ស្របពេល ម៉ាដាម ឆដា ស្រាប់តែរៀបរាប់ពីរឿង ម៉ាដាម ដា ត្រូវជួបនូវរឿងរ៉ាវជាច្រើនក្នុងជីវិតលើមុខជំនួញអនឡាញរកស៊ីខាតបង់ ដើរទីផ្សារខុស មានបញ្ហាផ្លូវចិត្តត្រូវលេបថ្នាំជារៀងរាល់ថ្ងៃនិងរឿងរ៉ាវជាច្រើនទៀត ជំទាវ ចន ច័ន្ទលក្ខិណា ក៏បានចែករំលែកដោយចិត្តអាណិតព្រោះតែខ្លួនធ្លាប់មានបញ្ហាដូចគ្នានិងពោលពាក្យលើកទឹកចិត្តមួយចំនួន។ កាលពីមុនអតីតប្រធានសមាគមរូបនេះធ្លាប់បញ្ចេញមតិប្រតិកម្មដោយសារតែ ម៉ាដាម ឆដា បានប្រើពាក្យសម្តីមិនសមរម្យទៅកាន់ អ៊ីងអ៊ីង។
នៅរសៀលថ្ងៃទី៤ មេសា តារាសម្តែង ចន ច័ន្ទលក្ខិណា បានចែករំលែកខ្លឹមសារអ្នកជំនួញអនឡាញ ម៉ាដាម ឆដា ថា «ទោះជាធ្លាប់មើលងាយ វាយប្រហារខ្ញុំ ដោយគ្រាន់តែខ្ញុំចេញមុខការពារអ្នកសិល្បៈដែលជាសមាជិកខ្ញុំកាលខ្ញុំនៅជាប្រធានសមាគម តែខ្ញុំមិនប្រកាន់ ហើយ ស្ងាត់ស្ងៀមមិនតបត ខ្ញុំមានតែអាណិត និង យល់អារម្មណ៍នៃការបង់ខាត ព្រោះខ្ញុំក៏ធ្លាប់មានបញ្ហានេះ វិបត្តិសេដ្ឋកិច្ចឡើងនិងចុះ គឺគ្មានអ្នកមើលឃើញ សំខាន់ការចេះដាក់ខ្លួន និង ហ៊ានទទួលស្គាល់ការពិត ហើយពង្រឹងស្មារតីនិងផ្លូវចិត្តឱ្យរឹងមាំ ពេលណាធ្ងន់ពេកយើងសម្រាកហើយទំលាក់ចុះមួយភ្លែត បន្ធូរអារម្មណ៍ រកអ្នកយល់ចិត្តដើម្បីប្រឹក្សាចែករំលែករកវិធីសាស្ត្រក្នុងការទប់ស្ថានភាព និង កែប្រែដើម្បីស្តារស្ថានការណ៍ ផ្លូវចិត្តចុះខ្សោយតែមិនទំលាក់មុខមាត់ កំលាំងនិងបាត់បង់»។
ក្នុងខ្លឹមសារតែ ម៉ាដាម ឆដា ហៅ Ah Pop បង្ហោះនោះគឺជាសំណេរលើកឡើងពីបងស្រីរបស់ខ្លួនគឺ ម៉ាដាម ដា ត្រូវជួបនូវរឿងរ៉ាវជាច្រើនក្នុងឆាកជីវិតក្នុងវិស័យអនឡាញរបស់ខ្លួនដែលដើរទីផ្សារខុស ខាតប្រាក់រាប់ម៉ឺនដុល្លារ និងត្រូវជួបនូវបញ្ហាផ្លូវចិត្តថែមទៀត។
ម៉ាដាម ឆដា ថាការបង្ហោះរបស់ខ្លួនជាមួយនឹងពាក្យ «មានប្រហោងក្នុង» ប្រាកដជាមានអ្នកពេញចិត្តនឹងមិនពេញចិត្ត និងទទួលស្គាល់ថា ម៉ាដាម ដា មានទាំងចំណុចល្អនិងចំណុចអាក្រក់ រឿងខ្លះឆ្លាតជ្រុល រឿងខ្លះល្ងង់ជ្រុល បាត់បង់គ្រប់យ៉ាង។ អ្នកលក់អនឡាញរូបនេះបានលើកពីចំណុចខ្លះៗនៃរឿងរ៉ាវពិតខ្លះៗនៃជីវិតដែល ម៉ាដាម ដា បានជួប ខណៈបច្ចុប្បន្នមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរត្រូវលេបថ្នាំរាល់ថ្ងៃ។

មុនពេលកូវីដ ម៉ាដាម ដា មានបញ្ហាផ្ទៃក្នុងក្រុមហ៊ុនមានអ្នកកឹបកេងចំណូលប្រហែល៥០ម៉ឺនដុល្លារប្តឹងផ្តល់អស់ពេលជាយូរ។ សាងសង់អាគារផលិត cosmetic នៅប្រទេសថៃត្រូវផ្អាកកំឡុងពេលមានកូវីដ មេការសំណង់យកថ្លៃសាងសង់រត់ ។ បណ្តាក់ទុន ធ្វើគ្លីនិកកែសម្ផស្សផ្ទះបុរីជីបម៉ុង៣ល្វែងបូកចូលគ្នាដេគ័ររួចជាស្រេចរួមឱសថស្ថានមួយកន្លែងផ្អាកមិនអាចដំណើរការ(តម្លៃខ្ពស់) ផលិតឡេលាបខ្លួនដើរទីផ្សារខុសខាតអស់ជិត៨០ម៉ឺនដុល្លារ ខំស្ដារទីផ្សារឡើងមកវិញ ជួលBA ចំណាយប្រហែល២-៣ ម៉ឺន ក្នុង១ ខែ លទ្ធផលខាតដើម event ធំតារាបរទេសដូចជះលុយចោល។.png)
ម៉ាដាម ឆដា រៀបរាប់ទៀតថា ម៉ាដាម ដា បែកបាក់គ្រួសារ បាត់បង់អារម្មណ៍ក្នុងការគ្រប់គ្រងលុយសល់ប្រហែលតែ២០% គឺចាយទាំងអស់ដោយគ្មានចំណូលទើបធ្វើឱ្យគាត់ដើរដល់ចំណុចដូចរាល់ថ្ងៃនេះ។ អ្នកជំនួញរូបនេះ បានសុំចិត្តមហាជនព្រោះនាងមិនចង់បាត់បង់វត្តមាន ម៉ាដាម ដា ជាបងស្រីម្នាក់នេះទេ។ ម៉ាដាម ឆដា បន្ថែមថា «រាល់ថ្ងៃសល់តែនាងម្នាក់ ដែលអាចជួយរ៉ាប់រងបន្ទុកខ្លះៗជំនួសម៉ាដាម ដា បាន ព្រោះមនុស្សល្អៗដែលនៅជាមួយកំឡុងពេលម៉ាដាម ដា មានបានគេរត់ចោលអស់ហើយ»៕










