ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការឆ្លើយតប ទៅនឹងការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជាអោយស្ថិតនៅលេខរៀងទី ១២០ នៅលើគេហទំព័រ World Population Review សម្រាប់ឆ្នាំ២០២៥ ដែលចាត់ថ្នាក់នេះ បាននាំអោយប្រទេសកម្ពុជាជាប់ឈ្មោះជាប្រទេសដែលមានកម្រិតនៃវិស័យអប់រំខ្សោយជាងគេបង្អស់ប្រចាំបណ្ដារប្រទេសនៅក្នុងអាស៊ាន។
យោងតាមការបង្ហោះ នៅលើផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹក ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញថា៖ ក្រសួងសូមធ្វើការឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលនៅក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀងទី ១២០ ក្នុងចំណោមប្រទេសនៅលើសកលលោក។ ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះ មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្រ្ត និងអាចទទួលយកបាននឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំ។
នៅក្នុងសេចក្ដីបំភ្លឺខាងលើ ក្រសួងបានលើកយកចំណុច២ធំៗមកធ្វើជាអំណះអំណាង ដើម្បីបញ្ជាក់ថា ការវាយតម្លៃនៃកម្រិតវិស័យអប់រំនៅកម្ពុជាអោយជាប់ចំណាត់ថ្នាក់លេខ ១២០ គឺជាការដែលមិនទាន់អាចទទួលយកបាននោះទេ ហើយចំណុចទាំងនោះមានអត្ថន័យដូចខាងក្រោម៖
១. ការចាត់ចំណាត់ថ្នាក់របស់ World Population Review បានធ្វើឡើងតាមរយៈការស្ទង់មតិមនុស្សរាប់ពាន់នាក់នៅទូទាំង ៧៨ប្រទេស បន្ទាប់មកដាក់ចំណាត់ថ្នាក់ប្រទេសទាំងនោះ ដោយផ្អែកលើការឆ្លើយតបនៃការស្ទង់មតិនេះ ដែលការធ្វើបែបនេះ កំពុងត្រូវបានពិនិត្យ និងច្រានចោលដោយក្រុមជំនាញរបស់ប្រទេសមួយចំនួនផងដែរ។ ជាតឹកតាង ការចាត់ចំណាត់ថ្នាក់អោយប្រទេសទីម័រខាងកើត ថាមានភាពប្រសើរជាងម៉ាឡេស៊ី គឺហាក់ផ្ទុយពីភាពជាក់ស្ដែង ព្រោះប្រទេសទីម័រខាងកើត កំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ ហើយប្រទេសទីម័រខាងកើត មិនទាន់បានចូលរួមអនុវត្តកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឡើយ ខណៈប្រទេសម៉ាឡេស៊ីវិញ បានឈានមុខទាំងផ្នែកបរិមាណ និងគុណភាពលើវិស័យអប់រំ នៅក្នុងរង្វាយតម្លៃអន្តរជាតិនៃ PISA។ មួយវិញទៀត ប្រទេសឡាវ និងទីម័រខាងកើត មិនមានភាពល្អប្រសើរជាងកម្ពុជា និងថៃនៅឡើយទេ ទាំងការអប់រំចំណេះទូទៅ និងឧត្តមសិក្សា។
២. ជាលក្ខណៈវិទ្យាសាស្រ្ត ការចំណាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិ ត្រូវធ្វើឡើងដោយពិនិត្យលើកត្តាជាច្រើនដូចជា៖ អត្រាអក្ខរកម្ម និងលទ្ធផលសិក្សា, លទ្ធភាពទទួលបានការអប់រំ, គុណភាពនៃការបង្រៀន និងកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធអប់រំ, ការវិនិយោគរបស់រដ្ឋាភិបាលក្នុងវិស័យអប់រំ, ភាពខ្លាំងនៃឧត្តមសិក្សា និងការស្រាវជ្រាវ, សមត្ថភាពប្រកួតប្រជែង និងការវាយតម្លៃពីអន្តរជាតិ ។ល។
ក្នុងន័យនេះ ក្រសួងចង់បង្ហាញថា៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបាននូវវឌ្ឍនភាពទាំងបរិមាណ និងគុណភាព។ ហើយទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមក៏នៅតែមាន ដែលទាមទារអោយភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាបន្ថែមទៀត៕










