ប្រទេសថៃ ៖ តាមឯកសារទស្សន៍ទាយពីប្រទេសថៃសម្រាប់ហេតុការណ៍នាថ្ងៃអនាគត គឺថៃនឹងនៅសល់ត្រឹមតែបណ្តាខេត្តភាគខាងជើង, ខេត្តខ្លះនៅភាគឦសាន និងភាគកណ្តាលផ្នែកខាងលើប៉ុណ្ណោះ ។ ខេត្តណាខនរ៉ាជសីម៉ា ឆ័យភូមិ ពេជ្របុរី ពិជិត ពិស្នុលោក សុខោទ័យ និងខេត្តតាក នឹងក្លាយជាឆ្នេរសមុទ្រ ខណៈបណ្តាខេត្តមានទីតាំងជាប់ទន្លេ ដូចជា ៖ ឧប៊ុនរ៉ាជថានី អំណាចចារឺន ម៉ុកដាហាន ណាខានផានុម និងណងខាយ នឹងលិចបាត់ក្នុងទឹកសមុទ្រ ហើយទន្លេនឹងក្លាយជាសមុទ្រ ។ រីឯខេត្តភាគកណ្តាលផ្នែកខាងក្រោម ព្រមទាំងទីក្រុងបាងកក, ភាគខាងកើត, ភាគខាងត្បូង ព្រមទាំងប្រទេសម៉ាឡេស៊ី សិង្ហបុរី នឹងទឹកលិចទាំងអស់ ។

តាំងពីទីក្រុងបាងកក រងឥទ្ធិពលរញ្ជួយដីធ្ងន់ធ្ងរពីប្រទេសមីយ៉ាន់ម៉ា ធ្វើឱ្យពលរដ្ឋថៃចាប់អារម្មណ៍ឯកសារទស្សន៍ទាយពីប្រទេសថៃ នឹងមានកើតហេតុការណ៍អ្វីខ្លះកើតឡើងនាថ្ងៃអនាគត ។ ពួកគេបារម្ភថា ការទស្សន៍ទាញនេះអាចក្លាយជាការពិត ពីព្រោះមនុស្សជាច្រើនពុំនឹកស្មានថា មានគ្រោះរញ្ជួយដីកើតឡើងនៅទីក្រុងបាងកក និងបានបំផ្លាញអគារជាច្រើនបែបនេះ ។
.png)
នាដើមខែមេសា ឆ្នាំ២០២៥ ពលរដ្ឋថៃបានចែកចាយរូបភាពក្នុងផែនទី ដែលមានលក្ខណៈស្រដៀងនឹងពស់យក្សបែរមុខមករកប្រទេសថៃ ហើយធ្វើឱ្យមានការបារម្ភថា តើប្រទេសថៃនឹងកើតគ្រោះធម្មជាតិធ្ងន់ធ្ងរម្តងទៀតឬយ៉ាងណា? ខណៈពលរដ្ឋខ្លះទៀតថា វាជាក្រពើយក្ស ហើយបើវាបង្ហាញខ្លួនក្នុងផែនទីបែបនេះ នឹងធ្វើឱ្យមនុស្សនៅទូទាំងពិភពលោក ប្រឈមនឹងគ្រោះធម្មជាតិមិនខាន មិនមែនមានតែប្រទេសថៃទេ ។

រូបភាពក្នុងផែនទីពិភពលោក ដែលមានលក្ខណៈស្រដៀងនឹងពស់យក្សបែរមុខមករកប្រទេសថៃ ត្រូវបានចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម ជាពិសេស TikTok ដែលធ្វើឱ្យមានការសន្និដ្ឋានខុសៗគ្នាពាក់ព័ន្ធនឹងគ្រោះធម្មជាតិកើតឡើងនៅថៃ បន្ទាប់ពីថៃទើបតែរងឥទ្ធិពលធ្ងន់ធ្ងរពីរញ្ជួយដីនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។
ក្រៅពីបារម្ភពីគ្រោះធម្មជាតិដោយសារការបង្ហាញខ្លួនពស់យក្សក្នុងផែនទីពិភពលោក ពលរដ្ឋជាច្រើនទៀតបានចែកចាយសង្ឃដីការបស់ព្រះសង្ឃ១អង្គ ព្រះនាមសង្វា ដែលលើកឡើងពីហេតុការណ៍កើតឡើងនាថ្ងៃអនាគតថា ប្រទេសថៃនឹងប្រឈមបញ្ហាធំៗ គឺនឹងមានទឹកជំនន់លិចលង់នៅខេត្តភាគខាងត្បូងបណ្តាលឱ្យពលរដ្ឋស្លាប់ជាច្រើននាក់ ។ ប៉ុន្តែពលរដ្ឋស្លាប់ដោយសារទឹកជំនន់នៅខេត្តភាគខាងត្បូង មិនច្រើនដូចការស្លាប់នៅទីក្រុងបាងកកទេ ពីព្រោះទីក្រុងបាងកក នឹងមានទឹកលិចលង់ខ្លាំងរហូតដល់អគារកម្ពស់៤ជាន់ ។
ហេតុនេះ សូមពលរដ្ឋត្រៀមរថយន្តទុក និងកុំប្រើប្រាស់រថយន្តចាស់ ពីព្រោះទឹកនឹងលិចខ្លាំងនៅទីក្រុងបាងកក ដោយសារមានភ្លៀងធ្លាក់ ចំនួន៧យប់ ៧ថ្ងៃ ហើយមេឃងងឹតឈឹង គ្មានពន្លឺថ្ងៃ ។ ទីក្រុងបាងកកនឹងគ្មានអគ្គិសនីប្រើប្រាស់ ប្រាក់បាតលែងមានតម្លៃ ហើយពលរដ្ឋគួរតែហាលស្រូវទុកសម្រាប់បរិភោគពេលភ្លៀងធ្លាក់នៅទីក្រុងបាងកក ៧យប់ ៧ថ្ងៃ ។ លើសពីនេះ ពេលទីក្រុងបាងកកលិចទឹកខ្លាំង ទឹកនឹងហូរមកដល់ខេត្តឈុនបុរី បណ្តាខេត្តផ្សេងៗក៏លិចលង់ដែរ ហើយពលរដ្ឋត្រូវរត់គេចពីទឹកជំនន់ ៕










