នាពេលថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកំណត់ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន និងគោលការណ៍នៃអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ជាទូទៅ នៅកម្ពុជាតម្រូវឱ្យពលរដ្ឋមានអាយុយ៉ាងតិច១៥ឆ្នាំឡើង ទើបអាចមានសិទ្ធធ្វើអត្តសញ្ញាណបណ្ណ។ ហើយមានសុពលភាពរយៈពេល ១០ (ដប់) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ដោយឡែក ក្រោយពីការកែទម្រង់អត្តសញ្ញាណបណ្ណ ពលរដ្ឋដែលមានអាយុចាប់ពី ៦០ (ហុកសិប) ឆ្នាំឡើង អត្តសញ្ញាណបណ្ណរបស់ពួកគេ នឹងមានសុពលភាពអចិន្ត្រៃយ៍ ពោលមិនចាប់បាច់ធ្វើថ្មីទៀតនោះទេ។

ចំពោះអ្នកមានអាយុ១៥ ដល់ក្រោម៦០ឆ្នាំ តម្រូវឱ្យយកទៅដូរថ្មីក្នុងរយៈពេល១០ឆ្នាំម្តង។

អនុក្រឹតនេះ បង្កើតឡើងក្នុងបំណង កំណត់អំពីទម្រង់ និងព័ត៌មានដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ក្នុងគោលបំណង ដើម្បីធានាការ ចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានត្រឹមត្រូវ ស្របតាម គោលការណ៍កំណត់នៅក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម៕