ប្រទេសថៃ ៖ បន្ទាប់ពីមានបញ្ហារកាំរកូសនៅតាមតំបន់ព្រំដែនកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា កងទ័ពថៃបានរឹតបន្តឹង និងបង្កើនកម្លាំងទ័ពច្រើនខុសធម្មតា ដើម្បីការពារសុវត្ថិភាពការចេញ-ចូលនៅតំបន់ព្រំដែនថៃជាប់ប្រទេសទាំង៣ ។ ក្រៅពីនេះ កងទ័ពថៃបានដឹកជញ្ជូនសម្ភារៈទៅចែកឱ្យកងទ័ពរបស់ខ្លួន ដែលឈរជើងនៅព្រំដែនដើម្បីផ្តល់កម្លាំងចិត្ត ។
កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ប្រទេសថៃបានបង្កើនកម្លាំងកងទ័ពស៊ុរ៉ាណារី (Suranaree) ទៅការពារនៅព្រំដែនជាប់ឡាវ ក្រោយពីទទួលដំណឹងថា មានការរំលោ.ភ អធិបតេយ្យភាពថៃ ស្របពេលថៃកំពុងមានបញ្ហាព្រំដែនជាមួយមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ជាពិសេស នៅខេត្តតាក គឺកងទ័ពមីយ៉ាន់ម៉ា តែងតែល្មើសចូលទឹកដីថៃ ។
ចំណែកនៅតំបន់ព្រំដែនថៃជាប់ឡាវវិញ ក៏មានបញ្ហាដែរ នាពេលថ្មីៗនេះ កងទ័ពថៃបានសង្កេតឃើញការលួចនាំចូលសម្ភារៈខុសច្បាប់ និងថ្នាំញៀនជាច្រើនចូលមកទឹកដីថៃ ដោយសារជនខិលខូចឃើញថៃសម្រុកបញ្ជូនកម្លាំងទ័ពយ៉ាងច្រើនទៅការពារនៅព្រំដែនមីយ៉ាន់ម៉ា ។ ដូច្នេះ ថៃក៏បង្កើនកម្លាំងកងទ័ព (Suranaree) មកកាន់ព្រំដែនឡាវយ៉ាងច្រើនខុសធម្មតា ដើម្បីទប់ស្កាត់ទង្វើខុសច្បាប់របស់ក្រុមជនខិលខូច និងការរំលោភអធិបតេយ្យភាពថៃ នៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ។.png)
ក្រៅពីនេះ កងទ័ព Suranaree ក៏បានប្រគល់សម្ភារៈមួយចំនួនទៅឱ្យកងទ័ពថៃដែលឈរជើងនៅតំបន់ព្រំដែនជាប់ឡាវ ដើម្បីជារង្វាន់ និងផ្តល់កម្លាំងចិត្តឱ្យកងទ័ពប្រឹងប្រែងបំពេញតួនាទីការពារព្រំដែន ។
នៅថ្ងៃដដែល (ថ្ងៃទី២ ខែមីនា) កងទ័ពថៃ Suranaree ក៏បានសហការជាមួយទាហានឈុតខ្មៅថៃ ចុះត្រួតពិនិត្យស្ថានការណ៍នៅតាមព្រំដែននៅស្រុកភ្នំដងរែក ខេត្តសុរិន្ទ ជាប់ប្រទេសកម្ពុជាផងដែរ ក្រោយពីកើតហេតុការណ៍កងទ័ពថៃហាមពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ ។ 
ពលរដ្ឋថៃបានផ្តល់កម្លាំងចិត្តដល់កងទ័ពគ្រប់រូបឱ្យចៀសផុតពីគ្រោះថ្នាក់ និងការពារទឹកដីនៅជាប់ព្រំដែនប្រទេសទាំង៣ កុំឱ្យបាត់បង់ គឺនៅជាប់មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ។

ពលរដ្ឋថៃខ្លះបានទម្លាក់កំហុសទៅលើរដ្ឋាភិបាលថា ពុំធ្វើរបងការពារនៅតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា និងកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យច្បាស់លាស់ ពីព្រោះបច្ចុប្បន្ន បណ្តាប្រទេសជិតខាងរបស់ថៃតែងតែឆ្លៀតឱកាស ដោយសារឃើញមេដឹកនាំថៃទន់ជ្រាយ ហើយសូម្បីតែឡាវ ក៏លែងញញើតថៃ ។
នៅខែមីនានេះ ពលរដ្ឋឡាវជាច្រើនបានលួចឆ្លងដែនមកទឹកដីថៃតាមច្រកធម្មជាតិ ហើយបើគ្មានកងទ័ពថៃយាមល្បាតទេនោះ គឺពលរដ្ឋឡាវកាន់តែឆ្លងដែនខុសច្បាប់ច្រើនឡើងៗ ជាពិសេស នៅខេត្តជាប់ព្រំដែន គឺឧប៊ុនរ៉ាជថានី ។ នេះបើតាមការលើកឡើងរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គម ៕










