សហរដ្ឋអាមេរិក ៖ អតីតកូនសិស្សម្នាក់ឈ្មោះ អេឡេឆា អរទីស អាយុ១៩ឆ្នាំ នៅរដ្ឋ Connecticut សហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងសាលារៀនវិទ្យាល័យរបស់ខ្លួន ករណីនាងពុំអាចអាន និងសរសេរអក្សរក្រោយបញ្ចប់ការសិក្សា ។ នាងចោទប្រកាន់ថា សាលាពុំបានយកចិត្តទុកដាក់លើការអប់រំនាងទេរយៈពេលកន្លងមក ហើយរយៈពេល១ខែ មុនពេលរៀនចប់ នាងបានស្នើឱ្យសាលាធ្វើតេស្តសមត្ថភាព ឃើញថា នាងគ្មានចំណេះដឹង ។ ទោះជាសាលាស្នើឱ្យនាងមកទទួលការបណ្តុះបណ្តាលបន្ថែមក្តី ប៉ុន្តែនាងបដិសេធជាមួយសាលា ហើយសម្រេចចិត្តដាក់ពាក្យប្តឹង ។
ការបញ្ចប់ការសិក្សានៅសាលារៀនវិទ្យាល័យរបស់រដ្ឋ និងអាចបន្តការសិក្សានៅសាកលវិទ្យាល័យបាន វាជារឿងរំភើប និងគួរឱ្យមានមោទនភាពខ្លាំងណាស់ ប៉ុន្តែកូនសិស្សម្នាក់ឈ្មោះ អេឡេឆា អរទីស (Alisha Ortiz) ពុំបានរំភើបដូចមិត្តភក្តិដទៃទេ ។ នាងបានដាក់ពាក្យប្តឹងសាលារៀនវិទ្យាល័យរដ្ឋ ក្នុងទីក្រុង Hartford រដ្ឋ Connecticut ករណីសាលាពុំយកចិត្តទុកដាក់លើការអប់រំនាង ដោយឱ្យនាងបញ្ចប់ការសិក្សា និងចូលរៀននៅសាកលវិទ្យាល័យ University of Connecticut ទាំងដែលនាងគ្មានចំណេះដឹង អត់ចេះអាន និងសរសេរអក្សរ ។.jpg)
សិស្សឈ្មោះ អេឡេឆា អរទីស និយាយថា នាងស្ទើរតែពុំអាចចាប់កាន់ប៊ិកសរសេរអក្សរបានទេ ហើយជំនាញការអានរបស់នាង គឺដូចគ្នានឹងកូនសិស្សសាលាបឋម ថ្នាក់ទី១ ។ នាងកើតនៅតំបន់ Puerto Rico ប្រទេសអេស្ប៉ាញ ហើយនាងមានបញ្ហាការរៀនសូត្រតាំងពីកុមារមកម៉្លេះ ក្រោយពីនាងមករស់នៅសហរដ្ឋអាមេរិក ពេលអាយុ៥ឆ្នាំ ។ សាលារៀន និងគ្រូពិសេសដែលបង្រៀននាង គឺស្ទើរតែពុំជួយអ្វីទាំងអស់ រហូតដល់រយៈពេល១ខែមុនបញ្ចប់ការសិក្សា នាងបានស្នើឱ្យសាលាធ្វើតេស្តសមត្ថភាព ឃើញថា នាងគ្មានចំណេះដឹង ។
មហាជនឆ្ងល់ថា បើរៀនពុំចេះបែបនេះ តើនាងអាចបញ្ចប់ការសិក្សានៅសាលារៀនវិទ្យាល័យ ហើយបន្តការសិក្សាចូលសាកលវិទ្យាល័យ University of Connecticut ដោយរបៀបណា? នាងឆ្លើយថា នាងបានប្រើប្រាស់កម្មវិធីក្នុងអ៊ីនធើរណេតដើម្បីចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ និងសរសេរអក្សរតាមការកំណត់របស់សាកលវិទ្យាល័យ ។ ប៉ុន្តែពេលចូលរៀននៅសាកលវិទ្យាល័យ នាងជួបបញ្ហា ហើយក៏ឈប់រៀននៅដើមខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីទទួលការព្យាបាលសុខភាពផ្លូវចិត្ត ហើយនាងសង្ឃឹមថា នឹងអាចចូលរៀននៅសាកលវិទ្យាល័យវិញឆាប់ៗនេះ ។
ចំណែកមូលហេតុដែលនាងដាក់ពាក្យប្តឹងសាលារៀនចាស់ ដោយសារចង់ឱ្យនាយកសាលាទទួលខុសត្រូវចំពោះបញ្ហាទាំងអស់ដែលនាងបានជួបប្រទះ ។ នាងសង្ឃឹមថា ការតស៊ូតាមផ្លូវច្បាប់នេះ នឹងជួយការពារកុំឱ្យយុវជនផ្សេងទៀតមានបញ្ហាការសិក្សាដូចនាង ៕










