វ៉ាន់ ប៊ី Miss Queen Cambodia 2022 បានចេញវីដេអូជិត៣នាទីដោយសារតែឧស្សាហ៍ឃើញមានរាល់ឆ្នាំនៅពេលសិល្បករឬអ្នកមានឥទ្ធិពលផ្សេងៗចូលរួមកម្មវិធីសង្ក្រាន្តតាមសាសា មានអ្នកវែកផ្លូវឱ្យឬមិនឱ្យជះទឹកបាតម្សៅ ត្រូវរងនូវការវាយប្រហារនិងរិះគន់។ វ៉ាន់ ប៊ី ថាសិល្បករឬអ្នកដទៃទៀតដែលត្រូវបានខាងសាលាអញ្ជើញចូលរួមគួរតែផ្តល់កិត្តិយស ផ្តល់តម្លៃឱ្យគាត់ហើយសប្បាយរីករាយទាំងអស់គ្នា។

នៅថ្ងៃទី៤ មេសា Miss Queen Cambodia 2022 បានចេញវីដេអូនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុកនិងទិកតុកមានរយៈពេលជិត៣នាទីជាមួយនឹងខេបសិនថា «សូមយោគយល់»។ ក្នុងវីដេអូនេះ វ៉ាន់ ប៊ី ថាបញ្ហានេះកើតមានស្ទើរតែរាល់ឆ្នាំពាក់ព័ន្ធនឹងសិល្បករ សិល្បការិនី Influencer ឬក៏ Content Creator ដែលបានផ្តល់កិត្តិយសចូលរួមសង្ក្រាន្តតាមសាលាផ្សេងៗទាំងនៅខេត្តឬរាជធានីភ្នំពេញភាគច្រើនឃើញមានមតិវាយប្រហារ។

បវរកញ្ញាភេទទី៣រូបនេះបន្តទៀតថា នៅពេលចាប់ផ្តើមទៅដល់ទីតាំងមានការបើកផ្លូវពីអ្នកស្ម័គ្រចិត្ត ឬអ្នកសម្របសម្រួលកម្មវិធីទៅដល់សិល្បករ សិល្បការិនី មានមតិវាយប្រហារថា ធ្វើដូចខ្លួនឯងអស្ចារ្យ និងមតិវាយប្រហារផ្សេងៗ ឬក៏លេងតិចតួចមិនបាន។ វ៉ាន់ ប៊ី ថាត្រូវដឹងគាត់ផ្តល់កិត្តិយសចូលរួមគឺផ្តល់ភាពសប្បាយរីករាយត្រូវឡើងសម្តែងនៅលើឆាក ដូច្នេះគាត់មានពេលវេលាត្រូវលេងឬមិនត្រូវលេង ដូចជាបាតម្សៅឬបាញ់ទឹកគួរតែផ្តល់កិត្តិយសជូនគាត់ ហើយមិនថាគាត់ល្បីក្នុងកម្រិតណាក៏ដោយ។
វ៉ាន់ ប៊ី ថាខ្លួននាងឃើញខម្មិនច្រើនណាស់ដែលពោលពាក្យមិនសមរម្យនិយាយពីតម្លៃវប្បធម៌ខ្មែរ ទៅកាន់សិល្បករ សិល្បការិនី Influencer ឬក៏ Content Creator ចូលរួម ។ នេះជាពេលវេលាសប្បាយកុំប្រកាន់ច្រើនពេកវាទៅជាបញ្ហាវិញដោយទទួលស្គាល់ថាការលេងខ្លះវាប៉ះពាល់មានទៅមានមកទាំងសិល្បករឬបណ្តាហ្វេនអ្នកគាំទ្រ គួរតែចេះអត់ឱនគ្នា យោគយល់គ្នាពេលវេលាមួយហ្នឹងគឺសប្បាយ។ ការប្រើសម្តីវាយប្រហារនៅលើបណ្តាញសង្គមវាមិនមែនជារឿងល្អទេជនបរទេសមើលមកនឹងឃើញថាខ្មែរឈ្លោះគ្នាតែគ្នាឯងខណៈបច្ចុប្បន្ននេះគឺការខម្មិនអាចបកប្រែបាន។

Miss Queen Cambodia 2022 បានបន្ថែមទៀតថាការខម្មិនតិចៗដែលមានលក្ខណៈជាប្រយោលរើសអើង ជាន់ឈ្លី ជាន់ពន្លិច ហើយជាពាក្យមិនសមប្រើលើមនុស្សគ្នាឯងនោះទេ៕










