ពិធីស្រង់ព្រះ គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយដែលប្រព្រឹត្តិឡើងកាលពីឆ្នាំចាស់ ដើម្បីទទួលយកមកវិញនូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ក្រុមគ្រួសារ ។

ជាទូទៅ ពិធីនេះ តែងប្រារព្ធនៅក្នុងថ្ងៃវារៈឡើងស័ក ដោយពុទ្ធបរិស័ទតែងតែធ្វើឡើងនៅតាមវត្តអារាម ឬតាមផ្ទះរៀងៗខ្លួន គឺដើម្បីសុំសេចក្តីសុខចម្រើន សម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះជូនព្រះរស់។

បច្ចុប្បន្ននៅតាមវត្តអារាមមួយចំនួន ប្រាព្ធពិធីស្រង់ព្រះតាំងពីថ្ងៃពីមហាសង្ក្រាន្ត ពោលគឺថ្ងៃទី១នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ។
មានជំនឿតៗគ្នាមកយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារកាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោល ហើយយើងសាងនូវកុសលថ្មី។

ការស្រង់ព្រះនៅវត្តអារាម តម្រូវឱ្យពុទ្ធបរិស័ទទាំងអស់ ធ្វើពិធីស្រោចស្រពទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ដោយមានជំនឿតៗគ្នាថា ពិធីនេះ នឹងផ្តល់សេចក្ដីសុខ លះបង់បាបអកុសលចាស់ៗចោល និងសាងនូវកុសលថ្មី

តែយ៉ាងណាមិញ បើស្រង់ព្រះនៅវត្តហើយ កុំភ្លេចស្រង់ព្រះនៅផ្ទះផង ព្រោះផ្ទះយើងក៏មានព្រះរស់២ដែរ គឺឪពុក ម្ដាយយើងនោះហើយ៕