ចាប់ពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋដែលធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន នៅនាយកដ្ឋានក្រោយវត្តនិរោធ និងស្នាក់ការអុីអន២ មិនបាច់ទៅយកនាំឱ្យហត់ទៀតនោះទេ។
យោងតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា៖”អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន ពេលធ្វើរួច នឹងមានភ្នាក់ងារប្រៃសណីយ៍កម្ពុជាជួយយកជូនដល់ផ្ទះ មិនថាក្នុងភ្នំពេញ ឬ ខេត្ត ស្រុក ក្រុង ឃុំ ទេ ក៏ប៉ុន្តែតម្រូវឱ្យបង់សេវាដឹកជញ្ជូន”។
ជាទូទៅ ពលរដ្ឋតម្រូវឱ្យទៅយកអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ដោយខ្លួនឯងនៅនាយកដ្ឋានក្រោយវត្តនិរោធ ឬស្នាក់ការអុីអន២ ក្រោយពីដាក់ធ្វើបាន៣០ថ្ងៃនៃថ្ងៃការងារ ។
ចំពោះតម្លៃដឹកជញ្ជូន មិនទាន់ត្រូវបាននាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ចេញឱ្យដឹងនៅឡើយនោះទេ។
គួរបញ្ជាក់ថា ការធ្វើអត្តសញ្ញាណបណ្ណចាំបាច់ឱ្យសាមីខ្លួនមកបង្ហាញមុខដោយផ្ទាល់ ដោយយកមកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារជាដើម៕










