្អាតលំនៅឋានអោយមានរបៀបរៀបរយ ដើម្បីត្រៀមទទួលសង្រ្កាន្តឆ្នាំថ្មី។ មិនមែនសម្អាតត្រឹមតែផ្ទះមួយមុខទេ តុ ទូ កៅអី មុង ភួយ កន្ទេល … ក៏ត្រូវប្រមូលយកបោកគក់សម្អាតផងដែរ។ ទំនៀមទម្លាប់នេះ ត្រូវបានអនុវត្តតៗគ្នាមកទល់បច្ចុប្បន្ន ព្រោះខ្មែរយើងជឿថានឹងទទួលបានសិរីសួរស្ដី ព្រមទាំងមានផាសុកភាពក្នុងការរស់នៅទៀតផង។

2. របាំត្រុដិ ៖ ប្រជាជនខ្មែរជាច្រើន ជាពិសេសអ្នកដែលមានធនធាន តែងយករបាំត្រុដិមកសម្ដែងនៅក្នុងផ្ទះ រឺក្នុងភូមិដែលគេរស់នៅ ដើម្បីបណ្ដេញឧបទ្រពចង្រៃ និងទទួលមង្គលសិរីនាឪកាសឆ្នាំថ្មី។ ចំណែកតាមតំបន់មួយចំនួនទៀត គេយករបាំនេះទៅសម្ដែងដើម្បីបួសសួងដល់ព្រះភិរុណ អោយប្រោសព្រំទឹកភ្លៀងសម្រាប់ធ្វើស្រែចម្ការបរបូណ៍ហូរហៀពេញមួយឆ្នាំ។
3. គោមផ្កាយ ៖ តាំងពីយូរលង់ណាស់មកហើយ គេជឿថា ការចង់ព្យួរគោមផ្កាយនៅមុខផ្ទះ រឺតាមផ្លូវក្នុងភូមិ នឹងជះពន្លឺដល់ទេវតាអោយយាងចុះមកប្រទានពរជ័យដល់ម្ចាស់ផ្ទះ រឺអ្នកភូមិនោះ។ ក្រៅពី ពន្លឺ និងភាពចម្រុះពណ៌របស់វា ក៏បង្កើតនូវភាពស្រស់ស្អាត ល្អសម្រាប់ការដាក់តុបតែងលម្អ សាកសមក្នុងឪកាសឆ្នាំថ្មីជាខ្លាំង។
ទោះជាយ៉ាងណា ខ្មែរយើងនៅមានជំនឿលើរឿងរ៉ាវមួយចំនួនទៀតដូចជា៖ ពិធីបង្សុកូលជូនបុព្វការីជន រាប់បាតព្រះសង្ឃ និងស្រង់ព្រះជាដើម ថាជារឿងដែលគួរធ្វើផងដែរ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីទទួលបានលាភសក្ការៈ និងសិរីសួរស្ដីពេញមួយឆ្នាំ៕










