ប្រទេសថៃ ៖ ក្រោយកើតគ្រោះរញ្ជួយដីខ្លាំងក្លានៅទីក្រុងបាងកក ដែលធ្វើឱ្យអគារជាច្រើនកន្លែងរងផលប៉ះពាល់ ដូចជា ៖ អគារកំពុងសាងសង់នៅតំបន់ចាក់តុចាក់ បានបាក់រលំទាំងស្រុងបណ្តាលឱ្យមនុស្សស្លា.ប់ រងរបួស និងបាត់ខ្លួនជាច្រើននាក់ ធ្វើឱ្យពលរដ្ឋថៃបារម្ភពីគ្រោះរញ្ជួយដីអាចនឹងកើតឡើងជាបន្តបន្ទាប់ ។ អ្វីដែលពួកគេកាន់តែបារម្ភខ្លាំង ក្រោយពីទឹកសមុទ្រនៅខេត្តភូកេតស្រកចុះ គឺអាចជាសញ្ញាកើតរលកយក្សស៊ូណាមិ ។ ហេតុនេះ មាត់សមុទ្រនានាមានសភាពស្ងប់ស្ងាត់ ក្រោយពីភ្ញៀវទេសចរលុបចោលដំណើរកម្សាន្ត ។.jpg)
បច្ចុប្បន្ន មន្ត្រីធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍បានបង្ហាញកី្តកង្វល់ពីការបាត់បង់ចំនួនភ្ញៀវទេសចរមកលេងមាត់សមុទ្រ ។ បើទោះជាអាជ្ញាធរខេត្តភូកេត និងបណ្តាខេត្តផ្សេងទៀតដែលមានសមុទ្រ អះអាងថា សូមភ្ញៀវទេសចរកុំបារម្ភពីរលកយក្សស៊ូណាមិ ពីព្រោះការចែកចាយព័ត៌មានក្នុងបណ្តាញសង្គមពីទឹកសមុទ្រស្រកចុះ គ្រាន់តែជាព័ត៌មានក្លែងក្លាយ និងយករូបភាពចាស់ៗមកបង្ហោះប៉ុណ្ណោះ ប៉ុន្តែវាពុំបានធ្វើឱ្យភ្ញៀវទេសចរឈប់ភ័យខ្លាចទេ ។

ជាក់ស្តែង ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅសមុទ្រអាន់ដាម៉ាន់ ក្នុងខេត្តត្រាំង គឺបាត់អស់ជាងពាក់កណ្តាល ខណៈភ្ញៀវទេសចរខ្លះបានលុបចោលដំណើរកម្សាន្ត ក្រោយកើតគ្រោះរញ្ជួយដីនៅប្រទេសថៃ ។ ភ្ញៀវទេសចរពុំហ៊ានមកកម្សាន្តនៅមាត់សមុទ្រដូចមុន ដោយសារបារម្ភពីរលកយក្សស៊ូណាមិ ក្រោយពីមានការចែកចាយព័ត៌មានពីទឹកសមុទ្រស្រកក្នុងបណ្តាញសង្គម ប៉ុន្តែវាជាព័ត៌មានមិនពិត ។ នេះបើតាមការលើកឡើងរបស់អភិបាលរងខេត្តត្រាំង លោក អាណាន់ ប៊ុនសាំរ៉ាន ។
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អភិបាលរងខេត្តត្រាំង លោក អាណាន់ ប៊ុនសាំរ៉ាន បានធ្វើជាប្រធានបើកកម្មវិធីតន្ត្រីតូចមួយនៅឆ្នេរខ្សាច់រ៉ាជមង្គល ស្ថិតក្នុងស្រុកសិកៅ ខេត្តត្រាំង ហើយលោកក៏បានលើកឡើងពីស្ថានការណ៍ក្រោយគ្រោះរញ្ជួយដីកើតឡើងនៅប្រទេសថៃថា វាធ្វើឱ្យភ្ញៀវទេសចរមកលេងនៅសមុទ្រអាន់ដាម៉ាន់ លែងមានទំនុកចិត្តក្នុងការដើរកម្សាន្ត ដោយសារបារម្ភពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដី ។ លោកបានផ្តាំផ្ញើទៅអ្នកលេងបណ្តាញសង្គមថា សូមកុំបង្កការភ្ញាក់ផ្អើល ឬផ្សព្វផ្សាយព័ត៌មានមិនពិត
។
ក្រោយពីតំបន់ជាច្រើនរបស់ថៃរងឥទ្ធិពលដោយសាររញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅសមុទ្រអាន់ដាម៉ាន់ បាត់អស់ជាងពាក់កណ្តាល ។ ការបាត់បង់ចំនួនភ្ញៀវទេសចរនេះ ដោយសារពួកគេពុំជ្រាបព័ត៌មានច្បាស់លាស់ ហើយក៏មានការបារម្ភ បើភ្ញៀវទេសចរទទួលបានព័ត៌មានពិតប្រាកដ គឺពួកគេពុំបារម្ភរហូតដល់លុបចោលដំណើរកម្សាន្តទេ ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមពីទឹកសមុទ្រស្រកនេះ គឺអាចជារូបភាពចាស់ៗ ។.png)
ពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានគ្រោះរញ្ជួយដីកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែមីនា កន្លងមក ស្មើកម្រិត៧.៧រិចទ័រ នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា និងបណ្តាលឱ្យមានឥទ្ធិពលមកដល់តំបន់ភាគខាងជើង ភាគកណ្តាលប្រទេសថៃ រួមទាំងទីក្រុងបាងកក ។ ហេតុការណ៍នេះធ្វើឱ្យសមុទ្រអាន់ដាម៉ាន់ បាត់បង់ភ្ញៀវទេសចរយ៉ាងច្រើន ដោយសារការបារម្ភពីរលកយក្សស៊ូណាមិនៅសមុទ្រនេះ ។ វាជាផលប៉ះពាល់មកលើវិស័យទេសចរណ៍ថៃ ក្រោយការចែកចាយព័ត៌មានពីរលកយក្សស៊ូណាមិក្នុងបណ្តាញសង្គម ។ នេះជាការលើកឡើងរបស់អភិបាលរងខេត្តត្រាំង ។
គួរបញ្ជាក់ថា ក្រោយពីមានតំបន់ជាច្រើនរបស់ប្រទេសថៃ ជាពិសេស អគារជាច្រើនទីក្រុងបាងកក រងផលប៉ះពាល់ខ្លាំង ដូចជា ៖ អគារកំពុងសាងសង់នៅតំបន់ចាក់តុចាក់ បានបាក់រលំទាំងស្រុងដោយសារឥទ្ធិពលរញ្ជួយដីដែលកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យបារម្ភថៃបារម្ភយ៉ាងខ្លាំងពីការស្នាក់នៅអគារខុនដូក្នុងទីក្រុងបាងកក ។ លើសពីនេះ ថែមទាំងមានការចែកចាយក្នុងបណ្តាញសង្គមពីទឹកសមុទ្រនៅខេត្តភូកេតស្រេកចុះ ទើបធ្វើឱ្យដំណើរកម្សាន្តនៅតាមមាត់សមុទ្រនានាមានសភាពស្ងប់ស្ងាត់ ព្រោះបារម្ភពីរលកយក្សស៊ូណាមិ ៕










