នារីម្នាក់ដែលជាគណនី Nina Daily ដែលស្លៀកសំលៀកបំពាក់ហាត់ប្រាណនៅប្រាសាទអង្គរវត្តបានធ្វើឱ្យសាធារណជនផ្ទុះការរិះគន់យ៉ាងខ្លាំងបានលុបវីដេអូរបស់ខ្លួនហើយបន្ទាប់ពីមហាជនរិះគន់ចាស់ដៃ។ ទោះយ៉ាងណា នារីរូបនេះមិនទាន់បានសូមទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួនតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរា។
នៅយប់ថ្ងៃទី៤ មេសា អាជ្ញាធរជាតិអប្សរា បានសេចក្តីប្រកាសអំពីការបង្ហោះរបស់ Nina Daily ដែលប៉ះពាល់ដល់តម្លៃរបស់អង្គរសម្បត្តិបេតិកភណ្ឌពិភពលោក។ អង្គរវត្ត មិនមែនត្រឹមតែជាកេតនភណ្ឌជាតិ អត្តសញ្ញាណ ជាតិ និងជាទីសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃជាសកល ជាកិត្តិយសជាតិ ដែលត្រូវបានទទួលស្គាល់ថាជា បេតិកភណ្ឌពិភពលោក។ ក្នុងន័យនេះ ការប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការរបស់ Nina Daily ជាទង្វើប្រាសចាក ទាំងតម្លៃបេតិកភណ្ឌ និងសីលធម៌ ដូចជា៖ ១- ទង្វើមិនសមស្រប ដែលយករូបភាពប្រាសាទអង្គរវត្ត មកថតផ្សព្វផ្សាយ ភ្ជាប់ជាមួយរូបភាព សម្តែងរបស់ខ្លួន។ ២- កង្វះខាតនៃសីលធម៌ផ្ទាល់ខ្លួន តាមរយៈការបង្ហាញរូបភាពប៉ះពាល់ដល់តម្លៃរមទម ចរិយា សម្បត្តិ និងភាពថ្លៃថ្នូរនៃភាពជាស្ត្រីខ្មែរ។ ៣- កង្វះខាតការគោរពចំពោះវប្បធម៌ និងប្រពៃណីជាតិ។
អាជ្ញាធរជាតិអប្សរា ក៏បានឱ្យដឹងទៀតថា ភ្លាមៗអាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់គណនីឈ្មោះ Nina Daily លុបចេញជាបន្ទាន់ និង សូមណែនាំជាបន្តឱ្យសូមទោសជាសាធារណៈចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយ ដែលប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការមិនសមស្របនេះ ក៏ដូចជាសន្យាបញ្ឈប់ការប្រព្រឹត្តនូវទង្វើខុសនឹងសីលធម៌ និងប្រពៃណីជាតិខ្មែរ តទៅទៀតនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានសំណូមពរសាធារណជនចូលរួមថែរក្សាតម្លៃបេតិកភណ្ឌជាតិ ចៀសវាងការប្រព្រឹត្តនូវសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងតម្លៃស្ត្រីខ្មែរនិងសូមកុំចែកចាយបន្តចំពោះ វីដេអូផ្សព្វផ្សាយខាងលើ។
ទោះយ៉ាងណា តាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរាបានណែនាំឱ្យម្ចាស់គណនី Nina Daily លុបនិងសូមទោសជាសាធារណជនចំពោះកំហុសឆ្គងរបស់ខ្លួន ខណៈវីដេអូនោះក៏បានលុបនៅលើបណ្តាញសង្គមរួចហើយប៉ុន្តែគណនីនេះមិនទាន់សូមទោសជាសាធារណៈឡើយ។ ម្ចាស់គណនី បានបង្ហោះថា «ការ Post មួយនេះគ្រាន់តែចង់បង្ហាញ នឹងលើកតម្កើងវិស័យកីឡាហាត់ប្រាណ និងកាយសម្បទានប៉ុន្មោះ ។ នាងខ្ញុំបានលុបវីដេអូនិងតាមសំណូមពរបងប្អូនហើយ អគុណក្នុងការ commenting នឹង គាំទ្រកន្លងមក…»៕










