ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា កូនម្ចាស់អគារ Sathorn Unique Tower បានច្រានចោលព័ត៌មានថា អគារនេះលក់ដាច់ហើយ ក្នុងតម្លៃ៤,០០០លានបាត ក្រោយប្រកាសលក់ត្រឹមតែ៣ថ្ងៃ ដោយកូនម្ចាស់អគារបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ ។ អគារនេះពុំបានលក់ឡើយ ពីព្រោះអគារមានជម្លោះ និងការប្តឹងផ្តល់ជាច្រើនករណី ។

នាពេលថ្មីៗនេះ ហ្វេសប៊ុករបស់ស្ត្រីជាឈ្មួញកណ្តាលអចលនទ្រព្យម្នាក់បានប្រកាសលក់អគារ Sathorn Unique Tower កម្ពស់៤៩ជាន់ ស្ថិតនៅផ្លូវចារឺនគ្រុង ទីក្រុងបាងកក ហើយក្រោយពីឈ្មួញកណ្តាលអចលនទ្រព្យប្រកាសលក់អគាររួចមក ក៏មានព័ត៌មានថា នៅដើមខែមេសា ឆ្នាំ២០២៤ អគារនេះលក់ដាច់ហើយ ។ ឈ្មួញកណ្តាលអចលនទ្រព្យសរសេរថា ៖ «អគារ Sathorn Unique Tower លក់ដាច់ហើយក្នុងតម្លៃ៤,០០០លានបាត… សូមអរគុណអតិថិជនជាច្រើននាក់ដែលចាប់អារម្មណ៍» ។.png)
ក្រោយការផ្សព្វផ្សាយព័ត៌មានលក់អគារដាច់ លោក តាមផូត តរសុវណ្ណ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Tampote Torsuwan» បានសរសេរក្នុងបណ្តាញសង្គមថា ៖ «ថ្ងៃនេះ (ថ្ងៃទី២ ខែមេសា) មានការហៅទូរស័ព្ទចូល រហូតចង់ឆេះទូរស័ព្ទ តាំងពីមានព័ត៌មានរឿងលក់អគារមក ។ ឪពុករបស់ខ្ញុំ (ឈ្មោះ រាំងសាន់ តរសុវណ្ណ) ពុំមែនជា អ្នកប្រកាសលក់អគារទេ» ។

អគារនេះមានជម្លោះ និងមានការប្តឹងផ្តល់ជាច្រើនករណី ដូចជា ៖ ការក្លែងបន្លំផ្លូវច្បាប់, ការរឹបអូសទ្រព្យសម្បត្តិឯកជន និងករណីជាច្រើនទៀត ហើយឪពុក-ម្តាយខ្ញុំ បានតស៊ូនឹងរឿងរ៉ាវជាច្រើនអស់រយៈពេលជាង៣០ឆ្នាំហើយ បច្ចុប្បន្ន អគារនេះគ្មានអ្នកទិញ ហើយត្រូវទុកចោលដោយសារតែមនុស្សមួយក្រុម ។ ឪពុក-ម្តាយខ្ញុំ នៅតែតស៊ូរឿងក្តីរហូតមកដល់ពេលនេះ ហើយខ្ញុំជឿជាក់ថា ពួកគាត់នឹងតស៊ូក្តីបន្តទៀត ដរាបណាពួកគាត់នៅមានជីវិត ។
ការប្រកាសលក់អគារ Sathorn Unique Tower ពុំមែនឪពុកខ្ញុំជាអ្នកប្រកាសលក់ទេ ហើយគាត់ពុំបានទំនាក់ទំនងជាមួយអ្នកណាម្នាក់ពាក់ព័ន្ធនឹងអគារនេះដែរ ។ រយៈពេលចុងក្រោយនេះ ឪពុកខ្ញុំសុខភាពពុំសូវល្អ ហើយគាត់សម្រាកច្រើន ។ ដូច្នេះ សូមពិចារណាផងក្នុងការជឿជាក់លើការផ្សាយព័ត៌មាន បើបញ្ហាអគារនេះបញ្ចប់ មិនមែនវាឈរដូចវិមាន អស់រយៈពេល៣០ឆ្នាំទេ ។ នេះបើតាមការលើកឡើងរបស់កូនម្ចាស់អគារ ។

គួរបញ្ជាក់ថា ក្នុងបណ្តាញសង្គមថៃបានផ្សព្វផ្សាយថា អគារ Sathorn Unique Tower កម្ពស់៤៩ជាន់ មានទីតាំងនៅផ្លូវចារឺនគ្រុង សង្កាត់យ៉ានណាវ៉ា ខណ្ឌសាថន ទីក្រុងបាងកក បានលក់ដាច់ក្នុងតម្លៃ៤,០០០លានបាត ក្រោយពីប្រកាសលក់ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ៕










