ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រជុំដោះស្រាយបញ្ហាការជូនដំណឹងគ្រោះរញ្ជួយដី គឺប្រព័ន្ធ Cell Broadcast នឹងអាចជូនដំណឹងរញ្ជួយដីទៅគ្រប់លេខទូរស័ព្ទដៃពលរដ្ឋទាំងអស់ ប៉ុន្តែត្រូវរង់ចាំរហូតខែកក្កដា ទើបអាចប្រើប្រាស់ប្រព័ន្ធនេះ ។ បច្ចុប្បន្ន ថៃនឹងផ្ញើសារ SMS ជូនដំណឹងរញ្ជួយដីទៅទូរស័ព្ទដៃ Android ចំនួន៧០លានលេខទូរស័ព្ទ និងប្រព័ន្ធ IOS ចំនួន៥០លានលេខទូរស័ព្ទ ប៉ុន្តែការជូនដំណឹងនេះពុំទៅដល់គ្រប់ទូរស័ព្ទទាំងអស់ទេ ហើយរដ្ឋាភិបាលនឹងទំនាក់ទំនងជាមួយពលរដ្ឋតាមរយៈ Line និង Facebook ។.jpg)
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន បានដឹកនាំការប្រជុំតាមដាន និងដោះស្រាយបញ្ហាការផ្ញើសារ SMS ជូនដំណឹងរញ្ជួយដី ជាមួយមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រីបានជួបជាមួយអ្នកសារព័ត៌មាន និងសួរអ្នកសារព័ត៌មានថា តើបានទទួលសារជូនដំណឹងរញ្ជួយដីដែរឬទេ? អ្នកសារព័ត៌មានភាគច្រើនប្រាប់ថា តាំងពីកើតរញ្ជួយដីនៅថៃមក ពុំទាន់ទទួលសារជូនដំណឹងទេ សូម្បីតែសារមួយក៏គ្មានដែរ ។
លោកស្រី ផេថងថាន ថ្លែងថា លោកស្រីបានប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងឌីជីថលដើម្បីសេដ្ឋកិច្ច និងសង្គម ព្រមទាំងគណៈកម្មការផ្សព្វផ្សាយទូរទស្សន៍ និងទូរគមនាគមន៍ជាតិ ក៏ដូចជាក្រុមហ៊ុនទូរគមនាគមន៍ជាតិ (NT) ដើម្បីពិភាក្សាពីការកែលម្អចំណុចណាខ្លះ ។ ប្រព័ន្ធ Cell Broadcast (ឬការផ្ញើសារខ្លីៗពីរញ្ជួយដី) ទៅកាន់ទូរស័ព្ទដៃពលរដ្ឋ ពុំទាន់ដំណើរការនាពេលបច្ចុប្បន្នទេ ហើយត្រូវរង់ចាំរហូតដល់ខែកក្កដា ។ ហេតុនេះ បើមានរញ្ជួយដីកើតឡើងទៀតនៅមុនខែកក្កដា ឬរញ្ជួយដីកើតឡើងមុនពេលប្រព័ន្ធ Cell Broadcast ដំណើរការ តើគួរធ្វើដូចម្តេច? .jpg)
បច្ចុប្បន្ន ប្រព័ន្ធ Cell Broadcast ពុំទាន់អាចប្រើប្រាស់បានទេ ប៉ុន្តែអាចផ្ញើសារ SMS ជូនដំណឹងរញ្ជួយដីទៅកាន់ទូរស័ព្ទដៃ Android ចំនួន៧០លានលេខទូរស័ព្ទ និងប្រព័ន្ធ IOS ចំនួន៥០លានលេខទូរស័ព្ទ ។ គណៈកម្មការផ្សព្វផ្សាយទូរទស្សន៍ និងទូរគមនាគមន៍ជាតិ បានទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Apple ដើម្បីឱ្យអ្នកប្រើប្រាស់ទូរស័ព្ទអាចទទួលសារបាន ។

ក្នុងអំឡុងពេលរង់ចាំឱ្យប្រព័ន្ធ Cell Broadcast ដំណើរការនៅខែកក្កដា ប្រទេសថៃនឹងប្រើប្រាស់ប្រព័ន្ធ Virtual Cell Broadcast (CBE) ដើម្បីផ្ញើសារជូនដំណឹងរញ្ជួយដីទៅពលរដ្ឋ ហើយអាចផ្ញើសារទៅទូរស័ព្ទ Android ចំនួន៥០លានលេខទូរស័ព្ទ ។ ក្រសួងឌីជីថលដើម្បីសេដ្ឋកិច្ច និងសង្គម និងគណៈកម្មការផ្សព្វផ្សាយ ទូរទស្សន៍ និងទូរគមនាគមន៍ជាតិ នឹងចរចាជាមួយ IOS ដើម្បីអាចប្រើប្រាស់ប្រព័ន្ធ Virtual Cell Broadcast ភ្លាមៗ ។

ការផ្ញើសារ SMS ឬប្រព័ន្ធ Cell Broadcast គឺជាវិធីមួយប៉ុណ្ណោះសម្រាប់ជូនដំណឹងរញ្ជួយដី ប៉ុន្តែរដ្ឋាភិបាលនឹងទំនាក់ទំនងជាមួយពលដ្ឋតាមរយៈបណ្តាញសង្គមផ្សេងៗ ដូចជា ៖ Line និង Facebook ព្រមទាំងផ្សាយពីរញ្ជួយដីតាមទូរទស្សន៍ពិសេសរបស់ថៃផងដែរ ។ ពេលនេះ យើងផ្ញើសារ SMS ព្រមានពីរញ្ជួយដីសិន ហើយពេលប្រព័ន្ធ Cell Broadcast ដំណើរការ យើងនឹងអាចផ្ញើសារព្រមានរញ្ជួយដីទៅគ្រប់ទូរស័ព្ទដៃពលរដ្ឋយ៉ាងឆាប់រហ័ស ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ ៕










