កម្មវិធីប្រកួត Miss Supranational Cambodia 2025 បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើ ឈុំ ចាន់ដារ៉ា បេក្ខនារី MSC02 ខណៈ ស៊ីដនី ម៉ារិទ្ធ លេខសម្គាល់ MSC06 ជាកូនខ្មែរកាត់អាម៉េរិកបានជាប់លំដាប់រងទី១ក្នុងកម្មវិធី។ ការស្វែងរកម្ចាស់ជ័យលាភីសម្រាប់តំណាងជាតិប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធីនេះគឺពោរពេញដោយភាពតានតឹងដោយសារតែបេក្ខភាពសុទ្ធតែខ្លាំងៗ ខណៈនៅពេលចេញលទ្ធផលមកបានបង្កើតទៅជារឿងជជែកវែកញែក។
នៅរាត្រីថ្ងៃទី២ មេសា ឈុំ ចាន់ដារ៉ា បានគ្រងមកុដ Miss Supranational Cambodia 2025 ហើយនឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនាទឹកដីប៉ូឡូយ។ ការគ្រងមកុដរបស់ ឈុំ ចាន់ដារ៉ា គឺជាលើកទី១ក្នុងការប្រកួតប្រជែងនិងជាលើកទី២នៅក្នុងកម្មវិធីនេះដោយសារតែនាងបានទទួលតំណែងជា Miss Supranational Cambodia 2024 ក្រោមការដឹកនាំរបស់លោក អ៊ិន សុភិន ប៉ុន្តែត្រូវខកខានក្នុងការប្រកួតនៅលើឆាកអន្តរជាតិដោយសារតែមានបញ្ហាវីសារ ហើយក្រោយមកមានរឿងចម្រូងចម្រាសគ្នារវាងអ្នកទាំងពីរ។
ការវិលត្រឡប់មករកមកុដរបស់ខ្លួនវិញ ឈុំ ចាន់ដារ៉ា ទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់អ្នកស្នេហាវិស័យបវរកញ្ញាដោយនាងមានការតាំងចិត្តខ្ពស់តាំងពីដំបូងទោះបីជាជាប់ឬមិនជាប់ក្តី ប៉ុន្តែនៅវិនាទីចុងក្រោយនាងក៏ទទួលបានជ័យជម្នះក្នុងការប្រកួតនេះ។
.png)
ទន្ទឹមនឹងលទ្ធផលដែល ឈុំ ចាន់ដារ៉ា គ្រងមកុដ Miss Supranational Cambodia 2025 ក៏កើតមានការ Drama នៅលើបណ្តាញសង្គមដោយសារតែអ្នកមួយចំនួនសោកស្តាយចំពោះកូនខ្មែរកាត់អាម៉េរិកកាំង ស៊ីដនី ម៉ារិទ្ធ បានជាប់លំដាប់រងទី១ នៅក្នុងការប្រកួតនេះ ខណៈរូបនាងត្រូវបានមនុស្សជាច្រើនគិតថានាងឆ្លើយសំណួរបានល្អក្នុងចំណោមបេក្ខនារីផ្សេងទៀត។
នៅលើផ្នែកមតិយោបល់របស់សាធារណជននៅលើបណ្តាញសង្គម មានការលើកឡើងដែរថាពួកគេពេញចិត្តចំពោះបេក្ខនារី ឈុំ ចាន់ដារ៉ា ប៉ុន្តែគិតថាការឆ្លើយសំណួររបស់ ស៊ីដនី ម៉ារិទ្ធ មានឥទ្ធិពលខ្លាំងជាង។ ក្នុងនោះដែរក៏មានមតិយោបល់មួយចំនួនបានលើកឡើងទៀតថា ប្រសិនជា ស៊ីដនី ម៉ារិទ្ធ គ្រងមកុដ ចំណែកឯ ឈុំ ចាន់ដារ៉ា ជាប់លំដាប់រងទី១នៅតែកើតមានការដ្រាម៉ាដដែល៕










