ប្រទេសថៃ ៖ មន្ទីរពេទ្យប៉ូលិសថៃប្រកាសថា ហេតុការណ៍គ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យអគារកំពុងសាងសង់នៅតំបន់ចាក់តុចាក់ ទីក្រុងបាងកក បាក់រលំបណ្តាលឱ្យមនុស្សស្លា.ប់ រងរបួស និងបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ។ ហេតុនេះ ដើម្បីផ្តល់ភាពងាយស្រួលក្រោយរញ្ជួយដី មន្ទីរពេទ្យសូមឱ្យសាច់ញាតិរបស់ជនរងគ្រោះដោយសារអគាររលំ ទៅពិនិត្យ DNA និងទាក់ទងសុំមើលរូបភាពបងប្អូនដែលបាត់ខ្លួន នៅវិទ្យាស្ថាន Forensic Medicine ព្រមទាំងត្រៀមអត្តសញ្ញាណប័ណ្ណ ឬឯកសារសំខាន់ៗដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ ។
Royal Thai Police បានបង្កើតមជ្ឈមណ្ឌលដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជនរងគ្រោះដោយសាររញ្ជួយដី នៅអគារវិទ្យាស្ថាន Forensic Medicine ជាន់ទី៣ ស្ថិតនៅផ្លូវអាំងរីឌូណាំងឃ្វែង តំបន់បាថុមវ៉ាន់ ទីក្រុងបាងកក ។ មជ្ឈមណ្ឌលនេះធ្វើការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨និង៣០នាទីព្រឹក រហូតដល់ម៉ោង៨យប់ ហើយអាចសាកសួរព័ត៌មានរយៈពេល២៤ម៉ោង តាមរយៈទូរស័ព្ទលេខ ៖ 0-2207-6108 ។
.png)
មន្ទីរពេទ្យប៉ូលិសថៃបញ្ជាក់ថា វិទ្យាស្ថាន Forensic Medicine នឹងធ្វើការបែប One Stop Service ដើម្បីផ្តល់ភាពងាយស្រួលដល់សាច់ញាតិជនរងគ្រោះ ក្នុងការធ្វើឯកសារ និងទំនាក់ទំនងទទួលសាកសព ។ មន្ទីរពេទ្យប៉ូលិសបានស្នើឱ្យមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធបង្កើតទីតាំងទំនាក់ទំនងជាមួយសាច់ញាតិជនរងគ្រោះ នៅអគារជាន់ទី៣ ព្រមទាំងសហការជាមួយគ្រូពេទ្យពិសោធន៍អត្តសញ្ញាណសាកសពដើម្បីទទួលបានលទ្ធផលឆាប់រហ័សបំផុត មុនពេលមន្ទីរពេទ្យប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ។
ដោយឡែក អគ្គនាយកនៃអគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ លោក ផាសាកន ប៊ុនយ៉ាឡាក បានបូកសរុបការខូចខាតទាំងអស់នៅប្រទេសថៃ គឺខេត្តចំនួន១៨ រួមទាំងទីក្រុងបាងកក បានរងផលប៉ះពាល់ដោយសាររញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ ក្រៅពីនេះ វត្ត ចំនួន៤៨, មន្ទីរពេទ្យ ចំនួន ៧៦, អគារ ចំនួន ៨, សាលារៀន ចំនួន ២៣ និងអគាររដ្ឋាភិបាល ចំនួន១៨ បានរងផលប៉ះពាល់ដោយសាររញ្ជួយដី ជាពិសេស អគារនៅទីក្រុងបាងកក ។.png)
ខេត្តរបស់ថៃ ចំនួន១៨ ដែលរងឥទ្ធិពលរញ្ជួយដីពីប្រទេសមីយ៉ាន់ម៉ា រួមមាន ៖ ខេត្តឈៀងម៉ៃ, ឈៀងរ៉ៃ, ផាកយ៉ៅ, ឡាំភូន, ឡាំប៉ាង, មេហុងសន, ព្រេ, ណាន, ពេជ្រឆាប៊ូន, ពិស្នុលោក, សុខោទ័យ, អាងថង, អយុធ្យា, ប៉ាថុមថានី, នុនថាក់បុរី, សមុទ្រប្រាកាន, សមុទ្រសាខាន និងឆ័យណាត ៕










