ប្រទេសថៃ ៖ ក្រោយពីទីក្រុងបាងកក ប្រទេសថៃ រងឥទ្ធិពលគ្រោះរញ្ជួយដីខ្លាំងក្លាពីមីយ៉ាន់ម៉ា ដែលធ្វើឱ្យអគារចាស់ថ្មីជាច្រើនកន្លែងក្នុងទីក្រុងបាងកក មានស្នាមប្រេះ និងផ្អៀង ជាពិសេស អគារខុនដូខ្ពស់ៗ ធ្វើឱ្យពលរដ្ឋថៃលែងចង់រស់នៅទីក្រុងនេះ ។ មនុស្សជាច្រើនងាកមកចាប់អារម្មណ៍ទិញលំនៅឋាន និងខុនដូតាមបណ្តាខេត្ត ជាពិសេស ភូមិភាគឦសាន ។ វាធ្វើឱ្យលំនៅឋាន និងខុនដូភូមិភាគឦសានចាប់ផ្តើមមានទីផ្សារក្រោយរញ្ជួយដី ក្នុងនោះខេត្តខនគេន គឺជាគោលដៅចាប់អារម្មណ៍ខ្លាំងជាងគេ ។.jpg)
គ្រោះរញ្ជួយដីកើតឡើងនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យកក្រើកបណ្តាខេត្តជាច្រើនរបស់ថៃ ហើយអគារខ្ពស់ៗជាច្រើននៅទីក្រុងបាងកក មានស្នាមប្រេះ និងផ្អៀងជាបន្តបន្ទាប់ ។ រីឯអគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី ក្នុងតំបន់ចាក់តុចាក់ បានបាក់រលំទាំងស្រុងបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ បច្ចុប្បន្ន ភ្នាក់ងារសង្គ្រោះកំពុងស្វែងរកមនុស្សជាង៧០នាក់ ដែលជាប់នៅក្រោមអគារនេះ ។
ហេតុការណ៍រញ្ជួយដីនៅទីក្រុងបាងកក បានធ្វើឱ្យពលរដ្ឋថៃជាច្រើនងាកមកចាប់អារម្មណ៍ទិញលំនៅឋាន និងខុនដូនៅភូមិភាគឦសាន ពីព្រោះភូមិភាគនេះមានឱកាសកើតរញ្ជួយដីតិចតួច ឬពុំកើតរញ្ជួយដី បើធៀបនឹងភូមិភាគផ្សេងៗ ។.jpg)
លោក ឆាន់ណារ៉ុង ប៊ុរិសាក់ត្រាគូន ប្រធានកិត្តិយសសភាពាណិជ្ជកម្មខេត្តខនគេន ឱ្យដឹងថា លោកសោកស្តាយចំពោះការបាក់រលំ និងខូចខាតអគារនៅប្រទេសថៃ ប៉ុន្តែអគារជាច្រើនកន្លែងរងផលប៉ះពាល់តិចតួច ។ គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាមានឥទ្ធិពលមកលើខេត្តរបស់ថៃភាគខាងជើង, កណ្តាល រហូតដល់ទីក្រុងបាងកក ខណៈខេត្តភាគឦសានរងឥទ្ធិពលតិចតួចប៉ុណ្ណោះ ជាក់ស្តែង អគារតូច-ធំនៅខេត្តខនគេន ពុំខូចខាតដោយសាររញ្ជួយដីឡើយ ។ ដូចគ្នានេះ លំនៅឋាន និងខុនដូ ក្រោយពីការត្រួតពិនិត្យលម្អិត គឺគ្មានខូចខាតអ្វីទាំងអស់ ។
អចលនទ្រព្យនៅប្រទេសថៃ នឹងមានផលប៉ះពាល់មួយរយៈក្រោយរញ្ជួយដី ពលរដ្ឋថៃខ្លះកំពុងសម្រេចចិត្ត តើគួររស់នៅបែបណា? តើគួរបន្តរស់នៅអគារខ្ពស់ៗក្នុងទីក្រុងធំ ឬរស់នៅអគារទាបវិញ ។ ប៉ុន្តែមនុស្សមួយចំនួនទៀតគិតថា ចង់ផ្លាស់ប្តូរទីលំនៅចេញពីទីក្រុងបាងកក ហើយមករស់នៅភូមិភាគឦសាន ។ វាដូចកន្លងមក ពេលទីក្រុងបាងកកលិចទឹកខ្លាំង មនុស្សម្នាបានប្តូរទីលំនៅមកភូមិភាគឦសានច្រើនណាស់ ។ រីឯពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត អ្នកចាកចេញពីទីក្រុងបាងកក ក៏ច្រើនដែរ ពីព្រោះការរស់នៅទីក្រុងធំគ្មានសុវត្ថិភាព ។
ខនគេន គឺជាខេត្តមានទីតាំងនៅចំណុចកណ្តាលភូមិភាគឦសាន ហើយខេត្តនេះសម្បូរមន្ទីរពេទ្យ សាលារៀន និងមជ្ឈមណ្ឌលសុខភាពផ្សេងៗ ពុំចាញ់ទីក្រុងធំទេ ។ កត្តាទាំងនេះបានអំណោយផលដល់វិស័យអចលនទ្រព្យ ប៉ុន្តែវាពុំកើនឡើងខ្លាំងភ្លាមៗទេ ពីព្រោះបច្ចុប្បន្ន សេដ្ឋកិច្ចគ្រួសារនីមួយៗធ្លាក់ចុះ ហើយការទិញលំនៅឋានថ្មីពុំងាយស្រួលទេ ។
ការជ្រើសរើសទិញលំនៅឋាន ឬខុនដូ គឺពាក់ព័ន្ធនឹងប្រាក់ចំណូលគ្រួសារ ហើយក៏ត្រូវកំណត់ផែនការរយៈពេលយូរក្នុងការសម្រេចចិត្តទិញលំនៅឋាន ។ បច្ចុប្បន្ន ពុំទាន់មានគម្រោងសាងសង់លំនៅឋានថ្មីៗទេ ដោយសារកត្តាសេដ្ឋកិច្ច ប្រាក់ចំណូល ប៉ុន្តែវាជាសញ្ញាវិជ្ជមាន នាថ្ងៃអនាគត ។ នេះបើតាមការលើកឡើងរបស់លោក ឆាន់ណារ៉ុង ៕










