តារាសម្តែងប្រចាំប្រទេសកម្ពុជា ខាត់ វៃហាំង បានបង្ហាញថាលោកទទួលបានដំណឹងពីតារាសម្តែង ប៉ៃ តាកន ហើយបន្ទាប់ពីលោកព្យាយាមទាក់ទងទៅតារាប្រុសរូបនេះដោយព្រួយបារម្ភពីសុវត្ថិភាព។ លើសពីនេះ ប៉ៃ តាកន ក៏កំពុងដុតដៃដុតជើងក្នុងការកៀងកងថវិកាជួយជនរងគ្រោះនៅប្រទេសកំណើតរបស់ខ្លួនផងដែរ។

កាលពីយប់ថ្ងៃទី២ មេសា តារាសម្តែង ខាត់ វៃហាំង បានបង្ហាញរូបភាពនៃសារទំនាក់ទំនងរបស់លោកជាមួយនឹងតារាប្រុសមីយ៉ាន់ម៉ា ដោយតារាសម្តែងកម្ពុជារូបនេះបានបង្ហាញពីក្តីរីករាយបន្ទាប់ពី ប៉ៃ តាកន បានឆ្លើយតបសាររបស់ខ្លួនវិញខណៈដែល ប៉ៃ តាកន កំពុងតែមមាញឹកក្នុងការជួយប្រជាជនរបស់ខ្លួនក្នុងហេតុការណ៍គ្រោះរញ្ជួយដី។ ជាមួយគ្នានេះ ខាត់ វៃហាំង ក៏បានបួងសួងឱ្យប្រជាជននៅមីយ៉ាន់ម៉ា និងថៃ មានសុវត្ថិភាព។
ក្នុងសារតែតារាសម្តែង ខាត់ វៃហាំង បានបង្ហាញគឺលោកបានព្យាយាមទាក់ទងនឹងសួរសុខទុក្ខ ប៉ៃ តាកន នៅថ្ងៃអាទិត្យ ទី៣០ មីនា នៅលើគណនីបណ្តាញសង្គម Instagram ហើយទើបទទួលបានការឆ្លើយតបមកវិញថ្មីៗនេះ។ ក្នុងនោះ ខាត់ វៃហាំង បានឱ្យ ប៉ៃ តាកន រក្សាទំនាក់ទំនងជាមួយខ្លួនប្រសិនជាមានអ្វីឱ្យខ្លួនជួយ។ 
នៅលើបណ្តាញសង្គមរបស់តារាសម្តែងនិងម៉ូដែល ប៉ៃ តាកន ក៏បានបង្ហាញកាលពីថ្ងៃទី៣០ ដែរថានៅពេលមានគ្រោះរញ្ជួយដីលោកកំពុងស្ថិតនៅទីក្រុងបាងកកប្រទេសថៃក្នុងបន្ទប់ថតសំឡេង។ ក្រោយហេតុការណ៍នេះលោកបានក៏បានបរិច្ចាគថ្នាំពេទ្យ អាហារ និងទឹកស្អាតដល់ពលករមីយ៉ាន់ម៉ា ដែលរងគ្រោះរំលំអាគារនៅបាងកកផងដែរ។ នៅល្ងាចថ្ងៃទី២ មេសា ប៉ៃ តាកន ក៏បានបង្ហាញដែរថាមុនលោកឡើងយន្តហោះទៅប្រទេសមីយ៉ាន់ម៉ា អ្នកគាំទ្រថៃរបស់លោកក៏បានរួមគ្នាបរិច្ចាគក្នុងនាមជាប្រទេសជិតហើយលោកនឹងបរិច្ចាគទៅឱ្យអង្គការដែលត្រូវការជំនួយភ្លាមៗនៅពេលលោកទៅទីក្រុងយ៉ាំងហ្គោន។

គួរបញ្ជាក់ផងដែរថា តារាសម្តែង ប៉ៃតាកន និង ខាត់ វៃហាំង ធ្លាប់សម្តែងជាមួយគ្នាក្នុងខ្សែភាពយន្ត ប្រុសលក់ខ្លួន។ តារាប្រុសមីយ៉ាន់ម៉ារូបនេះគឺបានសម្តែងក្នុងខ្សែភាពយន្តជាច្រើនឱ្យផលិតកម្ម LD ហើយលោកក៏ទទួលបានការស្រលាញ់ពីហ្វេនៗកម្ពុជាផងដែរ៕










